កីឡាអន្តរជាតិ
អន្តរជាតិ
ចេញពី Brighton លោក De Zerbi រំពឹងដឹកនាំក្រុមផ្សេងនៅលីគកំពូលអង់គ្លេស
21, May 2024 , 7:29 pm        
រូបភាព
លោក Roberto de Zerbi ដែលទើបចាកចេញពីតំណែងអ្នកចាត់ការក្រុម Brighton & Hove Albion បង្ហាញក្តីសង្ឃឹមថានឹងអាចស្វែងរកការងារជាអ្នកចាត់ការក្រុមផ្សេង នៅក្នុងក្របខណ្ឌ Premier League ដដែល។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននិយាយបែបនេះ ក្រោយបញ្ចប់ការប្រកួតដែល Brighton ចាញ់ Manchester United លទ្ធផល ២-០ នៅជំនួបបិទរដូវកាល។



លោក De Zerbi បានដឹកនាំក្រុម Brighton កាលពីខែសីហា ឆ្នាំ​ ២០២២ ដោយជំនួសតំណែងលោក​ Graham Potter ដែលសម្រេចចិត្តទៅដឹកនាំក្រុម Chelsea។ 
 
បុរសវ័យ ៤៤ឆ្នាំ បានជួយឱ្យក្រុម Brighton ក្លាយជាក្រុមខ្លាំងមួយប្រចាំ Premier League ដោយការដឹកនាំដំបូងរបស់លោក ធ្វើឱ្យក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៦ និងជួយក្រុមជាប់ទៅកាន់ពានអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ 
 
សម្រាប់ការចាកចេញក្រោយផុតកំណត់កិច្ចសន្យានេះ បុរសសញ្ជាតិអ៊ីតាលីបាននិយាយថា ជាថ្ងៃដែលលំបាកក្នុងការរៀបរាប់ ប៉ុន្តែក៏ជាថ្ងៃដ៏ពិសេសសម្រាប់បទពិសោធន៍ជីវិត។
 
«វាជាថ្ងៃដ៏ពិបាកមួយ ប៉ុន្តែក៏ជាថ្ងៃពិសេសណាស់ដែរ។ ស្ថិតក្នុងការទំនាក់ទំនង វាពិតជារឿងមួយ ដែលសំខាន់បំផុតនៃបទពិសោធន៍ជីវិតរបស់ខ្ញុំ។ ពេលនេះមិនទាន់មានក្លិបណាមួយនៅឡើយ គ្មាននរណាដាក់សំណើរអ្វីទេ ពេលនេះគឺគ្មានសោះ។ ខ្ញុំរំពឹងថានឹងធ្វើការងារជាថ្មីនៅក្នុង Premier League ដដែល។ ខ្ញុំមិនដឹងទេថាពេលណា ឬទីណាឡើយ ប៉ុន្តែវាជាកិត្តិយសរបស់ខ្ញុំដែលបានធ្វើការនៅ Premier League។»។ លោក De Zerbi បាននិយាយបែបនេះ។
 
រដូវកាល ២០២៣-២៤ ក្រុម Brighton ហាក់បីធ្វើមិនសូវបានល្អដូចរដូវកាលមុន ដោយពួកគេជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ១១ ក្នុង Premier League ហើយនៅការប្រកួតពានរង្វាន់ Europa League ទៀតសោតបានត្រឹមវគ្គ ១៦ក្រុមចុងក្រោយ៕

Tag:
 Roberto De Zerbi
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com