អន្តរជាតិ
ឥណ្ឌូណេស៊ីរាយការណ៍អំពីការកើនឡើងនៃការនាំចូលអង្ករដើម្បីបំពេញស្ដុក 
×![]()
យោងតាមទីភ្នាក់ងារទិន្នន័យឥណ្ឌូណេស៊ីចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា ការនាំចូលអង្ករ មានការកើនឡើងជាលើកដំបូងក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០២៣ ខណៈដែលរដ្ឋាភិ បាលគ្រោងនឹងបំពេញស្ដុកបន្ថែមទៀត។
ក្នុងអំឡុងសន្និសីទសង្ខេបស្តីពីទិន្នន័យពាណិជ្ជកម្មប្រធានស្តីទីនៃស្ថិតិឥណ្ឌូណេស៊ី លោកស្រី Amalia Adininggar Widyasanti បាននិយាយថា ឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជាជន ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ចំនួន ២៧០ លាននាក់បាននាំចូលអង្ករចំនួន ១,៥៩ លានតោន ក្នុងខែមករាដល់ខែសីហា។ ចំនួននេះ កើនឡើងពី ២៣៧,១៤៦ តោនដែលបាននាំចូលក្នុងអំឡុង ពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រីបន្តថា ជាងពាក់កណ្តាលនៃការនាំចូលមានប្រភពមកពីថៃចំនួន ៨០២ ០០០ តោន បន្ទាប់មកគឺការនាំចូលពីវៀតណាម ៦៧៤ ០០០ តោន ឥណ្ឌា ៦៦ ០០០ តោន និងពីប៉ាគីស្ថាន ៤៥ ០០០ តោន។
«តម្លៃអង្ករពិភពលោកកំពុងកើនឡើង។ យើងចង់បង្កើនទុនបម្រុងអង្ករយុទ្ធសាស្ត្ររបស់យើង ប៉ុន្តែសូម្បីតែការនាំចូលក៏ពិបាកទទួលដែរ»។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយនៅថ្ងៃដដែល។ លោក បានបន្ថែមថាការលំបាកក្នុងការធានាអង្ករពីក្រៅប្រទេសត្រូវបានជំរុញដោយការរឹតបន្តឹងការនាំចេញដោយប្រទេសមួយ ចំនួន។
ទន្ទឹមនេះរដ្ឋាភិបាលបានចាត់ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងអាហាររដ្ឋ Bulog នាំចូលអង្ករចំនួន ២,៣ លានតោននៅឆ្នាំនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino ដែលបណ្តាលឱ្យអាកាសធាតុរីងស្ងួតនៅអាស៊ីអាគ្នេយ៍។ មន្ត្រី Bulog បាននិយាយនៅដើម សប្តាហ៍នេះថា ទោះយ៉ាងណាក៏ដោយអង្ករ ៤៥៣ ០០០ តោនមិនទាន់ត្រូវបានចុះកិច្ចសន្យា នៅឡើយ។
គួរបញ្ជាក់ថា អាកាសធាតុក្តៅនៅក្នុងតំបន់រីកលូតលាស់សំខាន់ៗនៅទូទាំងអាស៊ីបានគំរាម កំហែងដល់ការប្រមូលផលដែលជំរុញឱ្យតម្លៃស្រូវកើនឡើងដល់ទៅ ២០ ភាគរយ ដោយ ប្រទេសនាំចេញកំពូលគឺឥណ្ឌាបានកំណត់ការនាំចេញដើម្បីទប់ទល់នឹងអតិផរណា និងធានា សន្តិសុខស្បៀងសម្រាប់ប្រជាជនក្នុងស្រុក។
ទីភ្នាក់ងារអាហារជាតិបង្ហាញនៅដើមសប្តាហ៍នេះថា ការនាំចូលអង្ករសរុបរបស់ប្រទេស ឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ ២០២៣ រួមទាំងសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានគេប៉ាន់ ប្រមាណថាមានចំនួន ២,៩ លានតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com