អន្តរជាតិ
ប្រមុខUN ព្រមានថា ប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចពិភពលោក កំពុងរំកិលទៅរកការបែកបាក់ 
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី១៩ ខែកញ្ញា។ រូបភាព UN
×![]()
ថ្លែងបើកកិច្ចប្រជុំមហាសន្និបាត លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៩ ខែកញ្ញា បានលើកឡើងពីបញ្ហាជាច្រើនដែលពិភពលោក កំពុងជួបប្រទះ ដោយក្នុងនោះ រួមមានវិបត្តិស្បៀងអាហារ សង្រ្គាម អស្ថិរភាព និងជំងឺឆ្លងជាដើម។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការ UN បានព្រមានថា ពិភពលោក កំពុងរំកិលកាន់តែជិតនឹងភាពបាក់បែកនៃប្រព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម។
ផ្ដើមសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅ (General Debate) របស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ អគ្គលេខាធិការ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងពីបញ្ហាប្រឈមជាច្រើន ដែលពិភពលោកកំពុងតែប្រឈមដោយមាននោះមានចាប់ពីជំងឺឆ្លង រហូតដល់សង្រ្គាម និងបញ្ហាសេដ្ឋកិច្ចផង។
ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ៗថា ពិភពលោកកំពុងតែខិតទៅជិតនៃភាពបាក់បែកក្នុងប្រព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម ខណៈវាមានការគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត តាមរយៈបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ដែលតម្រូវឱ្យមានការធ្វើកំណែទម្រង់ រួមទាំងបត់បែន។
ត្រង់ចំណុចនេះ លោក ហ្គូតេរ៉េស បានយល់ឃើញថា ការធ្វើកំណែទម្រង់លើក្រុមប្រឹក្សាសន្តិសុខ និងរៀបចំឡើងវិញនូវស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធានាសុវត្ថិភាពដល់ប្រទេសក្នុងអភិវឌ្ឍ។ បើតាមប្រមុខ UN វាដល់ពេលហើយ ដែលតម្រូវឱ្យមានការសម្របសម្រួលជាសកល ដោយសម្របសម្រួលទាំងផ្នែកនយោបាយ ការទូត និងភាពជាអ្នកដឹកនាំ។
មិនតែប៉ុណ្ណោះ លោក ហ្គូតេរ៉េស បានរិះគន់ជាថ្មីលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលជាទង្វើបំពានច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោកអង្គលេខាធិការ ក៏បានបង្ហាញពីក្តីបារម្ភលើការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរផង។
ក្រោយរុស្ស៊ីផ្អាកពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ប្រមុខអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា ពិភពលោកត្រូវការអាហារ ជី ពីរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានាពីសន្តិសុខស្បៀង។ ត្រង់ចំណុចនេះ លោកហ្គូតេរ៉េស បានប្តេជ្ញា ធ្វើឱ្យកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៃប្រទេសទាំងពីរ លេចរូបរាងជាថ្មី។
ចំណែកបញ្ហាបម្រែបម្រួលអាកាសធាតុវិញ ប្រមុខអង្គការសហប្រជាជាតិ បានលើកឡើងថា វានៅតែបន្តមានពេលវេលា ក្នុងការជួយទប់កំណើនសីតុណ្ណភាពត្រឹម១,៥អង្សា ដោយផ្អែកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ។ ដើម្បីអាចទប់ស្កាត់ការឡើងកម្តៅផែនដី លោក ហ្គូតេរ៉េស បានទទូចឱ្យពិភពលោកកាត់បន្ថែយការប្រើប្រាស់ធ្យូងថ្ម ប្រេង និងហ្គាស ហើយពន្លឿនការថាមពលដែលអាចកកើតថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com