អន្តរជាតិ
អ៊ីរ៉ង់ នឹងបានលុយ៦ពាន់លានដុល្លារដែលកូរ៉េខាងត្បូងផ្អឹបទុក ក្រោយផ្លាស់ប្ដូរអ្នកទោសជាមួយអាម៉េរិក 
×![]()
អាម៉េរិក និងអ៊ីរ៉ង់នៅថ្ងៃទី១៨ ខែកញ្ញា បានផ្លាស់ប្តូរអ្នកទោសគ្នាទៅមក ដែលជាជំហានមួយក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ការផ្លាស់ប្ដូរអ្នកទោសនេះ ធ្វើឡើងមុនការធ្វើដំណើររបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ទៅទីក្រុងញូវយ៉កដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ជនជាតិអាម៉េរិកចំនួន ៥ នាក់ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ដោះលែង និងអនុញ្ញាតឱ្យធ្វើដំណើរចាកចេញពីប្រទេសទៅកាន់កាតាក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអាម៉េរិក។ បុគ្គលទាំងរូបត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ផ្លាស់ប្តូរពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះកាលពីខែសីហា ដែលជាជំហានដំបូងក្នុងកិច្ចព្រមព្រៀង។
បុគ្គលទាំង ៥ ទៅដល់ទៅទីក្រុងវ៉ាស៊ីនតោនហើយ។
«ថ្ងៃនេះ ជនជាតិអាម៉េរិកស្លូតត្រង់៥នាក់ ដែលត្រូវជាប់ពន្ធនាគារនៅអ៊ីរ៉ង់ ទីបំផុតបានត្រលប់មកផ្ទះវិញ»។ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស កាតា អូម៉ង់ និងកូរ៉េខាងត្បូងដែលជួយសម្របសម្រួលដល់កិច្ចចរចាកន្លងមក។
ព័ត៌មាននៃការផ្លាស់ប្តូរអ្នកទោសនេះ ត្រូវបានប្រកាសជាសាធារណៈដំបូងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញាដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អាម៉េរិកត្រូវផ្តល់ការលើកលែងទោសដល់ជនជាតិអ៊ីរ៉ង់ចំនួន៥នាក់ដែលត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មអហិង្សា។ ពីរនាក់ក្នុងចំណោមប្រាំនាក់នោះ ក៏នឹងត្រូវបញ្ជូនទៅកាតាផងដេរ។
លើសពីនេះ សេតវិមានក៏បានបញ្ជាក់ផងដែរថា អ៊ីរ៉ង់ក៏នឹងទទួលបានប្រាក់ប្រមាណ៦ពាន់លានដុល្លារដែលជាលុយលក់ប្រេងទៅឱ្យកូរ៉េខាងត្បូង តាមរយៈគណនីនៅក្នុងកាតាផងដែរ។ ការលក់នេះ បានកើតឡើងនៅពេលដែលអ៊ីរ៉ង់មិនត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការបង់ប្រាក់ត្រូវបានជាប់គាំងនៅកូរ៉េខាងត្បូងបន្ទាប់ពីមានការដាក់ទណ្ឌកម្ម។
អាម៉េរិក និងអ៊ីរ៉ង់ជួបបញ្ហាតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធកិច្ចព្រមព្រៀងពហុភាគីដែលឱ្យទីក្រុងតេអេរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com