ជាតិ
ថវិកាបានពីការដេញថ្លៃវត្ថុសិល្បៈស្ទើរតែ១០០ភាគរយ បានបរិច្ចាគព្យាបាលជំងឺ ឆាលី
20, May 2024 , 10:59 pm        
រូបភាព
ភ្នំពេញ៖ លោក ព្រហ្ម ពន្លឺ ជាឪពុករបស់កុមារ ឆាលី ថ្លែងអំណរគុណដល់អ្នកចូលរួម ទាំង​អស់ ក្នុងថ្ងៃដេញថ្លៃសិល្បៈសប្បុរសធម៌ កាលពីថ្ងៃទី១៩ ខែឧសភាម្សិលមិញ។ លោក ព្រហ្ម ពន្លឺ បានថ្លែងថាការដេញថ្លៃសិល្បៈសប្បុរសធម៌នោះ ទទួលបានលទ្ធផលល្អ លើស​ការរំពឹងទុករបស់លោក។



ពិធីដេញថ្លៃសិល្បៈសប្បុរសធម៌ និងការបង្ហាញម៉ូត ដែលធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែឧសភា ដើម្បីប្រមូលថវិកាព្យាបាលជំងឺកុមារ ឆាលី មានអ្នកចូលរួមច្រើនកុះករ ហើយ​ការលក់គំនូរក៏បានច្រើនគួរសម។ 

លោក ព្រហ្ម ពន្លឺ ជាឪពុករបស់កុមារ ឆាលី
 
គំនូរប្រមាណ៤០ផ្ទាំង ក្នុងចំណោមវិចិត្រករ២៧រូប ទាំងខ្មែរនិងបរទេស រួមទាំងសម្លៀក​បំពាក់​ច្នៃម៉ូតប្រមាណ១០ឈុត មកពីអ្នកច្នៃម៉ូត១រូប ត្រូវបានដាក់ឱ្យដេញថ្លៃ និងដាក់តាំង​សម្រាប់លក់។ គំនូរទាំងនោះ តម្លៃចាប់ពីជាង២០០ដុល្លារ រហូតដល់៣,៥០០ដុល្លារ។ ចំ​ណែកសម្លៀកបំពាក់ច្នៃម៉ូតវិញ ក៏ខ្ទង់ពាន់ដុល្លារដែរ។ គំនូរដែលលក់បាន ភាគច្រើន​បរិច្ចាគ១០០ភាគរយ សម្រាប់ ឆាលី។
 
សូមអស់លោក លោកស្រី អញ្ជើញទស្សនាវីដេអូ ស្ដីពីការដេញថ្លៃសិល្បៈសប្បុរសធម៌ ខាង​ក្រោម៖



ក្រៅពីការទិញគំនូរ និងសម្លៀកបំពាក់ច្នៃម៉ូត ក្នុងកម្មវិធីដេញថ្លៃ ក៏មានសប្បុរសជន​មួយ​ចំនួនផ្សេងទៀត បានបរិច្ចាគទឹកប្រាក់ដោយផ្ទាល់ ទៅកាន់ ឆាលី ផងដែរ។ ទោះជាយ៉ាង​ណា ឪពុករូបនេះ ពុំទាន់អាចប្រាប់ពីចំនួនទឹកប្រាក់ជាក់លាក់ ដែលទទួលបានពីការ​បរិច្ចាគ​នានា ទាំងក្នុងថ្ងៃកម្មវិធី និងអំឡុងថ្ងៃកម្មវិធីបាននៅឡើយទេនៅពេលនេះ។ ប៉ុន្តែលោកនឹងប្រកាស តាមហ្វេសប៊ុករបស់លោក នៅពេលទឹកប្រាប់បានបូក​សរុប​រួចរាល់​។
 
«កូនខ្ញុំអាចបន្តដង្ហើមបាន ក៏ដោយសារតែបងប្អូន។ ប្រាក់សឹងតែ៩០ភាគរយ គឺជាប្រាក់​របស់​មហាជន ដែលអាណិតស្រឡាញ់ ឆាលី។ ឆាលី បន្តព្យាបាល ដោយការចាក់គីមី ដូច្នេះ​ប្រាក់បានពីកម្មវិធីសប្បុរសធម៌នេះ អាចមានមួយចំនួនហើយ។ ខ្ញុំសង្ឃឹមថា ថ្ងៃ​ក្រោយនឹងមានការធ្វើកម្មវិធីបែបនេះ សម្រាប់កុមារផ្សេងៗទៀត មិនសម្រាប់តែអ្នកសិល្បៈ​ឡើយ»។ នេះជាការបញ្ជាក់របស់លោក ពន្លឺ។ 

គំនូរដែលមានតម្លៃ ៣,៥០០ដុល្លារ ត្រូវបានទិញ ហើយប្រាក់១០០ភាគរយ បរិច្ចាកសម្រាប់ ឆាលី 
 
គំនូរដាក់ដេញថ្លៃដែលនៅសល់ នៅតែបន្តលក់ និងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក របស់​លោក ព្រហ្ម ពន្លឺ រយៈពេល១ខែទៀត។ ការនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយ ស្នាដៃវិចិត្រករ​ក្នុងនិងក្រៅស្រុកផង និងដើម្បីប្រមូលប្រាក់បន្ថែម សម្រាប់ព្យាបាល ឆាលី ផង។ លោក ពន្លឺ សង្ឃឹមថា វិស័យដេញថ្លៃគំនូរ នៅក្នុងប្រទេសកម្ពុជា នឹងរីកចម្រើនដូចប្រទេសជឿន​លឿនដទៃទៀត នៅថ្ងៃខាងមុខ ព្រោះនោះបង្ហាញពីតម្លៃ នៃកិច្ចខឹតខំប្រឹងប្រែង​ និង​ភាពច្នៃប្រឌិតរបស់វិចិត្រករ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
 
បើតាមឪពុករបស់ ឆាលី ការព្យាបាលដោយប្រើគីមី អាចត្រូវការពេលប្រហែលកន្លះឆ្នាំ ទៅ​មួយឆ្នាំ ដោយទឹកប្រាក់ចំណាយប៉ាន់ស្មាន ប្រហែល៥ម៉ឺនដុល្លារ។ ទោះជាយ៉ាងណា លោក ​ថាចំនួនទឹកប្រាក់នេះ ល្អប្រសើរជាងការព្យាបាល ក្នុងដំណាក់កាលបាញ់កាំរស្មី។
 
អ្នកបង្ហាញម៉ូត ដែលស្ម័គ្រចិត្តជួយ ក្នុងកម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌ 
 
សូមបញ្ជាក់ថា កុមារ ឆាលី បានកើតជំងឹមហារីកដុំសាច់ ក្នុងខួរក្បាលត្រង់ចំណុច​បង្ហូរ​ទឹក​ខួរក្បាល កាលពីអំឡុងដើមឆ្នាំ២០២៤។ ម្ដាយឪពុក បានបញ្ជូនកូនប្រុស ទៅព្យាបាល​នៅ​ប្រទេស​ថៃ ក្រោយពួកគេបានព្យាបាលកូន ក្នុងប្រទេសកម្ពុជាបាន២ថ្ងៃ។ ការព្យាបាលដំណាក់កាលដំបូង ឆាលី ត្រូវវះកាត់ដុំសាច់មហារីកចោលសិន។ វះកាត់លើក​ទី២ នៅផ្នែកក្បាលនិងពោះ ដើម្បីដាក់ទុយយោបង្ហូរទឹកពីខួរក្បាល ចូលមកពោះ។ 
 
ការព្យាបាលដំណាក់កាលទី៣ ត្រូវបាញ់កាំរស្មីមួយតួខ្លួន ចំនួន៣០ដង ដើម្បីការពារមិនឱ្យ​ដុំ​សាច់មហារីក ដុះរាលដាលបន្ត។ ហើយដំណាក់កាលទី៣នេះហើយ ដែលត្រូវការ​ចំណាយ​ប្រាក់ អស់ច្រើនជាងគេ។ ចំណែកដំណាក់កាលទី៤ គឺការព្យាបាល ដោយប្រើ​គីមី​។ ទឹកប្រាក់ត្រូវចំណាយសរុប ម្ដាយឪពុកកុមារ ពុំទាន់អាចកំណត់ជាក់លាក់បានឡើយ ប៉ុន្តែអាចប៉ាន់ស្មាន ក្នុងរង្វង់ជាង១០ម៉ឺនដុល្លារអាមេរិក៕
 
គំនូរស្ដីពីជីវិតអ្នកធាក់ស៊ីក្ដូ ត្រូវបានទិញ
 

Tag:
 សិល្បៈ
  សប្បុរសធម៌
  ដេញថ្លៃ
  គំនូរ
 
© រក្សាសិទ្ធិដោយ thmeythmey.com