កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក Ikeda​៖ ​Albirex​ មាន​ទំនាក់​ទំនង​ជា​មួយ​ក្លិប​នៅ​ជប៉ុន ​សិង្ហបុរី ​និង​បា​សេ​ឡូ​ណា​
08, Apr 2014 , 8:36 pm        
រូបភាព
Albirex Niigata Phnom Penh គឺជា​ក្លិប​ដែល​ទទួលបាន​នូវ​ការអនុញ្ញាត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​ចូល​លេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​រដូវ​កាល​នេះ។ ក្លិប​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន​មួយ​នេះ គឺជា​មែកធាង​របស់​ក្លិប Albirex Niigata (បង្កើតឡើង​នៅ​ឆ្នាំ១៩៥៥) ដែល​កំពុង​លេង​នៅក្នុង​ក្របខណ្ឌ​កំពូល​ជប៉ុន J-League។ នៅ​ឆ្នាំ២០០៤ ក្លិប​ដែលមាន​រហស្សនាម​ថា «ក្ងាន​ស» ឬ «ក្ងាន​ធំ» បាន​ពង្រីក​ខ្លួន​នៅក្នុង​ក្របខណ្ឌ​កំពូល​របស់​សិង្ហ​បុរី S-League ក្រោម​ឈ្មោះថា Albirex Niigata Singapore ហើយ​កាលពី​ពីរ​ឆ្នាំ​កន្លងទៅ ពួកគេ​មាន​វត្តមាន​នៅក្នុង​ក្របខណ្ឌ​ថ្នាក់​តំបន់​មួយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដោយមាន​ឈ្មោះថា Albirex Niigata Barcelona។ លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រថ្មីៗ បានធ្វើ​បទ​សម្ភាស​មួយ​ជាមួយ​លោក Noriaki Ikeda អ្នកចាត់ការ​ទូទៅ​ក្លិប Albirex Niigata Phnom Penh ជុំវិញ​គម្រោង​ផែនការ​របស់​ក្លិប​ជប៉ុន​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា?



លោក អ៊ឹង ចំរើន៖ ហេតុអ្វី​បានជា​Albirex Niigata សម្រេចចិត្ត​ចូលប្រឡូក​ក្នុង​ពិភព​បាល់ទាត់​របស់​ក​ម្ពុ​ជា?

លោក Ikeda៖ មូលហេតុ​ដែល​យើង​មកកាន់​ទីនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា។ បន្ថែម​ពីលើ​នេះ​យើង​ចង់​បង្កើត​ឲ្យ​ទីផ្សារ​ផ្នែក​កីឡា​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជប៉ុន​សិង្ហ​បុរី​និង​អេ​ស្ប៉ា​ញ។ នៅ​ជប៉ុន​យើង​មាន​ក្លិប Albirex Niigata ដែល​កំពុង​លេង​នៅក្នុង​ក្របខណ្ឌ J-League។នៅ​សិង្ហ​បុរី​យើង​មាន​ក្លិប Albirex Niigata Singapore ដែល​លេង​នៅក្នុង​ក្របខណ្ឌ S-League ។នៅ​អេ​ស្ប៉ា​ញ​យើង​មាន​ក្លិប Albirex Niigata Barcelona ដែល​លេង​ក្នុង​ក្របខណ្ឌ​ថ្នាក់​តំបន់​មួយ​ហើយ​នៅ​ទីនោះ​សកម្មភាព​របស់​យើង​មិន​សំដៅ​តែ​លើ​បាល់ទាត់​នោះឡើយ យើង​បញ្ចូល​មនុស្ស​ទៅកាន់​ទីនោះ​ដើម្បី​ស្វែងយល់​ពី​ភាសា​និង​របៀប​ធ្វើ​អាជីវកម្ម​ផ្នែក​កីឡា។ សម្រាប់​ក្លិប​នៅ​ជប៉ុន និង​សិង្ហ​បុរី យើង​មាន​សកម្មភាព​ជាច្រើន ដូច​ជាការ​កម្មវិធី​ប​ណ្តុះ​បណ្តាល​ថ្នាល​យុវជន និង​ការកសាង​បណ្តាញ​ក្រុម​អ្នកគាំទ្រ​ជាដើម។ ដោយបាន​រៀនសូត្រ​តាម​អ្វីដែល​យើង​បានធ្វើ​យើង​ចង់​ពង្រីក​វិសាលភាព​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក អ៊ឹង ចំរើន៖ មានន័យថា​ទៅ​អនាគត​នឹងមាន​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​រវាង​ក្រុម​កីឡាករ​ដែល​ក្នុង​បណ្តាញ Albirex Niigata?
លោក Ikeda៖ បាទ ពិតណាស់​មិនមែន​ត្រឹមតែ​កីឡាករ​នោះទេ​ប៉ុន្តែ​រួមបញ្ចូល​ទាំង​គ្រូបង្វឹក​និង​បុគ្គលិក​
ផ្សេងទៀត​ផងដែរ។ អ្វីដែល​សំខាន់​នោះ​គឺ​ការរៀន​ពី​របៀប​ធ្វើ​អាជីវកម្ម​ផ្នែក​កីឡា​និង​បទពិសោធន៍ផ្សេងៗដែល​ទទួលបាន​ប្រយោជន៍​ពី​កីឡា។ យើង​នឹង​ព្យាយាម​ឲ្យ​កម្ពុ​ជាមាន​ទំនាក់​ទំនងជា​មួយក្រុម​របស់​យើង​នៅក្នុង​ប្រទេស​ជប៉ុន​សិង្ហ​បុរី​និង​បា​សេ​ឡូ​ណា​ជាដើម។ យើង​ចង់​បង្កើត​ឲ្យ​មាន​ទីផ្សា​ទូលំទូលាយ ដោយ​មិនមែន​សំដៅ​តែ​លើ​ការប្រកួត​នៅលើ​ទីលាន​នោះឡើយ។


លោក អ៊ឹង ចំរើន៖ តើ​យល់​យ៉ាងណា​ចំពោះ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា?

លោក Ikeda៖ ខ្ញុំ​សង្កេតឃើញថា កីឡាករ​កម្ពុជា​មានកា​រ​តាំងចិត្ត​ខ្ពស់ និង​លេង​ប្រកបដោយ​ឆ​ន្ទះ។ ការប្រកួត​កន្លងមក​របស់​ក្រុម​ខ្ញុំ កីឡាករ​កម្ពុជា​សុទ្ធ​តែមាន​គុណភាព​ខ្ពស់។ ទោះបីជា​យ៉ាងណាក៏ដោយ វា​នៅមាន​បញ្ហា​មួយចំនួន ប៉ុន្តែ​វា​នឹង​ឈានទៅរក​ចំណុច​វិជ្ជមាន។

លោក អ៊ឹង ចំរើន៖ ការប្រកួត​កន្លងមក ក្រុម​របស់លោក​មិន​ទទួលបាន​លទ្ធផល​ល្អ​ឡើយ តើ​លោក​គិត​យ៉ាងម៉េច​ដែរ?

លោក Ikeda៖ វា​ជាការ​ចាប់ផ្តើម​របស់​យើង​ប៉ុណ្ណោះ​ដូច្នេះ​ខ្ញុំ​ត្រូវតែទទួលស្គាល់​ចំពោះ​បរាជ័យ។ ប៉ុន្តែ​ខ្ញុំ​មើលឃើញថា យើង​កំពុង​បោះជំហាន​ឆ្ពោះទៅមុខ។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនទាន់​គ្រប់គ្រាន់​ឡើយ យើង​ត្រូវការ​ជ័យជម្នះ​បន្ថែមទៀត ពីព្រោះ​យើង​ទើបតែ​ឈ្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ។ យើង​ត្រូវតែ​ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​ជោគជ័យ​នាពេល​អនាគត។ យើង​ត្រូវតែ​ទទួលស្គាល់ថា បរាជ័យ​គឺជា​បញ្ហា​របស់​យើង មិនត្រូវ​បន្ទោស​អាជ្ញាកណ្តាល​នោះឡើយ ពួកគាត់​ធ្វើ​កិច្ចការ​បានល្អ​ណាស់។ ពិតណាស់​ពេលខ្លះ អាជ្ញាកណ្តាល មិន​ថា តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​វា​កើតឡើង​នៅ​ទូទាំង​ពិភពលោក នៅពេលដែល​គាត់​ធ្វើការ​សម្រេច​ក្តី​ដោយ​ខុសឆ្គង។


លោក អ៊ឹង ចំរើន៖ Albirex Niigata Phnom Penh ទទួលបាន​ឧបត្ថម្ភ​ពី​ខាង​ណាខ្លះ?
លោក Ikeda៖ ការរក​ដៃគូ​ឧបត្ថម្ភ​នៅ​កម្ពុជា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ ជា​សំណាងល្អ យើង​មាន​ផ្សា​ទំនើប AEON ជួយឧបត្ថម្ភ​ដល់​ពួកយើង។ អ្វីដែល​យើង​អាច​ធ្វើបាន​សម្រាប់​ដៃគូ​ឧបត្ថម្ភ​នោះ មិនមែន​ត្រឹមតែ​សកម្មភាព​នៅលើ​ទីលាន​នោះឡើយ ប៉ុន្តែ​យើង​អាច​ចូលរួម​សកម្មភាព និង​ព្រឹត្តិការណ៍ផ្សេងៗទៀត។ និយាយ​រួម យើង​អាច​ធ្វើការ​ជា​អ្នកការទូត​សម្រាប់ AEON។ បញ្ហា​ដែល​យើង​ពិបាក​រក​ដៃគូ​ឧបត្ថម្ភ​នោះ គឺ​ដោយសារតែ​ពួកគេ​មិនទាន់​មើលឃើញ​ពី​ឥទ្ធិពល​នៃ​កីឡាបាល់ទាត់ តាមរយៈ​ការផ្សាយពាណិជ្ជកម្ម។

លោក អ៊ឹង ចំរើន៖ បច្ចុប្បន្ន​ក្រៅពី​បាល់ទាត់ Albirexមាន​សកម្មភាព​អ្វីខ្លះ​នៅ​កម្ពុជា?
លោក Ikeda៖ កន្លងមក​យើង​បានរៀបចំ​ព្រឹត្តិការណ៍ Football Clinic នៅតាម​បណ្តា​ខេត្ត ដូចជា បាត់ដំបង និង​កំពង់ឆ្នាំង​ជាដើម។ យើង​រីករាយ​ណាស់​គម្រោង​សកម្មភាព​របស់​យើង​បានទទួល​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ស្ថានទូត​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ក្លាយជា​គំរូ​ល្អ​ក្នុងនាម​ជា​ក្រុម​តំណាង​ឲ្យ​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា។ ក្លិប Albirex នឹង​ព្យាយាម​ធ្វើ​សកម្មភាព​សង្គម​នានា​ដើម្បី​បំផុស​ចលនា​បាល់ទាត់​នៅ​កម្ពុជា។

លោក អ៊ឹង ចំរើន៖ ចុះ​ក្រុម​មានការ​រៀបចំ​យ៉ាងណា?
លោក Ikeda៖ យើង​មាន​គ្រូ​ជា​ជនជាតិ​ជប៉ុន​ម្នាក់ [លោក Junki Kato] ពីព្រោះ​យើង​ចង់​ដឹកនាំ​ក្រុម​តាមបែប​វិធីសាស្ត្រ​ជប៉ុន ដោយ​ពង្រឹងគុណភាព​ក្នុងការ​គ្រប់គ្រង ហ្វឹកហាត់ និង​ក្នុង​ការប្រកួត។ យើង​មាន​គ្រូ​ជំនួយ​ខ្មែរ​ពីរ​នាក់ បានន័យថា បើ​គ្រូ​ជប៉ុន​បង្រៀន​ពី​វិធីសាស្ត្រ​បែប​ជប៉ុន ប៉ុន្តែ​ភ្លេច​គិតដល់​វប្បធម៌​ខ្មែរ ក៏​ការងារ​របស់​យើង​មិនបាន​ជោគជ័យ​នោះដែរ។ កីឡាករ​ខ្មែរ​របស់​យើង​នៅមានកម្រិត ប៉ុន្តែ​ពួក​លេង​ប្រកបដោយ​ឆ​ន្ទះ។ បច្ចុប្បន្ន​យើង​មាន​កីឡាករ​ជប៉ុន៤នាក់ ហើយ​យើង​នឹង​ស្វែងរក​កីឡាករ​បន្ថែមទៀត ហើយ​មិន​សំដៅ​តែ​លើ​ជនជាតិ​ជប៉ុន​ឡើយ។

លោក​អ៊ឹង ចំរើន៖ ក្លិប​របស់លោក​មាន​ពាក្យស្លោក​មួយ​ថា «Wings of Passion» តើ​មានន័យ​ដូចម្តេច?
លោក Ikeda៖ យើង​សុទ្ធ​តែមាន​មហិច្ឆតា​ក្នុង​ការលេង​បាល់ទាត់​ទាំងអស់គ្នា។ ពេល​ខ្ញុំ​មកដល់​កម្ពុជា ខ្ញុំ​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​សុទ្ធ​តែមាន​មហិច្ឆតា និង​ចំណង់​ចំណូលចិត្ត​ខ្ពស់។ យើង​ចង់​ឲ្យ​សុ​បិ​ន្ត​របស់​ពួកគេ​ក្លាយជា​ការពិត។ ទោះបីជា​យើង​ចាញ់ ចាញ់ ចាញ់ យ៉ាងណាក៏ដោយ ជាមួយនឹង​មហិច្ឆតា និង​ក្តី​សុបិន អ្វីៗនឹង​ឈានទៅរក​ចំណុច​វិជ្ជមាន។ ពាក្យស្លោក «Wings of Passion» (ប្រែ​ខ្មែរ​ថា ស្លាប​នៃ​មហិច្ឆតា) គឺ​ចង់បង្ហាញ​ពី​ស្មារតី​ក្រុម​ឲ្យ​សម្លឹង​ឆ្ពោះទៅមុខ​ជានិច្ច បើទោះបី​ជាមាន​ឧបសគ្គ​រារាំង​ក៏ដោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com