ជាតិ
សេដ្ឋកិច្ច
ដើម្បីចៀសពីការពិន័យ ម្ចាស់យានយន្តត្រូវបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនឱ្យបានមុខថ្ងៃទី១ធ្នូ 
×![]()
ការប្រមូលពន្ធលើមធ្យាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី៣០វិច្ឆិកា ខណៈបច្ចុប្បន្ន ម្ចាស់យានយន្តភាគច្រើនមិនទាន់បង់ពន្ធប្រភេទនេះនៅឡើយ។ ដើម្បីចៀសវាងនូវការពិន័យ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំឭកសារជាថ្មីដល់ម្ចាស់យានយន្តទាំងអស់ត្រូវរួសរាន់បង់ពន្ធលើមធ្យាបាយដឹកជញ្ជូន ឱ្យបានមុនដំណាច់ខែនេះ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៦វិច្ឆិកា បានបញ្ជាក់ថា ចំពោះម្ចាស់យានយន្ត ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យាបាយដឹកជញ្ជូន សូមមកដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០វិច្ឆិកា ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចេញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ និងដៃគូធនាគាររបស់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាមការកំណត់នេះ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីពន្ធដារជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថភាព ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា។
រយៈពេល១០ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ១២ ៤២១ពាន់លានរៀល (ប្រមាណ ៣ ០៦៧លានដុល្លារ)។ ចំនួននេះស្មើនឹង ៨៥,៨៧ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com