អន្តរជាតិ
នាយករដ្ឋមន្រ្តីអុីស្រាអែលផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយរដ្ឋអាជ្ញាICC ស្នើដីកាចាប់ខ្លួន
21, May 2024 , 4:03 pm        
រូបភាព
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (កណ្តាល)។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (កណ្តាល)។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan បានដាក់ពាក្យស្នើសុំដីកាចាប់ខ្លួនលោក និងរដ្ឋមន្រ្តីការពារជាតិអុីស្រាអែល។ មេដឹកនាំក្រុមហាម៉ាស៣នាក់ ក៏ស្ថិតនៅក្នុងសំណើចង់ចាប់ខ្លួននេះដែរ។

 
រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan បានដាក់សំណើសុំដីកាចាប់ខ្លួនទៅកាន់អង្គបុរេជំ​នុំជម្រះ នៅថ្ងៃទី២០ ខែឧសភា ដើម្បីស្នើចាប់ខ្លួននាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant។ 
 
រដ្ឋអាជ្ញានៃតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេ បានស្នើចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស ៣នាក់ ក្នុងនោះមានដូចជា លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាសនៅតំបន់កាហ្សា, លោក Mohammed Diab Ibrahim Al-Masri អគ្គមេបញ្ជាការយោធាក្រុមហាម៉ាស និងលោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយក្រុមហាម៉ាស។ 
 
សំណើស្នើសុំដីការចាប់ខ្លួនខាងលើ ធ្វើឡើងក្រោមបទចោទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតមានលើដែនដីអុីស្រាអែល និងតំបន់កាហ្សាចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ បើសិនបើ អង្គបុរេជំ​នុំជម្រះទទួលយកសំណើខាងលើ ថ្នាក់ដឹកនាំអុីស្រាអែល នឹងចូលរួមជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី ដែលស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន។ 
 
ការស្នើសុំចាប់ខ្លួនខាងលើ បានធ្វើឱ្យមេដឹកនាំអុីស្រាអែលខឹងសម្បារយ៉ាងខ្លាំង ខណៈមេដឹកនាំអុីស្រាអែលផ្សេងទៀត យល់ថាប្រព័ន្ធតុលាការលោកខាងលិចមួយនេះ ស្ថិតលើមាត់ជ្រោះនៃការដួលរលំ។ 
 
«ខ្ញុំសូមជំទាស់យ៉ាងខ្លាំងចំពោះរដ្ឋអាជ្ញាទីក្រុងឡាអេ ដែលប្រៀបធៀបអុីស្រាអែលប្រកបដោយប្រជាធិបតេយ្យ និងក្រុមឧក្រិដ្ឋជនហាម៉ាស»។ លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២០ ខែឧសភា។ ត្រង់ចំណុចនេះ មេដឹកនាំក្រុង Tel Aviv បានចាត់ទុកកងទ័ពអុីស្រាអែលប្រកបដោយក្រមសីលធម៌។
 
ក្រៅពីនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអុីស្រាអែល លោក Israel Katz បានរិះគន់ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាលោក​ Khanយ៉ាងខ្លាំង។ បើតាមលោក Israel Katz សំណើដីការចាប់ខ្លួន ជារឿងដ៏អាម៉ាស់ជាប្រវត្តិសាស្រ្ត និងជាសេចក្តីសម្រេចបែបបង្ខូចកេរ្តិ៍ឈ្មោះ។ ប្រមុខការទូតរូបនេះ បានសន្យាបង្កើតគណៈកម្មាធិការពិសេស ដើម្បីតទល់នឹងរដ្ឋអាជ្ញាតុលាការយុត្តិធម៌អន្តរជាតិ។ 
 
ចំណែកលោកប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog បានថ្លែងថា ពាក្យស្នើចាប់ខ្លួនខាងលើ ជាការបង្ហាញពីប្រព័ន្ធយុត្តាធិការអន្តរជាតិ ស្ថិតនៅលើមាត់ជ្រោះនៃការដួលរលំ។ 
 
ប្រសិនបើអង្គបុរេជំ​នុំជម្រះទទួលយកសំណើនោះ មេដឹកនាំអុីស្រាអែល នឹងស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនយកទៅកាន់ទោសរបស់រដ្ឋសមាជិកតុលាការចំនួន ១២៤។ ចំណែកអុីស្រាអែល មិនមែនជាសមាជិកតុលាការអន្តរជាតិមួយនេះឡើយ៕ 

Tag:
 អុីស្រាអែល
  ប៉ាឡេស្ទីន
  ICC
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com