កីឡាអន្តរជាតិ
អន្តរជាតិ
Onana ថាខ្លួនជាមួយ Fernandes, Casemiro និង Maguire សមទទួលការរិះគន់ជាងកីឡាករក្មេងៗនៅ Man Utd
21, May 2024 , 4:51 pm        
រូបភាព
អ្នកចាំទី Andre Onana របស់ក្រុម Manchester United បានលើកឡើងពីឈ្មោះកីឡាករ ៣រូប រួមមានប្រធានក្រុម Bruno Fernandes, Casemiro និងខ្សែការពារ Harry Maguire រួមទាំងខ្លួនផ្ទាល់ផង សមនឹងទទួលការរិះគន់ខ្លាំងជាងគេ ចំពោះការធ្វើមិនបានល្អរបស់ក្រុមរដូវកាលនេះ។ Onana ស្នើអ្នកគាំទ្រ និងអ្នកតាមដានវិស័យបាល់ទាត់ កុំស្តីបន្ទោសកីឡាករមានវ័យក្មេងក្នុងក្រុមបិសាចក្រហម។



ការប្រកួតចុងក្រោយក្រុម Man United បានយកឈ្នះលទ្ធផល ២-០ ទៅលើក្រុម Brighton & Hove Albion ក៏ដោយក្តី ប៉ុន្តែក៏មិនអាចកែប្រែអ្វីសម្រាប់ក្រុមដឹកនាំដោយលោក Erik ten Hag ពីការគេចចេញផុត តំណែងលេខ ៨ ជាចំណាត់ថ្នាក់អាក្រក់បំផុតមិនធ្លាប់មានពីមុនមក។ Man United អាចនឹងខកខានការប្រកួតពានរង្វាន់អឺរ៉ុប Europa League រដូវកាលក្រោយ បើសិនពួកគេប្រកួតចាញ់ Man City ក្នុងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ ខណៈពួកគេក៏បាត់ឱកាសកៅអីស្វ័យប្រវត្តិ ព្រោះតែមានចំណាត់ថ្នាក់មិនល្អនៅ Premier League។
 
បិសាចក្រហម មានការអភិវឌ្ឍនខ្លាំងកាលពីរដូវកាលមុន ដោយជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣ និងឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែរដូវកាល ២០២៣-២៤ ស្ថានការប្រែប្រួលដោយក្រុមធ្លាក់ទម្រង់លេងខ្លាំង ដែលបង្កឡើងពីបញ្ហាកីឡាកររបួសច្រើន ពេញមួយរដូវកាល។
 
លោក Ten Hag រងការរិះគន់ខ្លាំងពីក្រុមអ្នកគាំទ្រ ដ៏ដូចពីសំណាក់អតីតកីឡាករចាស់ៗពីមុន មិនតែប៉ុណ្ណោះកីឡាករជាច្រើនក៏រងការរិះគន់ដូចគ្នា។ ចំណោមការរិះគន់ទាំងនោះ អ្នកចាំទី Andre Onana ដែលផ្ទេរមកពីក្រុម Inter Milan កាលពីដើមរដូវកាល ក្នុងតម្លៃ ៤៧,២លានដុល្លារ រងការរិះគន់ខ្លាំងជាងគេដែរ។
 
នាកិច្ចសម្ភាសជាមួយកម្មវិធី The Overlap អ្នកចាំទីក្រុមបិសាចក្រហម បាននិយាយថារូបគេមិនបានខ្វាយខ្វល់ពីកម្រិតការរិះគន់ឡើយ តែគេអះអាងថាបារម្ភចំពោះការប៉ះពាល់ដល់កីឡាករក្មេងៗក្នុងក្រុម។
 
អ្នកចាំទីសញ្ជាតិកាម៉េរូន វ័យ ២៨ឆ្នាំ បាន​និយាយដូច្នេះថា៖«សម្រាប់ខ្ញុំមិនបានខ្វល់ពីការរិះគន់ឡើយ។ ខ្ញុំបានចូលមកក្រុមមួយនេះដើម្បីទទួលយកការមើលងាយទាំងអស់នេះ ព្រោះតែយើងកំពុងតែស្ថិតក្នុងការសាងសង់ក្រុម ពេលនេះយើងមិនទាន់ឈានដល់កម្រិតល្អ។ […] ខ្ញុំប្រសិនបើរឿងកាន់តែអាក្រក់ខ្លាំងឡើង សូមកុំទម្លាក់ទៅលើកីឡាករក្មេងៗ។ នៅទីនេះដើម្បីទទួលយកវា Bruno Fernandes, Casemiro និង Harry Maguire ស្ថិតក្នុងចំណោមនេះ ហើយយើងត្រូវតែទទួលយករឿងនេះ។»។
 
ទោះក្លិបស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ដោយឆ្លងកាត់ ៣៨ប្រកួត ចាញ់ ១៤ប្រកួត ក៏ដោយ ប៉ុន្តែមិនទាន់ក្លាយជាកំណត់ត្រាអាក្រក់ខ្លាំងបំផុតនៅឡើយសម្រាប់ការប្រកួត Premier League ចាប់តាំងពីក្រុមធ្វើបានល្អតាំងពីឆ្នាំ ១៩៩២ មក។ មុនការពេលក្រុមបិសាចក្រហមក្លាយជាក្រុមខ្លាំងជាងរយៈពេល ២០ឆ្នាំ រួចមកក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ រដូវកាល​ ១៩៨៩-៩០ ក្រោមការដឹកនាំរបស់លោក Alex Ferguson ធ្លាប់សិននៅចំណាត់ថ្នាក់លេខ​ ១៣ ដោយចាញ់ការប្រកួត ១៦លើក ក្នុងមួយរដូវកាល។
 
ដោយឡែក Onana នៅតែសរសើរចំពោះការដឹកនាំរបស់លោក Ten Hag ទោះក្រុមឆ្លងកាត់ការប្រកួតដ៏អាក្រក់ប្រចាំរដូវកាលក៏ដោយ។ Onana បានបញ្ជាក់ ការដឹកនាំរបស់បុរសសញ្ជាតិហូឡង់មិនខុសពីការដឹកនាំនៅក្រុម Ajax Amsterdam ឡើយ ប៉ុន្តែបញ្ហាកើតឡើង ត្រូវតែដោះស្រាយតាមដំណាក់កាល៕

Tag:
 Andre Onana
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com