កីឡាជាតិ
U-16 ភ្នំពេញ​ក្រោ​ន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Frenz United Malaysia ទាំង​មិន​អស់ចិត្ត
25, May 2014 , 3:53 pm        
រូបភាព
ដោយ: រួបរួម
កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី២៤ ខែឧសភា ក្រុមយុវជន​ថ្នាល​ភ្នំពេញ​ក្រោ​ន បាន​រង​នូវ​ការខកចិត្ត​ក្នុង​ព្រឹត្តិការណ៍ Asia Champions Trophy U-16 ឆ្នាំ២០១៤ ដោយ​ពួកគេ​ត្រូវបាន​ម្ចាស់ផ្ទះ Frenz United Malaysia យកឈ្នះ​ក្នុង​លទ្ធផល ៣-២ នៅ​នាទី​បន្ថែម នា​ជំនួប​នៅលើ​ទីលាន Frenz Stadium ក្រុង Pahang ប្រទេស​ម៉ាឡេស៊ី។


ដំបូង​ឡើង​ការប្រកួត​ត្រូវបាន​គ្រោង​រៀបចំឡើង​នា​វេលា​ម៉ោង៤ និង៣០នាទី (ម៉ោង​នៅ​កម្ពុជា) ប៉ុន្តែ​ដោយសារ​បញ្ហា​អាកាសធាតុ ជាពិសេស​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​នៅលើ​ទីលាន​នោះ ការប្រកួត​ដែល​ស្ថិតនៅក្រោម​ការកាត់ក្តីរ​បស់​អាជ្ញាកណ្តាល​ប្រ៊ុយណេ លោក Endy Vyzunny bin Haji Zainudin ត្រូវបាន​ពន្យា​រហូតដល់​ល្ងាច​ម៉ោង៧ និង៤៥នាទី។  

កីឡាករ Akhmal បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ Frenz United Malaysia នៅត្រឹម​នាទី ទី៨ ប៉ុន្តែ​នៅក្នុង​នាទី ទី២០ ឈួ​ត សេង​ទៀង បាន​វាយបក​តាម​ស្មើ​វិញ​សម្រាប់​ភ្នំពេញ​ក្រោ​ន។ ៥នាទី​មុននឹង​បញ្ចប់​តង់​ទីមួយ ក្រុម​ម្ចាស់ផ្ទះ​បាន​បាត់បង់​សមាជិក​ម្នាក់ ហើយ​ឱកាស​នេះ បានធ្វើ​ឲ្យ​មានឱកាស​នាំមុខ​ក្នុង​លទ្ធផល ២-១ នៅមុន​សម្រាក​តង់ ដែលជា​ការសម្រេច​ផល​របស់​កីឡាករ ស្រៀ​ង ទិ​ត​ឈី។  

ក្រុម​ម្ចាស់ផ្ទះ​បាន​បើក​ការ​វាយ​លុយ​យ៉ាងខ្លាំង​នៅក្នុង​តង់​ទីមួយ ហើយ​កីឡាករ​របស់​ភ្នំពេញ​ក្រោ​ន​ជាច្រើន​បាន​រងរបួស​យ៉ាងដំណំ​ដោយសារតែ​ការវាយលុក​ទាំងនេះ។ នៅក្នុង​នាទី ទី៧៥ កីឡាករ Hafizi តាម​បាន​លទ្ធផល​ស្មើ ២-២ ខណៈដែល​ភ្នំពេញ​ក្រោ​ន​មានការ​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​ដោយសារតែ​បញ្ហា​របួស។ នៅក្នុង​នាទី​បន្ថែម​ទី៦លើ​ម៉ោង​ធម្មតា កីឡាករ​បម្រុង Fareez បានតែ​តបាល់​បញ្ចូល​ទី​ដើម្បី​នាំ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ទទួលបាន​បី​ពិន្ទុ​ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​នេះ។  

បរាជ័យ​ដ៏​គួរ​ឲ្យ​ខកចិត្ត​នេះ បាន​នាំ​ឲ្យ​ក្រុម U-16 ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​បង្វឹក​របស់លោក ប៊ួ​យ ដា​រី រក្សា៣ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​ពួកគេ​បានឈ្នះ​ម្ចាស់ផ្ទះ Guangdong FA របស់​ចិន កាលពី​សប្តាហ៍​កន្លងមក។ ដោយឡែក ក្រុម Chonburi របស់​ថៃ ឡើង​ឈរលើ​កំពូល​តារាង​ប្រចាំ​ពូ​ល B នេះ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ LAO Toyota FC របស់​ឡាវ​នៅមុន​ជំនួប​រវាង​ភ្នំពេញ​ក្រោ​ន និង Frenz United Malaysia។

ក្រុម U-16 ភ្នំពេញ​ក្រោ​ន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ឡាវ Lao Toyota FC នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ៕    


© រក្សាសិទ្ធិដោយ thmeythmey.com