កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp នាំអ្នកគាំទ្រច្រៀងឈ្មោះលោក Slot គ្រូ Liverpool ថ្មី អំឡុងពិធីលាគ្នា
20, May 2024 , 9:59 pm        
រូបភាព
លោក Jurgen Klopp លាអ្នកគាំទ្រ និងសមាជិកក្រុម Liverpool នាថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីការប្រកួតសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Premier League បានបញ្ចប់។ អំឡុងពេលលាគ្នា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននាំអ្នកគាំទ្រស្រែកច្រៀងឈ្មោះលោក Arne Slot ដែលជាអ្នកជំនួសតំណែងខ្លួននៅ Anfield។



Klopp ដឹកនាំក្រុម Liverpool រយៈពេល ៨ឆ្នាំ កន្លះ បានឈានដល់ទីបញ្ចប់ ក្រោយពេលក្រុមយកឈ្នះការប្រកួតលទ្ធផល ២-០ ទល់នឹងក្រុម Wolverhampton Wanderers ក្នុងកីឡដ្ឋាន Anfield។ ២គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Alexis Mac Allister និង Jarell Quansah។ 
 
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ដឹកនាំក្រុម Liverpool យកឈ្នះការប្រកួតចំនួន ៣០៥ប្រកួត ក្នុងចំណោមការដឹកនាំចំនួន ៤៩១លើក។ 
 
លោក Arne Slot ដែលជាគ្រូបង្វឹករបស់ក្រុម Feyenoord នឹងត្រូវមកដឹកនាំក្រុមបន្តពីលោក Klopp ក្នុងកីឡដ្ឋាន Anfield រដូវកាលក្រោយ។ អំឡុងពេលក្រោយចប់ការប្រកួត និងពិធីលាគ្នារវាងលោក Klopp ជាមួយនឹងក្រុមកីឡាករ ព្រមទាំងអ្នកគាំទ្រ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបបួលកីឡាករ និងអ្នកគាំទ្រច្រៀងឈ្មោះលោក Slot ដែលជាគ្រូបង្វឹកថ្មី។
 
«អ្នកចាត់ការថ្មី ខ្ញុំចង់ច្រៀងឈ្មោះរបស់គាត់។ Arne Slot, na na na na na! នៅពេលរដូវកាលបន្ទាប់ចាប់ផ្តើម សូមចូលទៅមើលអ្នកគ្រប់គ្រងថ្មី សូមអ្នកបន្តជឿជាក់លើក្រុម។ ខ្ញុំបានឃើញមនុស្សជាច្រើនយំ ដូចជាខ្ញុំដែរ ប៉ុន្តែការផ្លាស់ប្តូរជារឿងដ៏ល្អ ប្រសិនអ្នកចាកចេញដោយអាកប្បកិរិយាត្រឹមត្រូវ ហើយអ្វីៗនិងល្អ។»។ នេះជាសម្តីរបស់ Klopp ប្រាប់ទៅអ្នកកាសែត។
 
កាលពីខែកុម្ភៈ លោក Klopp បានសម្រេចចិត្តប្រកាសចាកចេញពីតំណែង បន្ទាប់ពីបានជួយក្រុមឈ្នះពានរង្វាន់ជាច្រើនកន្លងមកទាំង Premier League ពានរង្វាន់ផ្សេងក្នុងប្រទេសអង់គ្លេស និង UEFA Champions League។
 
យ៉ាងណាលោក Arne Slot ក៏បានកាន់កាប់តំណែងក្នុងក្លិប Feyenoord ស្ថិតក្នុងការប្រកួតចុងក្រោយយកឈ្នះលើក្រុម Empathic លទ្ធផល ៤-០ មុនពេលធ្វើដំណើរផ្លាស់មកដឹកនាំក្រុម Liverpool នៅរដូវកាលក្រោយ។ ក្រុមអ្នកគាំទ្រក្លិប Liverpool និង Feyenoord  ទៀតសោតលើកផ្ទាំងបដា ស្វាគមន៍ដល់លោក Slot ចំពោះដំណើរទៅក្លិបថ្មីដោយសរសេរថា (Walk on, Walk On)។
 
អ្នកគាំទ្រ Feyenoord ក៏បានស្រែកច្រៀងឈ្មោះលោក Slot ដូចទៅនឹងការស្រែកច្រៀងឈ្មោះលោក Klopp របស់អ្នកគាំទ្រ Liverpool អំឡុងពេលលាគ្នារវាងអ្នកចាត់ការនិងក្លិបដូចគ្នានេះផងដែរ៕

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com