កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ខកចិត្តចំពោះការងារនៅ Barca ដែលមិនទទួលបានការសរសើរពីថ្នាក់ដឹកនាំក្លិប
27, May 2024 , 3:42 pm        
រូបភាព
លោក​ Xavi Hernandez ដែលទើបត្រូវបានក្លិប Barcelona បញ្ចប់ពីតំណែងអ្នកចាត់ការទូទៅ បានចាកចេញដោយការខកចិត្តបំផុត បន្ទាប់ពីព្យាយាមបំពេញការងារឱ្យបានល្អ ប៉ុន្តែគ្មានការសរសើរគ្រប់គ្រាន់ពីថ្នាក់ដឹកនាំរបស់ក្លិប។ Barcelona បានបញ្ចប់រដូវកាល ២០២៣-២៤ ក្នុងចំណាត់ថ្នាក់ទី២ ក្នុងតារាង La Liga។



Xavi ដំបូងឡើយ បានចូលដឹកនាំក្រុម Barcelona ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ ជំនួសលោក Ronald Koeman នៅក្នុងឆ្នាំ ២០២១​។ កាលពីរដូវកាលមុន បុរសវ័យ ៤៤ឆ្នាំ បានជួយក្រុមឈ្នះពានលីគកំពូលអេស្ប៉ាញ លើកទី២៧ ក្នុងប្រវត្តិសាស្ត្រក្លិប។ 
 
ចំណោមការប្រកួតចំនួន ១៤២លើក ដែលអតីតកីឡាករខ្សែបម្រើប្រចាំក្រុម Barca បានដឹកនាំ ក្នុងនោះរកបានជ័យជម្នះ ៩០លើក ស្មើ ២៣លើក និងចាញ់ ២៩លើក។ ប៉ុន្តែទោះលទ្ធផលល្អច្រើនក៏ដោយ ការមិនឈ្នះពានក្នុងរដូវកាលនេះ ធ្វើឱ្យក្លិបបញ្ចប់តំណែងរបស់លោក Xavi។
 
អ្នកចាត់ការវ័យ ៤៤ឆ្នាំ ចាប់តាំងពីត្រូវក្លិបបណ្តេញចេញរួចមក បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះក្លិបដែលធ្លាប់លេងឱ្យរយៈពេល ១៧ឆ្នាំ បែរជាមិនសូវផ្តល់តម្លៃចំពោះសមត្ថភាពនៃការដឹកនាំកន្លងមក។
 
«ខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំបានធ្វើក្នុងអំឡុងពេល ២ឆ្នាំ មកនេះបានធ្វើឱ្យមានការរញ្ជួយជាខ្លាំងដូចទៅនឹងរញ្ជួយដី។ ខ្ញុំគិតថាការងាររបស់ខ្ញុំនៅមិនទាន់គ្រប់គ្រាន់ដើម្បីទទួលបានការសរសើរពីក្លិប។[…]»។ Xavi បានលើកឡើងបែបនេះ​ ប្រាប់អ្នកកាសែត។
 
Barca ជាក្រុមលេខ ២ ប្រចាំ La Liga ដោយបញ្ចប់ចំណាត់ថ្នាក់មានគម្លាត ១០ពិន្ទុ ពីក្រុមជើងឯក Real Madrid ឈរកំពូលតារាងមាន ៩៥ពិន្ទុ។ ក្រុមរហស្សនាមអ្នកមានបុណ្យរដូវកាលនេះ មិនឈ្នះពានរង្វាន់អ្វីទាំងអស់ ដោយពួកគេបានចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ហើយត្រូវបានក្រុម Athletic Bilbao ទម្លាក់ចេញពីវគ្គ ៨ក្រុម ចុងក្រោយពានរង្វាន់ Copa del Rey។ 
 
នៅក្នុងពានរង្វាន់ UEFA Champions League វគ្គ ៨ក្រុម ចុងក្រោយទៀតសោត​ ក្រុម Barcelona ក៏ត្រូវបាន Paris Saint Germain ទម្លាក់ចេញពីការប្រកួតផងដែរ។
 
កាលពីខែមករា Xavi បានប្រកាសចុះចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមធ្វើមិនបានល្អ និងមានជម្លោះជាមួយនឹងក្រុមកីឡាករក្នុងក្រុមទៀតសោត។ យ៉ាងណាកាលពីខែ​មេសា បុរសសញ្ជាតិអេស្ប៉ាញសម្រេចចិត្តបន្តដឹកនាំក្រុមឡើងវិញ ក្រោយមានការជជែកជាមួយនឹងលោក Joan Laporta។ 
 
Barca សម្រេចចិត្តបញ្ចប់លោក Xavi ចេញ ក្រោយពេលពួកគេ បានរកឃើញអ្នកមកជំនួសតំណែងអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ហើយសម្លឹងឃើញសមត្ថភាពល្អប្រសើរជាង។ ​Barca ត្រូវបានគេរំពឹងថានឹងនាំយកលោក Hansi Flick អតីតគ្រូបង្វឹក Bayern Munich និង​ជម្រើសជាតិអាល្លឺម៉ង់ ទៅដឹកនាំនៅរដូវកាលក្រោយ៕

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com