ជាតិ
សង្គមជាតិ
ស.ស.យ.ក. នឹងរៀបចំខួបលើកទី៤៥ នៅថ្ងៃទី១៦ ធ្នូ 
×![]()
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំខួបលើកទី៤៥របស់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានសម្រេចរៀបចំការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៥របស់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
លោក សំហេង បុរស ប្រធានក្រុមការងាររចនា តុបតែង ផលិតសម្ភារៈផ្សព្វផ្សាយ និងរៀបចំការប្រគុំតន្ត្រី អបអរសាទរកំណើតនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងសម្រាប់ទទួលមនុស្សប្រមាណ២ម៉ឺននាក់ទាំងសមាជិកស.ស.យ.ក. និងសាធារណជនអាចចូលរួមបានដោយសេរីផងដែរ។ ក្រៅពីការប្រគុំតន្រ្តី ក៏មានការតាំងពិព័រណ៍សមិទ្ធផលនានារបស់យុវជនស.ស.យ.ក.ផងដែរ។
លោក សំហេង បុរស ប្រធានក្រុមការងាររចនា តុបតែង ផលិតសម្ភារៈផ្សព្វផ្សាយ និងរៀបចំការប្រគុំតន្ត្រី អបអរសាទរកំណើតនៃសហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងពិធីជួបជុំជាមួយសិល្បៈករសម្រាប់កម្មវិធី នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅសណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ លោក សំហេង បុរស បញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងជាការអបអរដល់យុវជនរាប់ម៉ឺននាក់ ដែលបានលះបង់ពេលវេលាជួយកិច្ចការសង្គម និងការទទួលខុសត្រូវជាមួយជាតិមាតុភូមិផងដែរ។
«អ្វីដែលយើងដាក់ចេញនូវប្រធានបទនៅពេលនេះមាន៣ដើម្បីឆ្លុះបញ្ចាំងនៅថ្ងៃនោះគឺ ភាសាបេះដូងជូនដូនតា គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និងក្ដីស្រឡាញ់សម្រាប់កម្ពុជា»។ នេះជាការលើកឡើងរបស់លោក សំហេង បុរស ប្រធានក្រុមការងាររចនា តុបតែង ផលិតសម្ភារៈផ្សព្វផ្សាយ និងរៀបចំការប្រគុំតន្ត្រី អបអរសាទរកំណើតនៃសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្តូរឈ្មោះពី សមាគមយុវជនកម្ពុជានៅឆ្នាំ២០១២ ដែលមានឋានៈជាអង្គការមិនមែនរដ្ឋាភិបាលមួយ។ តាមពិត សមាគមយុវជនកម្ពុជា មានឈ្មោះដើមជា សមាគមយុវជនសង្គ្រោះជាតិកម្ពុជាដែលត្រូវបានបង្កើតឡើងទន្ទឹមគ្នានឹងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ខែធ្នូឆ្នាំ១៩៧៨។ សហភាពសហព័ន្ធយុវជនកម្ពុជា ជាកន្លែងប្រមូលផ្ដុំយុវជនគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់ ពូជសាសន៍ សាសនា ឋានៈសង្គម និងជាពិសេសនិន្នាការនយោបាយ ដើម្បីបង្កើតជាកម្លាំងសាមគ្គីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាដែលឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ។ សហភាពសហព័ន្ធយុវជនកម្ពុជាក៏មានបេសកកម្មបណ្ដុះបណ្ដាលសមត្ថភាពយុវជនទូទាំងប្រទេស និងដឹកនាំជំរុញទឹកចិត្តឱ្យពួកគេធ្វើកិច្ចការមនុស្សធម៌ និងកិច្ចការសង្គមដោយស្ម័គ្រចិត្តផងដែរ៕

Tag:
សសយក
សហភាពសហព័ន្ធយុវជនកម្ពុជា
ខួបលើទី៤៥
© រក្សាសិទ្ធិដោយ thmeythmey.com