សៀមរាប៖ ជាប្រាសាទដែលនៅហាក់ដាច់ឆ្ងាយពីគេបន្ដិច តែបន្ទាយសំរ៉ែនៅតែអាចទាក់ទាញទេសចរ ចូលទៅទស្សនាគួរសម។
ភាពស្ងប់ស្ងាត់ ហ៊ុំព័ទ្ធដោយធម្មជាតិត្រឈឹងត្រឈៃ គឺជាភាពទាក់ទាញមួយផ្នែកធំ នៃប្រាសាទបន្ទាយសំរ៉ែ ក្រៅពីក្បួរក្បាច់រចនាផ្សេងៗ។ ភ្ញៀវទេសចរអាចទៅទស្សនាប្រាសាទនេះបាន ដោយធ្វើដំណើរឆ្លងកាត់ភូមិព្រះដាក់ កាត់តាមភូមិអូរទទឹង ហួសដីទួលខ្នងបារាយណ៍ខាងកើតបន្ដិច ឬស្ថិតនៅទល់មុខសាលាបឋមសិក្សាបន្ទាយសំរ៉ែតែម្ដង។
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទនេះមានលំហូរភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ គឺមានចន្លោះពី១០០ទៅ២០០នាក់ ក្នុងមួយថ្ងៃ។ ដ្បិតជាផ្លូវមមាញឹក ឬជាខ្សែផ្លូវភ្ជាប់វង់ទស្សនាជាមួយប្រាសាទបន្ទាយស្រី ធ្វើឱ្យបន្ទាយសំរ៉ែ តែងទទួលបានភ្ញៀវទេសចរមិនដាច់ឡើយ។

លោក សៀន បណ្ឌិត ពន្យល់ដូច្នេះថា៖« ភ្ញៀវទេសចរមួយចំនួនចូលទស្សនាប្រាសាទបន្ទាយសំរ៉ែរួច ទើបទៅចេញប្រាសាទបន្ទាយស្រី ជួនកាលគាត់ទៅប្រាសាទបន្ទាយស្រីរួច ទើបចូលមកប្រាសាទបន្ទាយសំរ៉ែ»។
ក្រៅពីរចនាបថ ក្បួរក្បាច់ចម្លាក់ផ្សេងៗ ផ្នែកជាច្រើននៃប្រាសាទនេះនៅមានសភាពល្អ ដូចជាជញ្ជាំងថ្មបាយក្រៀម កំពូលដូចប្រាសាទអង្គរវត្ត កម្រាល និងបង្កាន់ដៃនាគជាដើម។ ប្រាសាទនេះក៏មានផ្នូរបុរាណមួយតម្កល់នៅផ្នែកខាងក្នុង ដែលគេអាចឃើញពេលចូលតាមច្រកខាងកើត ទៅបន្ដិច។
លោក ឡុង ណារី អ្នកអភិរក្សថ្មប្រចាំប្រាសាទបន្ទាយសំរ៉ែ ក៏កត់សម្គាល់ពីភាពអស្ចារ្យនៃប្រាសាទ នេះដែរ។ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ លោក ណារី យល់ថា ប្រាសាទនេះតូច កសាងដំណាលគ្នាទៅនឹងប្រាសាទអង្គរវត្តក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ តែបន្ទាយសំរ៉ែសង់នៅលើដីរាប។ ចំណែករានហាលខាងមុខច្រកចូលខាងកើត មានលម្អដោយបង្កាន់ដៃនាគដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ។ ក្រៅពីនោះ ក្បូរក្បាច់រូបចម្លាក់តាមផ្ដែ និងហោជាងគឺនៅល្អ ដែលរៀបរាប់ពីសាច់រឿងបែប ទេវកថា។

លោក ណារី ក៏សម្គាល់ឃើញថា ប្រាសាទបន្ទាយសំរ៉ែមានសភាពស្ងប់ស្ងាត់ល្អ ដែលអាចឱ្យអ្នកទស្សនា រីករាយ រំសាយអារម្មណ៍តានតឹងមួយផ្នែកផងដែរ។
ចំពោះការដើរទស្សនាវិញ លោក សៀន បណ្ឌិត រៀបរាប់ថា ភ្ញៀវទេសចរមួយចំនួនចូលប្រាសាទនេះតាមច្រកខាងជើង តែលោកលើកទឹកចិត្តឱ្យចូលតាមច្រកខាងកើត ដែលជាច្រកខាងមុខ ដ្បិតវារៀបរាប់សាច់រឿងតាមលំដាប់ លំដោយបានលម្អិត។ ប្រាសាទនេះស្ងប់ស្ងាត់ល្អ ដ្បិតនៅរៀងឆ្ងាយពីផ្លូវ និងហ៊ុំព័ទ្ធដោយដើមឈើតូចធំខ្ពស់ៗ ហើយបរិវេណប្រាសាទនេះក៏មានភាពអំណោយផលសម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ។ នេះជាការរៀបរាប់របស់លោក សៀន បណ្ឌិត។
លោក បណ្ឌិត បន្ថែមថា៖« ពេលចូលមកភ្ញៀវមាន២ប្រភេទ ដែលមួយមានមគ្គុទ្ទេសក៍ និងមួយទៀតអត់មគ្គុទ្ទេសក៍ គឺចូលមកមើលអ្វីដែលគាត់មើលឃើញ គឺចូលពីជើង ចូលច្រកហ្នឹងតែម្ដង ដើរជុំវិញតាមអារម្មណ៍ដែលគាត់ចង់ តែសម្រាប់ភ្ញៀវដែលគាត់មានមគ្គុទ្ទេសក៍ គឺគាត់ចាប់ផ្តើមចូលច្រកខាងកើត ព្រោះសាច់រឿងប្រាសាទរៀបរាប់ពីខាងកើតទៅ តាមបែបបទពីដើមដល់ចប់»។
ជាមួយគ្នានេះ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះលើកទឹកចិត្តដល់ភ្ញៀវទេសចរគួរមកទស្សនាប្រាសាទបន្ទាយសំរ៉ែ ជាប្រាសាទដែលស័ក្ដិសមសម្រាប់ទេសចរដែលធុញទ្រាន់នឹងភាពអ៊ូអរ។ ប្រាសាទនេះនឹងអាចផ្តល់បទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរផងដែរ៕