ជាតិ
ប្រតិបត្តិករទេសចរណ៍សៀមរាប យកថ្ងៃចុងសប្ដាហ៍រើសសំរាមតាមផ្លូវសាធារណៈ
20, May 2024 , 10:29 pm        
រូបភាព
សៀមរាប៖ ក្រុមប្រតិបត្តិការទេសចរណ៍ខេត្តសៀមរាប បានឆ្លៀតពេលចុងសប្ដាហ៍ ដើម្បី​រើសសំរាមនៅតាមដងផ្លូវនៅក្នុងក្រុងសៀមរាប។ ពួកគេយល់ថា បរិស្ថានស្អាត ក៏រួមចំណែក​ក្នុងការទាក់ទាញភ្ញៀវទេសចរ​ដែរ។

 
អ្នកធ្វើការក្នុងវិស័យទេសចរណ៍​ប្រមាណ១៥០នាក់ នៅថ្ងៃទី១៩ ខែឧសភា បានប្រមូលផ្តុំ​គ្នា នៅមុខអង្គការហ្វារខេត្តសៀមរាប ដើម្បីចុះសម្អាតបរិស្ថាននៅតាមដងផ្លូវមួយចំនួន ក្នុង​ក្រុងសៀមរាប។ ក្រុមប្រតិបត្តិករទាំងនោះយល់ថា សកម្មភាពពួកគេ​ដ្បិតតែ​ធ្វើឡើងក្នុង​ទ្រង់ទ្រាយតូច ប៉ុន្តែជាសារសំខាន់​ដើម្បីឱ្យសហគមន៍មានទម្លាប់ល្អទាក់ទងនឹងការទុកដាក់​សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលផ្ដេសផ្ដាស។
 
លោក ប៉ាត បូរី ម្ចាស់ផ្ទះធម្មជាតិ ឬ The Nature បានបង្ហាញអារម្មណ៍រីករាយជាមួយ​ក្រុមការងារ ដែលបានចូលរួមក្នុងសកម្មភាពរើសសំរាម នៅតាមដងផ្លូវសាធារណៈ។ អ្នកស្រឡាញ់បរិស្ថាន​រូបនេះ​យល់ថា ដ្បិតថាការរើសសំរាមអាចចាត់ទុកថាជារឿងតូចតាច ប៉ុន្តែវាមានប្រយោជន៍ធំធេងដល់សង្គម។ លោកបន្តថា បំណងសំខាន់នៃការងារនេះ គឺចង់ឱ្យសហគមន៍ និងប្រទេសជាតិមានភាពស្អាត។ លោក បូរី ថា៖« យើងចង់ឱ្យភូមិ​យើងស្អាត ខេត្តយើងស្អាត ប្រទេសយើងស្អាត ហើយក៏ឱ្យពិភពលោក​យើង​ស្អាតដែរ»។ 

លោក ប៉ាត បូរី

កន្លងមក The Nature បានធ្វើសកម្មភាពជាច្រើនដើម្បីបរិស្ថាន ដូចជាដាំកូនឈើ រើស​សំរាម និងសកម្មភាពបរិស្ថានផ្សេងៗមួយចំនួន។ លោក បូរី បញ្ជាក់ថា រៀងរាល់សប្ដាហ៍​លោកបានចាត់ក្រុមការងារធ្វើការនៅថ្ងៃសៅរ៍ ដើម្បីដើររើសសំរាមតាមមុខសណ្ឋាគារ និងមុខផ្ទះពលរដ្ឋ​ក្នុងភូមិ (ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ) ពីម៉ោង៧ ដល់ម៉ោង៩។ លោក​បន្ថែមថា ការងារនេះក៏ដោយសារការស្រឡាញ់បរិស្ថាន និងចង់ឱ្យខេត្តសៀមរាបដែលជា​ខេត្តទេសចរណ៍ ស្អាតគ្រប់ទីកន្លែង។ ម្យ៉ាងទៀត ការធ្វើដូច្នេះក៏ជាសារសំខាន់ ដើម្បីបណ្ដុះ​ផ្នត់គំនិតដល់ពលរដ្ឋ និងយុវជនក្រោយៗទៀតឱ្យផ្តោតលើការគិតគូរ​បរិស្ថានស្អាត​ជាចម្បងផង។ 
 
ជាអ្នកធ្វើការជាមួយបរិស្ថានច្រើនឆ្នាំមកនេះ លោក ប៉ាត បូរី មើលឃើញថា ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ និងយល់ដឹងពីបរិស្ថានជាខ្លាំង។ លោកយល់ថា ប្រសិនបើម្ចាស់អាជីវកម្មនានាសុទ្ធតែយល់ពីបញ្ហានេះ និងព្យាយាមសម្អាត ដាំដើមឈើឱ្យបានច្រើនតាមសណ្ឋាគារ និងតាមផ្លូវ នោះពិតជារួមចំណែកទាក់ទាញភ្ញៀវទេសចរ​មួយផ្នែក​ដែរ។ លោក បូរី លើកឡើងដូច្នេះថា៖« ភ្ញៀវគាត់កោតសរសើរ និងសប្បាយចិត្ត ពិសេសភ្ញៀវដែលស្រឡាញ់បរិស្ថាន ពេលគាត់ឃើញយើងធ្វើសកម្មភាពដូច្នេះ ទើបគាត់ស្នាក់នៅជាមួយយើង»។
 
ចំណែកលោក ហាប់ ហោន​ ហៅតូនី នាយកប្រតិបត្តិអង្គការហ្វារ ក៏យល់ថា ការងារនេះបានរួមចំណែកដើម្បីបរិស្ថានស្អាតនៅក្នុងក្រុងសៀមរាប និងបានបណ្ដុះផ្តត់គំនិតអ្នកចូលរួម​មួយផ្នែកផងដែរ។ លោក តូនី៖« កន្លងមកយើងតែងកៀរគរវិស័យឯកជនចូលរួម ដើម្បីបណ្ដុះផ្គត់គំនិតឱ្យ​ចូលរួម មិនចាំបាច់គ្នាច្រើនទេ គាត់អាចរៀបចំសម្អាតខាងមុខស្ថាប័នខ្លួនឯង។…ភ្ញៀវមួយចំនួនគាត់ថា ប្រសិនកន្លែងផ្សេងមានអ្នកផ្តួចផ្តើមកៀរគរក្នុងការចូលរួមបែបនេះគឺល្អ ជាពិសេសខេត្តសៀមរាប ក្រុងសៀមរាបជាប៉ូលទេសចរណ៍ សកម្មភាពមើលទៅបន្ដិចបន្តួចទេ ប៉ុន្តែវាធ្វើឱ្យមានការផ្លាស់ប្ដូរ ហើយការចូលរួមវាមានអត្ថប្រយោជន៍ក្នុងការសហគមន៍ទាំងអស់»។

លោក ហាប់ ហោន 

ដោយឡែក សម្រាប់លោក ហ៊ួក សំបាត់ តំណាង Siem Reap Shuttle Tours  យល់ថា ការសម្អាតបរិស្ថាន ដូចជារើសសំរាមតាមដងផ្លូវនេះ មានសារប្រយោជន៍ណាស់ទាំងសង្គម និងបរិស្ថាន។ លោក សំបាត់ លើកឡើងថា៖« ខ្ញុំសំណូមពរឱ្យពលរដ្ឋមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពិសេសបង្កាត់បង្រៀនក្មេងជំនាន់ក្រោយឱ្យយល់ដឹងខ្ពស់ពីបរិស្ថាន ដើម្បីបញ្ហានេះមានការផ្លាស់ប្ដូរ​ទាំងអស់គ្នា»៕

លោក ហ៊ូក សំបាត់ 
  










Tag:
 សំរាម
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com