កីឡាជាតិ
ជាតិ
ក្លិប Manang Marshyangdi Club របស់​ណេ​ប៉ាល់ បំបាក់​ស្វាយរៀង ៦-៣ នៅ​ម៉ុង​ហ្គោ​លី
01, May 2014 , 10:04 pm        
រូបភាព
អ្នក​ចាំទី អាំ សុវណ្ណរ៉ាត់ របស់ស្វាយរៀង មិនអាច​សង្គ្រោះ​បាល់​បានឡើយ។ រូបថត goalnepal.com
អ្នក​ចាំទី អាំ សុវណ្ណរ៉ាត់ របស់ស្វាយរៀង មិនអាច​សង្គ្រោះ​បាល់​បានឡើយ។ រូបថត goalnepal.com
ដោយ: រួបរួម
ការបង្ហាញ​ខ្លួន​របស់​ក្លិប​ស្វាយរៀង​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC President’s Cup មិន​ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​ឡើយ ដោយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កមួយ​នេះ ត្រូវបាន​ក្លិប Manang Marshyangdi Club (MMC) របស់​ណេ​ប៉ាល់ បំបាក់​ក្នុង​លទ្ធផល ៦-៣ នា​ជំនួប​ក្នុង​ពូ​ល C នៅលើ​ទីលាន MFF Football ground ទីក្រុង Ulan Bator ប្រទេស​ម៉ុង​ហ្គោ​លី កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០១៤ ។




គ្រាប់​បាល់​បញ្ចូល​ទី​របស់​ក្លិប MMC គឺ​ធ្វើបាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Dipak Rai ចំនួន​ពីរ​គ្រាប់ (នាទី៦ និង​នាទី៦៣ ) ខ្សែការពារ Azeez Saheed មួយ​គ្រាប់​ក្នុង​នាទី២៤  ខ្សែប្រយុទ្ធ​បម្រុង Nirajan Malla (នាទី៨៣ ) ហើយ​មួយ​គ្រាប់​ទៀត​នោះ គឺជា​ការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ មូល ដា​រ៉ា​វ័​ន្ត នៃ​ក្លិប​ស្វាយរៀង​នៅក្នុង​នាទី ទី៨ ។


ក្លិប​ស្វាយរៀង​ក្រោម​ការដឹកនាំ​របស់លោក សំ វ៉ាន់​ដេ​ត មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធ្វើការ​វាយបក ប៉ុន្តែ​ពួកគេ​ធ្វើបាន​សម្រេច​តែ​បី​គ្រាប់​ប៉ុណ្ណោះ ដែល​ក្នុងនោះ មួយ​គ្រាប់​រកបាន​ដោយ​ខ្សែបម្រើ សួន វាសនា នៅក្នុង​នាទី ទី៣៦ និង​ពីរ​គ្រាប់​ទៀត​គឺជា​សមិទ្ធផល​របស់​ខ្សែប្រយុទ្ធ​វ័យក្មេង ណុប តុលា ក្នុង​នាទី ទី៥៦ និង៨៥ ។


សម្រាប់​ការប្រកួត​ក្នុង​ពូ​ល C នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី​នេះ ក្រុម​ដែល​ចូលរួម​មានតែ​បី​ប៉ុណ្ណោះ។ ម្ចាស់ផ្ទះ Erchim ត្រូវ​ប៉ះ​ស្វាយរៀង​នៅ​ថ្ងៃទី៣ ខែឧសភា ពោលគឺ​ពីរ​ថ្ងៃមុន​ជំនួប​ជាមួយ MMC របស់​ណេ​ប៉ាល់​ដោយ​ពីរ​ក្រុម​កំពូល​នឹង​ឈានទៅ​កាន់​វគ្គ​បន្ត៕

រូបថតទាំងអស់៖ www.goalnepal.com

© រក្សាសិទ្ធិដោយ thmeythmey.com