អន្តរជាតិ
UNICEF ថា កុមារជាង៣៣៣លាននាក់ស្ថិតក្នុងភាពក្រីក្រខ្លាំង 
×![]()
របាយការណ៍របស់ UNICEF ចេញនៅថ្ងៃទី១៣ ខែកញ្ញា ថា ជំងឺកូវីដ-១៩ បានបណ្តាលឱ្យថយចុះយ៉ាងខ្លាំងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់កុមារ។ ការថយចុះនេះបានបណ្ដាលឱ្យកុមារចំនួន៣៣៣លាននាក់រស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង។
របាយការណ៍ថ្មីដែលចេញផ្សាយដោយ UNICEF និងធនាគារពិភពលោក នៅថ្ងៃទី១៣ ខែកញ្ញា បានលើកឡើងថា ជំងឺកូវីដ-១៩ បានធ្វើឱ្យកុមារជាច្រើនលើពិភពលោកបានធ្លាប់ក្នុងស្ថានភាពក្រីក្រខ្លាំង។ លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថា កុមារម្នាក់ក្នុងចំណោមកុមារ៦នាក់លើពិភពលោក បានរស់នៅជាមួយប្រាក់ប្រមាណ២,១៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
«វិបត្តិជាច្រើនរួមបញ្ចូលគ្នាពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច បានបញ្ឈប់ការវិវឌ្ឍនៃការជួយកុមារ ហើយបានធ្វើឱ្យកុមាររាប់លាននាក់ស្ថិតក្នុងភាពក្រីក្រខ្លាំង»។ លោកស្រី Catherine Russell នាយិកាប្រតិបត្តិ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។ បើតាមលោកស្រី Catherine Russell លទ្ធផលនៃរបាយការណ៍នេះ បានជះឥទ្ធិពលដល់ការងារសម្រេចគោលដៅរបស់អង្គការសហប្រជាជាតិក្នុងការលុបបំបាត់ភាពក្រីក្របំផុតរបស់កុមារត្រឹមឆ្នាំ២០៣០។
លើសពីនេះ លោក Luis-Felipe Lopez-Calva នាយកផ្នែកភាពក្រីក្រនិងសមធម៌របស់ធនាគារពិភពលោក បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារប្រមាណ៣៣៣លាននាក់រស់នៅក្នុងភាពក្រីក្រខ្លាំង ហើយបានបាត់បង់សិទ្ធិជាមូលដ្ឋាន សេចក្តីថ្លៃថ្នូរ ឱកាស និងក្តីសង្ឃឹមផងដែរ។
របាយការណ៍នេះ បានរកឃើញថា ៤០ភាគរយនៃកុមារដែលរស់នៅអនុតំបន់សាហារ៉ាអាហ្រ្វិក កំពុងរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង ដែលជាភាគរយខ្ពស់បំផុតធៀបនឹងតំបន់ដទៃក្នុងពិភពលោក។ កំណើនប្រជាជនយ៉ាងឆាប់រហ័ស ជំងឺកូវីដ-១៩និងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានធ្វើឱ្យកុមារកាន់តែធ្លាក់ក្នុងភាពក្រីក្រជាងមុននៅអនុតំបន់សាហារ៉ាអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាតំបន់ផ្សេងទៀតក្នុងពិភពលោក។
ទន្ទឹមនឹងនេះ ធនាគារពិភពលោក និង UNICEF បានអំពាវនាវឱ្យប្រទេសនានាផ្តល់អាទិភាពដល់ការដោះស្រាយភាពក្រីក្ររបស់កុមារ និងបង្កើតវិធានការជាច្រើនរួមទាំងការពង្រីកកម្មវិធីអត្ថប្រយោជន៍កុមារជាសកលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com