អន្តរជាតិ
ចិនប្រាប់ឱ្យអន្តរជាតិដកទណ្ឌកម្មឯកតោភាគី ដើម្បីជួយការងារមនុស្សធម៌
16, Sep 2023 , 9:39 pm        
រូបភាព
ប្រេសិតអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun នៅថ្ងៃទី១៤ ខែកញ្ញាបានអំពាវនាវឱ្យអន្តរជាតិដកទណ្ឌកម្មឯកតោភាគីដែលខ្លួនថាខុសច្បាប់ ដើម្បីរួមគ្នាជួយកែលម្អការងារមនុស្សធម៌អន្តរជាតិឡើងវិញ។ លោក Zhang Jun លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។



ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) តំណាងអចិន្ត្រៃយ៍របស់ចិនលោក Zhang Jun បានលើកឡើងថា ការដាក់ទណ្ឌកម្មឯកតោភាគីដោយខុសច្បាប់ បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសាធារណៈនៃប្រទេសដែលពាក់ព័ន្ធក្នុងការផ្តល់សេវាមូលដ្ឋាន ដូចជាការអប់រំ និងការផ្គត់ផ្គង់ស្បៀងអាហារ និងការរំខានដល់សកម្មភាពរបស់វិស័យឯកជនក្នុងពាណិជ្ជកម្ម ការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម។ លោក Zhang Jun ប្រេសិតអចិន្ត្រៃយ៍របស់ចិនប្រចាំនៅ UN បានលើកឡើងបែបនេះ មុនបន្ដថា ទង្វើនេះបានក្លាយជាឧបសគ្គដ៏ធំរារាំងកិច្ចសហប្រតិបត្តិការមនុស្សធម៌សាធារណៈ និងឯកជន។
 
«សហគមន៍អន្តរជាតិគួរតែរួមគ្នាជំរុញប្រទេសពាក់ព័ន្ធឱ្យលុបចោលជាបន្ទាន់នូវទណ្ឌកម្មឯកតោភាគី លុបបំបាត់ផលប៉ះពាល់អវិជ្ជមាន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពមនុស្សធម៌អន្តរជាតិ»។ លោក Zhang បាននិយាយបែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ។
 
លើសពីនេះ លោក Zhang ក៏បានអំពាវនាវឱ្យ សហគមន៍អន្តរជាតិគួរតែអនុវត្តលទ្ធិពហុភាគីពិតប្រាកដ លើកកម្ពស់មនុស្សធម៌អន្តរជាតិ បង្រួបបង្រួមតួអង្គទាំងអស់ រួមទាំងវិស័យសាធារណៈ ឯកជន និងសង្គមស៊ីវិល ។ បង្កើនការវិនិយោគ រួមគ្នាដោះស្រាយបញ្ហាប្រឈម និងបន្តកែលម្អស្ថានភាពមនុស្សធម៌នៅក្នុងប្រទេស និងតំបន់ពាក់ព័ន្ធ។
 
ទន្ទឹមនឹងនេះ ប្រេសិតអចិន្ត្រៃយ៍របស់ចិនប្រចាំនៅ UN ដដែលក៏បានសង្កត់ធ្ងន់ថា ប្រទេសមួយចំនួន បានយកលេសលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កាត់ផ្ដាច់ឬព្យួរជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន និងប្រទេសដទៃទៀតដែលកំពុងរងគ្រោះ។ ខណៈសកម្មភាពទាំងនេះ បានទាំងឱ្យជនស៊ីវិលស្លូតត្រង់ជួបវិបត្តិសេដ្ឋកិច្ចសង្គមកាន់តែធ្ងន់ធ្ងរឡើង។ 
 
ដោយកត់សម្គាល់ពីទិដ្ឋភាពមនុស្សធម៌ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក លោក Zhang បាននិយាយថា សាជីវកម្មពហុជាតិទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីធនធាន និងទីផ្សារនៃប្រទេសកំពុងអភិវឌ្ឍ ដូច្នេះសាជីវកម្មពហុជាតិទាំងនេះត្រូវមានទំនួលខុសត្រូវក្នុងការជួយប្រទេសពាក់ព័ន្ធឱ្យរួចផុតពីបញ្ហាមនុស្សធម៌ និងរួមចំណែកកាន់តែច្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជន និងសុខុមាលភាព។
 
ក្នុងកិច្ចប្រជុំដដែល លោក Zhang ក៏បានលើកឡើងថា ចិនបានត្រៀមខ្លួនជាស្រេច រួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីបន្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ពហុភាគី និងទ្វេភាគី ហើយបន្តផ្តល់ការគាំទ្រ និងជំនួយតាមសមត្ថភាពរបស់ខ្លួនដល់ប្រទេសដែលត្រូវការជំនួយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com