ជាតិ
សេដ្ឋកិច្ច
NBC បានបញ្ចេញប្រាក់២៥លានដុល្លារហើយ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ក្នុងទីផ្សារ 
×![]()
ភ្នំពេញ៖ ទឹកប្រាក់ដុល្លារចំនួន ២៥ លានដុល្លារហើយ ត្រូវបានធនាគារជាតិនៃកម្ពុជា(NBC) បញ្ចេញទៅលើទីផ្សារ តាមរយៈយន្តការដាក់ឱ្យគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់ ដេញថ្លៃ នៅក្នុងសប្តាហ៍នេះ។ នេះជាគឺទំហំប្រាក់ ដុល្លារពាក់កណ្តាល នៃប្រាក់សរុប ៥០លានដុល្លារ ដែល NBC នឹងបញ្ចេញនៅលើទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។
តាមគម្រោងរបស់ NBC ការដេញថ្លៃប្រាក់ ២៥លានដុល្លារទៀត នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ គឺប្រាក់ ១០លានដុល្លារនឹងត្រូវដាក់ដេញថ្លៃ នៅថ្ងៃទី១០ កញ្ញា និងប្រាក់ ១៥លានដុល្លារ នឹងដាក់ឱ្យដេញថ្លៃ នៅថ្ងៃទី១៥ កញ្ញា។
ប្រាក់រៀល កំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ ចំណែកប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។
ការសម្រេចអន្តរាគមន៍ដោយការបញ្ចេញសាច់ប្រាក់ដុល្លារទៅក្នុងទីផ្សារនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការផ្សេឯទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com