ជាតិ
បាក់ឌុប
ហឹបវិញ្ញាសាបាក់ឌុបទាំងអស់ ត្រូវបានដឹកចេញទៅតាមបណ្តាខេត្ត 
ហឹបវិញ្ញាសាដែលត្រូវបានរៀបចំដាក់លើរថយន្ត ដើម្បីដឹកជញ្ជូនទៅតាមបណ្តាខេត្ត។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
×![]()
ភ្នំពេញ៖ ហឹបវិញ្ញាសាទាំងអស់ ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេសហើយ នៅព្រឹកថ្ងៃទី៣ វិច្ឆិកានេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ដូច្នេះ ដោយភ្ជាប់សារជូនពរប្រធានគណៈមេប្រយោគទូទាំងប្រទេស និងមន្ត្រីអប់រំទាំងអស់ ឱ្យនិងមានសុវត្ថិភាពតាមផ្លូវក្នុងបេសកកម្មដឹកជញ្ជូនវិញ្ញាសានេះ។
បើតាមក្រសួងអប់រំ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ ពីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរពាក់ព័ន្ធ។
នៅក្នុងដំណើរការប្រឡងនេះដែរ មានស្ថាប័នចំនួន៦ ចូលរួម ដែលមានក្រសួងមហាផ្ទៃ ក្រសួងសុខាមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការចូលរួមពីស្ថាប័នទាំងនេះ គឺក្នុងគោលបំណងរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមណ្ឌលប្រឡង និងធានាសុខភាពសម្រាប់គណៈមេប្រយោគ អ្នកពាក់ព័ន្ធនានា និងបេក្ខជនប្រឡង។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនជាង ១៣ម៉ឺននាក់ចូលរួម ក្នុងនោះបេក្ខនារីមានជាង ៧ម៉ឺននាក់។ ក្នុងចំណោមបេក្ខជនទាំងអស់មាន ថ្នាក់វិទ្យាសាស្ត្រ ប្រមាណ៣០.១ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៦៩.៩ភាគរយ។
ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕
Tag:
បាក់ឌុប២០២៣
វិញ្ញាសា
© រក្សាសិទ្ធិដោយ thmeythmey.com