កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ជឿជាក់កូនក្រុម ​Man Utd នឹងឈ្នះ FA Cup
24, May 2024 , 1:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United នៅតែបង្ហាញក្តីជឿជាក់ថាកូនក្រុមរបស់លោក នឹងឈ្នះ  Manchester City ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃទី២៥ ខែឧសភា វេលាម៉ោង ៩យប់ [ម៉ោងនៅកម្ពុជា] នៅកីឡដ្ឋាន Wembley ។



ជំនួប FA Cup វគ្គផ្តាច់ព្រ័ត្រ រវាង Man Utd ទល់នឹង Man City ត្រូវបានគេរំពឹងថានឹងក្លាយជាជំនួបចុងក្រោយបង្អស់ ដែលលោក​ Ten Hag ដឹកនាំក្រុម Man Utd ក្នុងនាមជាអ្នកចាត់ការ។ យ៉ាងណាអ្នកចាត់សញ្ជាតិហូឡង់ ប្តេជ្ញាថានឹងជួយក្រុមដណ្តើមពានឱ្យបាន ដើម្បីកែប្រែរឿងអាក្រក់ក្នុងរដូវកាល ២០២៣-២៤ ឱ្យមកជាល្អឡើងវិញ។
 
«ពេលនេះគឺគ្រប់យ៉ាងសម្រាប់តែពានរង្វាន់តែប៉ុណ្ណោះ។ យើងមានឱកាសធំធេងណាស់ ក្នុងការឈ្នះពាន។ នៅក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយមកនេះ វាសឹងតែគ្មានពានរង្វាន់ច្រើនដូចពីមុនសោះនៅក្នុងក្លិប ប៉ុន្តែយើងមានឱកាសក្នុងការឈ្នះពានរង្វាន់ ២ ក្នុងរយៈពេល ២ឆ្នាំ។»។ លោក Ten Hag បានលើកឡើងដូច្នេះក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់។
 
នៅពេលត្រូវបានក្រុមអ្នកកាសែតសួរនាំអំពីអនាគត ថាតើលោក Ten Hag ត្រូវបន្តនៅដឹកនាំ ឬក៏ចាកចេញ​ នារដូវកាលខាងមុខ។ លោក Ten Hag ហាក់បីគ្មានចម្លើយថ្លែងប្រាប់ត្រឡប់ទៅកាន់សំណួរនេះវិញឡើយ។ លោក Ten Hag បានត្រឹមតែអះអាងថា ចង់ផ្តោតលើការងារ និងជួយក្រុមឈ្នះពានតែប៉ុណ្ណោះ។
 
«ខ្ញុំគ្មានអ្វីនិយាយច្រើនទេ ខ្ញុំគ្រាន់តែផ្តោតលើការងារ ដែលខ្ញុំត្រូវធ្វើ ហើយគឺដើម្បីឈ្នះការប្រកួតនៅថ្ងៃទី២៥ នេះ។ បន្ទាប់មកយើងនឹងត្រូវស្ថិតក្នុងគម្រោងការបន្តទៀត ហើយនឹងបន្តគ្រោងការអភិវឌ្ឍក្រុមបន្តទៅមុខទៀត។ ខ្ញុំមកកាន់ទីនេះ ដើម្បីឈ្នះពាន ហើយថ្ងៃទី២៥ ខ្ញុំត្រូវតែមានឱកាសក្នុងការទទួលបានវា ហើយយើងនឹងរកបានឱកាសនេះក្នុងនាមជាក្រុមមួយ។»។ លោក Ten Hag បានឆ្លើយតបទៅអ្នកកាសែតបែបនេះ។
 
ក្រុមរហស្សនាមបិសាចក្រហមធ្លាប់បានឈ្នះពាន FA Cup ចំនួន ១២លើក ប៉ុន្តែការប្រកួតជំនួបផ្តាច់ព្រ័ត្រ ៥លើកចុងក្រោយ ពួកគេប្រកួតឈ្នះបានត្រឹមតែ ១លើក ប៉ុណ្ណោះ។ កាលឆ្នាំ ២០១៦ Man Utd យកឈ្នះលើក្រុម Crystal Palace ក្នុងម៉ោងបន្ថែមដើម្បីគ្រងតំណែងជើងឯក ហើយកាលពីរដូវកាលមុនពួកគេបានប្រកួតចាញ់ Man City លទ្ធផល ២-១ ក្នុងកីឡដ្ឋាន Wembley ម្តងមកហើយ៕

Tag:
 Erik ten Hag
  FA Cup
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com