អន្តរជាតិ
៩ខែ ថៃទទួលភ្ញៀវទេសចរបរទេស១៩លាននាក់ 
×![]()
ថៃបានកត់ត្រាភ្ញៀវទេសចរបរទេសចំនួន១៩លាននាក់ចាប់ខែខែមករាដល់ខែថ្ងៃទី១៧ ខែកញ្ញាក្នុងឆ្នាំ ២០២៣ ដែលជាចំនួនច្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍ថៃនៅថ្ងៃទី១៩ ខែកញ្ញា។
ចំនួនភ្ញៀវទេសចរបរទេស១៩លាននាក់ដែលថៃទទួលបាននេះ បង្កើតជាប្រាក់ចំណូលចូលប្រទេសរហូតដល់២២,២៦ពាន់លានដុល្លារ។
«ស្ថានភាពទេសចរណ៍នៅថៃកំពុងបង្ហាញសញ្ញាប្រសើរឡើង»។ សេចក្ដីថ្លែងការណ៍របស់ក្រសួងទេសចរណ៍ថៃបានសម្គាល់បែបនេះរួចបន្តថាការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ជនជាតិចិននឹងផ្តល់ការជំរុញដល់វិស័យទេសចរណ៍នេះបន្ថែមទៀត។
ថៃក៏រំពឹងការទៅដល់នៃភ្ញៀវទេសចរបរទេសថែមទៀត ស្របពេលរដូវកាលមមាញឹកផ្នែកទេសចរណ៍កើតមានក្នុងសប្តាហ៍នេះជាមួយនឹងថ្ងៃឈប់សម្រាកដ៏វែងនៅក្នុងប្រទេសនានាមានម៉ាឡេស៊ី និងជប៉ុន។
វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថៃ។ រដ្ឋាភិបាលទីក្រុងបាងកករំពឹងថានឹងមានអ្នកដំណើរចំនួន២៨លាននាក់នៅឆ្នាំនេះ។ កាលពីឆ្នាំ២០១៩ មុនផ្ទុះជំងឺកូវីដ-១៩ ថៃទទួលភ្ញៀវទេសចរបរទេស៣៩លាននាក់ក្នុងនោះមាន១១លាននាក់ទៅពីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com