អន្តរជាតិ
អាម៉េរិក កំពុងពិចារណាចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនបន្ថែមទៀត 
នាយឧត្តមនាវី John Aquilino មេបញ្ជាការកងទ័ពអាម៉េរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក។
×![]()
បន្ទាប់ពីទទួលបានសិទ្ធិប្រើមូលដ្ឋានយោធាហ្វីលីពីន៤ទៀត អាម៉េរិកកំពុងពិចារណាប្រើមូលដ្ឋានយោធានៅហ្វីលីពីនបន្ថែមទៀត។ ប្រមុខកងទ័ពអាម៉េរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នាយឧត្តមនាវី John Aquilino លើកឡើងថា យោធាអាម៉េរិកអាចត្រូវបានផ្តល់សិទ្ធិចូលទៅកាន់មូលដ្ឋានជាច្រើនទៀតនៅហ្វីលីពីនក្រោមកិច្ចព្រមព្រៀងការពារជាតិរវាងភាគីទាំងពីរ។
អំឡុងទស្សនកិច្ចនៅរដ្ឋធានីម៉ានីល នាយឧត្តមនាវី John Aquilino មេបញ្ជាការយោធាឥណ្ឌូប៉ាស៊ីហ្វិកនៃកងទ័ពអាម៉េរិក និយាយថា លោក និងប្រមុខយោធាហ្វីលីពីន ឧត្តមសេនីយ៍ Romeo Brawner បានពិភាក្សាអំពីការពង្រីកមូលដ្ឋានដែលកងកម្លាំងអាម៉េរិកអាចចូលប្រើប្រាស់បានក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) និងបានផ្ដល់អនុសាសន៍នេះដល់មេដឹកនាំប្រទេសទាំងពីរ។
បច្ចុប្បន្ន យោធាអាម៉េរិក អាចប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីន៩ទៅហើយ។ ទីតាំងបន្ថែមចំនួន បួនដែលត្រូវបានអនុម័តគឺមានទីតាំងនៅជិតចំណុចក្ដៅជាមួយចិន ដោយក្នុងនោះមូលដ្ឋាន៣បែរមុខទៅទិសខាងជើងឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងមួយកន្លែងនៅជិតប្រជុំកោះ Spratlys នៃសមុទ្រចិនខាងត្បូង ទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងប្រឈមមុខគ្នាថ្មីៗនេះ។
យ៉ាងណាមិញលោក Brawner បាននិយាយថា គោលបំណងនៃ EDCA គឺលំហាត់ហ្វឹកហ្វឺន និងការឆ្លើយតបផ្នែកមនុស្សធម៌ និងគ្រោះមហន្តរាយ ដែលជាផ្នែកសំខាន់ក្នុងសម្ព័ន្ធភាពមានអាយុរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ ហើយក៏មិនទាក់ទងនឹងការគំរាម កំហែងផ្នែកសន្តិសុខក្នុងតំបន់នោះទេ។
ឯលោក Aquilino ដែលកំពុងស្ថិតនៅទីក្រុងម៉ានីលសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធា ក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរស្វែងរកការបំពេញចន្លោះផ្សេងៗនៃកិច្ចព្រមព្រៀងដើម្បីជំរុញការចែករំលែកលើផ្នែកស៊ើបការណ៍សម្ងាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com