កីឡាជាតិ
បទវិភាគ
ពិន័យ​កីឡាករ៣នាក់​បញ្ជាក់ថា​ជម្រើសជាតិ​កម្ពុជា​ធ្លាប់មាន​ប្រវត្តិ​លក់​គ្រាប់​បាល់?
17, May 2014 , 12:40 pm        
រូបភាព
លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា
លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា
ដោយ:
ពាក្យ​ចចាមអារ៉ាម​ពី​រឿង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​លក់​គ្រាប់​បាល់​គ្រប់ពេល​ប្រកួត​ផ្លូវការ​លើ​ឆាក​អន្តរជាតិ​ហាក់​បាន​លាតត្រដាង​ជា​ការពិត​ក្រោយពេល​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពិន័យ​កីឡាករ ៣ នាក់​មិនឱ្យ​ពាក់ព័ន្ធ​សកម្មភាព​បាល់ទាត់​ជាតិ​ចំនួន ៦ ខែ និង សកម្មភាព​បាល់ទាត់​អន្តរជាតិ ៦ ខែ កាលពី​ថ្ងៃទី ១៣ ឧសភា ២០១៤ ។



កីឡាករ​ដែល​ជាប់​ពិន័យ​តាមរយៈ​លិខិត​លេខ ២១៩/១៤ សសរ/ស.ប.ក របស់​សហព័ន្ធ​កីឡាបាល់ទាត់​រួមមាន ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន នៅ​ក្លិប​ចម្ការកៅស៊ូ​បឹងកេត, ខ្សែការពារ សុខ រិទ្ធី មកពី​ក្លិប​ណាហ្គា​ខ​ប និង ខ្សែប្រយុទ្ធ ទុំ សា​រ៉ា​យ អតីត​កីឡាករ​ខេត្តស្វាយរៀង។

ស​ហ័ព​ន្ធ​កីឡាបាល់ទាត់​តាមរយៈ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គ​ណៈ​កម្ម​កា​រស៊ើប​អង្កេត និង បញ្ហា​មិន​ប្រក្រតី​របស់​ក្រុម​ជម្រើសជាតិ ដែល​បង្កើតឡើង​ក្នុងពេល​ឃាត់ខ្លួន​កីឡាករ ៤ នាក់ និង អ្នកចាត់ការ​ទូទៅ​ម្នាក់ មុន​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ ២០១៣ កន្លងទៅ ត្រូវ​ចំណាយពេល​ជិត ៦ ខែ​ទើប​ស្រាវជ្រាវ​រកមុខ​អ្នកណា​ខុស អ្នកណា​ត្រូវ​ឃើញ។

រំលឹក​រឿង​កាល​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៣ បន្តិច ក្រុម U23 កម្ពុជា​មានតែ ១៦ នាក់​ប៉ុណ្ណោះ​មាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ប្រកួត ខណៈ​កីឡាករ ៤ នាក់​រួមមាន កែវ សុខ​ង៉​ន, សុខ រិទ្ធី, ទុំ សា​រ៉ា​យ និង សាយ ពិសិដ្ឋ រួមទាំង​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ឃាត់ទុក​ក្នុងប្រទេស។ ប៉ុន្មាន​ថ្ងៃក្រោយ​ការឃាត់ខ្លួន​អ្នក​ទាំង ៥ ស្រាប់តែ​កីឡាករ ទុំ សា​រ៉ា​យ ប្រកា​សលារ​ឈប់​ពី​វិស័យ​បាល់ទាត់ ខណៈ​អ្នកផ្សេង​បិទ ទូរ​សព្ទ​មិនអាច​ទាក់ទង​បាន ឬ ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល។

គ្មាន​អ្នកណាម្នាក់​ក្នុង​វិស័យ​បាល់ទាត់ រួមទាំង​អ្នកពាក់ព័ន្ធ​ទាំង ៥ ហ៊ាន​ឆ្លើយតប​នៅមុខ​អ្នកសារព័ត៌មាន​ថា​ខ្លួន​ខុស​អ្វី​នោះទេ មានតែ​លោក សៅ សុខា ប៉ុណ្ណោះ​អះអាង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នា​គ្រានោះ​ថា៖ «បើ​មិន​មានរឿង​ទេនោះ គឺ​គេ​មិន​ដក​ពួកគេ​ចេញ​នោះដែរ ហើយ​រឿង​នោះ វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសជាតិ​របស់​យើង»។

គេ​មិនដឹងថា​រឿង​ប៉ះពាល់​ក​ត្តិ​យស​ជាតិ ដែល​លោក​ប្រធាន​សហព័ន្ធ​បញ្ជាក់​នោះ​គឺ​ចាប់ពី​ពេលណា​មក​នោះទេ ប៉ុន្ដែ​គេ​ចាំបាន​ថា មុន​ចេញទៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៣ ក្រុម​កម្ពុជា ប្រកួត​នៅពាន BIDC Cup 2013 ស្មើ ម៉ាឡេស៊ី ២ ទល់ ២, ស្មើ ឡាវ ២ ទល់ ២ តែ​ចាញ់​ថៃ ២ ទល់ ១។ ក្រោយមកទៀត​កម្ពុជា​ប្រកួត​មិត្តភាព​ស្មើ ១ ទល់ ១ ជាមួយ​ក្លិប Thanh Pho Ho Chi Minh របស់​វៀតណាម ហើយ​បន្តរ​ចាញ់​ប្រទេស​ហ្គា​ម (Guam) ក្នុង​ទឹកដី ២ ទល់ ០ និង ចាញ់​ក្រុម​សិង្ហ​បុរី នៅក្រៅ​ដី ទាំង២ ជើង ក្នុង​លទ្ធផល ១ ទល់ ០ ដូចគ្នា។

កាន់តែច្បាស់​មែនទែន​ហើយ​គឺថា អ្នកជាប់ចោទ​ពិតជា​ធ្លាប់​ប្រព្រឹត្តិ​អំពើរ​ក្បត់​ឧ​ត្ត​ម​គតិ​មែន បើ​គ្មាន​រឿងនេះ​កើតឡើង​ប្រធាន​សហព័ន្ធ​ក៏​មិន​ពិន័យ​នោះដែរ។ ប៉ុន្ដែ​សំនួរ​សំខាន់បំផុត​ធំ​បំផុត​ដែល​គ្មាន​ចម្លើយ​បញ្ជាក់​ក្នុង​លិខិត​សម្រេច​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ពិន័យ​លើ​កីឡាករ​ទាំង ៣ នាក់​នោះ​គឺ ពួកគេ​ខុស​រឿង​អ្វី។

អ្វីដែល​នៅតែ​ជា​ចម្ងល់​ក្នុងចំណោម​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាតិ​នោះ​គឺថា តើ​ពឹង​លើ​សមត្ថភាព​កីឡាករ​ជាប់ចោទ​ទាំង ៣ នាក់​អាច​ប្រព្រឹត្តិ​អំពើរ​ពុំគប្បី​នេះ​បានដែរ​ឬទេ ដោយ​គ្មាន​អ្នកខ្លាំង ឬ អ្នកពាក់ព័ន្ធ​ក្នុង​ពិភព​បាល់ទាត់​រត់ការ​នៅ​ពី​ក្រោយខ្នង? ចុះ​ចំណែក​អ្នក ២ នាក់​ផ្សេងទៀត ហេតុអ្វី​រួចខ្លួន?

ក្រោយ​ទទួលបាន​លិខិត​កាលពី​ថ្ងៃទី ១៦ ឧសភា ម្សិលមិញ លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​ចម្ការកៅស៊ូ​បឹងកេត ដែលជា​ក្លិប​របស់​កីឡាករ កែវ សុខ​ង៉​ន ប្រកប​អាជីព​បាន​សរសេរ​នៅលើ​គណនី Facebook របស់ខ្លួន​ថា៖ «ធ្វើបាន​អ្នកដទៃ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង, អ្នកតូចតាច​ចាំតែ​ខុស»។

ចំណែក​លោក Hans ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​សណ្ឋាគារ​ណាហ្គា​វើ​ល និង ជា​គ្រប់គ្រង​ម្នាក់​របស់​ក្លិប​ណាហ្គា បាន​ឆ្លើយតប​នៅក្នុង Facebook នៃ​ក្រុម Khmer Sport Fans ថា សហព័ន្ធ​ធ្វើបែបនេះ​មិន​យុត្តិធម៌​សម្រាប់​ក្រុម​ណាហ្គា​ខ​ប និង បឹងកេត ព្រោះ​គួរតែ​ពិន័យ​កីឡាករ​នៅមុន​ពេល​លី​ក ចាប់ផ្ដើម ឬ ពេល​ចប់​លី​ក តែ​បែរជា​មក​ធ្វើ​រឿងនេះ​នៅ​ពាក់កណ្ដាល​រដូវ​កាល​ទៅវិញ។

ជារួម​ប្រសិនបើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិន​រកមុខ​ជន​នៅ​ពី​ក្រោយខ្នង​ក្នុង​សំណុំរឿង​រសើប​នៅ​វិស័យ​បាល់ទាត់​នេះ​ទេ ឬ គ្មាន​ដំណោះស្រាយ​សម្រាប់​ក្លិប​រងគ្រោះ នោះ​ប្រហែលជា​គ្មាន​ក្លិប​ណា​ហ៊ាន​បញ្ជូន​កីឡាករ​ឱ្យចូល​ក្នុង​ជម្រើសជាតិ​នោះទេ​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​គេ​ខ្លាច​កីឡាករ​របស់គេ ជាប់​ដាន​រឿងអាស្រូវ​ទាំងនេះ ហើយ​អំណាច​របស់​សហព័ន្ធ​នឹងត្រូវ​សាប​បន្តិចម្ដង៕


© រក្សាសិទ្ធិដោយ thmeythmey.com