កីឡាជាតិ
ជាតិ
ទ្រី​យ៉ា​ត្លុង​កំពុង​ត្រៀមខ្លួន​យ៉ាងខ្លាំង​ក្លា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី
16, May 2014 , 4:22 pm        
រូបភាព
លោក គង់ រិទ្ធីជព្វ ទទួល​បណ្ណសរសើរពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន
លោក គង់ រិទ្ធីជព្វ ទទួល​បណ្ណសរសើរពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន
ទ្រី​យ៉ា​ត្លុង​ស្ថិត​ក្នុងចំណោម​កីឡា៣៦ប្រភេទ​ដែល​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ដាក់បញ្ចូល​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នា​ឆ្នាំ២០១៥ ខាងមុខនេះ។ បច្ចុប្បន្ន សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កំពុង​មានការ​មមាញឹក​យ៉ាងខ្លាំង​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នានា និង​ការកំណត់​ផែនការ​ហ្វឹកហាត់​ច្បាស់លាស់ ខណៈ​កម្ពុជា​ត្រូវ​ប​ញ្ចូ​ន​កីឡា​ប្រភេទ​នេះ​ឲ្យ​ទៅ​ប្រកួត​ដណ្តើមយក​មេដាយ​ជា​លើកដំបូង​នៅក្នុង​ក្របខណ្ឌ​ប្រកួត​ថ្នាក់​តំបន់។



សូម​ស្តាប់​សេចក្តីរាយការណ៍​របស់​លោក អ៊ឹង ចំរើន



សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០០៩ ហើយពីរ​ឆ្នាំ​ក្រោយមក​មានការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​សហភាព​កីឡា​ទ្រី​យ៉ា​ត្លុង​អន្តរជាតិ (ITU) និង​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អាស៊ី (ASTC)។ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន កីឡា​បែប​ទំនើប និង​ដ៏​ក្មេងខ្ចី​របស់​កម្ពុ​ជាមួយ​នេះ មិនទាន់មាន​សកម្មភាព​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ឡើយ។

សកម្មភាព​ប្រកួត​ដែល​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បានរៀបចំ​កន្លង​ម​ករួ​ម​មាន ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង និង​អា​គ័​រ​ត្លុង។ កីឡា​ទ្រី​យ៉ា​ត្លុង​មាន​សកម្មភាព​ប្រកួត​លើ​វិញ្ញាសារ​កីឡា​បី​ប្រភេទ​រួមគ្នា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ប្រណាំង ចំណែក​កីឡា​ឌូ​អា​ត្លុង​មានការ​រត់ប្រណាំង ជិះកង់​ និង​រត់ប្រណាំង​ម្តងទៀត ខណៈ​កីឡា​អា​គ័​រ​ត្លុង​មាន​សកម្មភាព​ហែល​ទឹក និង​រត់ប្រណាំង។

ការដាក់បញ្ចូល​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ទៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​សិង្ហ​បុរី​នា​ឆ្នាំ​ក្រោយនេះ បាន​បើកផ្លូវ​ឲ្យ​កម្ពុជា​មានឱកាស​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ជា​លើកដំបូង បើទោះបីជា​ឱកាស​ដណ្តើមយក​មេដាយ​ហាក់ដូចជា​នៅ​ឆ្ងាយ​ក៏ដោយ។

បើតាម​លោក គង់ រិទ្ធី​ជ​ព្វ ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ដែល​ហៅ​កាត់​ថា CTF  កីឡា​ទ្រី​យ៉ា​ត្លុង​កំពុងមាន​សក្តានុពល​យ៉ាងខ្លាំង​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ហើយ​កីឡា​ប្រភេទ Out Door មួយ​នេះ ក៏បាន​ចូលរួម​បំផុស​វិស័យ​ទេសចរណ៍​ផងដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក គង់ រិទ្ធី​ជ​ព្វ បាន​ទទួលស្គាល់ថា កម្ពុ​ជាមាន​ភាព​ក្មេងខ្ចី​នៅឡើយ ដូច្នេះ​ការរំពឹង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ​នោះ គឺជា​រឿង​មួយ​ដ៏​លំបាក​បំផុត។ ប្រធាន​សហព័ន្ធ​រូបនេះ បានបញ្ជាក់​ប្រាប់​គេហទំព័រថ្មីៗថា ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​របស់​អត្ត​ព​លិ​ក​ទ្រី​យ៉ា​ត្លុង​កម្ពុជា​នឹង​សំដៅ​ស្វែងរក​បទពិសោធន៍​ជាសំខាន់ ប៉ុន្តែ​ក៏ត្រូវ​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ ហើយ​អាចឈាន​ទៅដល់​ការ​ដណ្តើមបាន​យ៉ាងហោចណាស់​មេដាយសំរិទ្ធ​ក៏​ថា​បាន។

នៅក្នុង​តំបន់​អាស៊ាន ថៃ និង​សិង្ហ​បុរី គឺជា​ប្រទេស​ដែល​ឈានមុខ​គេ​លើ​កីឡា​ប្រភេទ​នេះ ខណៈ​វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ប្រ៊ុយណេ មិនបាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ឲ្យ​ចូលរួម​ប្រកួត​នោះឡើយ។ លោក គង់ រិទ្ធី​ជ​ព្វ បាន​អះអាង​ផងដែរ​ថា សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​រើស​បាន​កីឡាករ​ជម្រើសជាតិ​ចំនួន​បួន​នាក់​ហើយ ដោយ​បច្ចុប្បន្ន សហព័ន្ធ​នៅតែ​បន្ត​យុទ្ធនា​ការស្វែងរក​អត្ត​ព​លិ​ក​បន្ថែមទៀត តាមរយៈ​ការប្រកួត​ព្រឹត្តិការណ៍​នានា និង​ការទាក់ទង​កីឡាករ​ខ្មែរ​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស។

នៅ​ឆ្នាំ២០១៤នេះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បានរៀបចំ​កម្មវិធី​ប្រកួត​រហូតដល់​ទៅ​បួន​ព្រឹត្តិការណ៍ផ្សេងៗគ្នា ដូចជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អា​គ័​រ​ត្លុង​លើក​ទី​បី​នៅ​មជ្ឈមណ្ឌល​កីឡា CCC កាលពីដើម​ខែមេសា និង​ព្រឹត្តិការណ៍​បី​ជា​បន្តបន្ទាប់​ទៀត គឺ​ការប្រកួត​កីឡា​ភ្នំពេញ​អន្តរជាតិ​ឌូ​អា​ត្លុង ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី១ ខែមិថុនា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ខែតុលា និង​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​នា​ខែធ្នូ ចុងឆ្នាំ។

ចំពោះ​ព្រឹត្តិការណ៍​ឌូ​អា​ត្លុង​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន នា​ថ្ងៃទី១ ខែមិថុនា នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ​នោះ ត្រូវបាន​លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ អះអាងថា នឹងមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក​ប្រមាណ៦០០នាក់ ដោយ៣០០នាក់​ជា​អត្ត​ព​លិ​ក​ដែល​ត្រូវ​ប្រកួតប្រជែង និង៣០០នាក់​ទៀត​ជា​អត្ត​ព​លិ​ក​កិត្តិយស។

លោក ងិន សុ​បញ្ញា បាន​លើកឡើងថា សម្រាប់​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ សិង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ មិនទាន់​ចេញ​សេចក្តីសម្រេច​ទាក់ទង​នឹង​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​នោះឡើយ ហេតុដូច្នេះ កម្ពុជា​ត្រូវតែមាន​ការរៀបចំ​ជើង​ព្រួល​គ្រប់បែបយ៉ាង ទាំង​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង និង​អា​គ័​រ​ត្លុង។  ក្រៅពី​ពង្រឹង​ការហ្វឹកហាត់​នៅក្នុង​ប្រ​ទស និង​ការស្វែងរក​កីឡាករ​ពី​ក្រៅប្រទេស សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ក៏មាន​គម្រោង​បញ្ជូន​អត្ត​ព​លិ​ក​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ប្រទេស​ថៃ សិង្ហ​បុរី និង​ចិន​ផងដែរ​នៅមុន​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម។

កីឡា​ទ្រី​យ៉ា​ត្លុង​មានការ​ប្រកួត​ជា​ផ្លូវការ​ចាប់តាំងពី​អំឡុង​ឆ្នាំ១៩២០មក ហើយ​វា​ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​ចាប់តាំងពី​ឆ្នាំ២០០០ ។ កីឡា​ប្រភេទ​នេះ ប្រមូលផ្តុំ​ដោយ​កីឡា​បែប​អត្តពលកម្ម​ជាច្រើន​ដែលមាន​ជាង១០ប្រភេទ ខណៈ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ​កន្លងមកនេះ មានតែ​ប្រភេទ​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង និង​អា​គ័​រ​ត្លុង​តែប៉ុណ្ណោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com