កីឡាជាតិ
ជាតិ
យុទ្ធនា​ការដណ្តើម​ខ្សែក្រវាត់ Black Pantherនៅ​តាកែវ​ទទួលបាន​ការគាំទ្រ​ច្រើន
01, Jun 2014 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ខេត្តកំពង់ធំ និង​កំពង់ចាម យុទ្ធនាការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Black Panther ទម្ងន់៦៣,៥គីឡូក្រាម បាន​បោះជំហាន​ទៅកាន់​ខេត្តតាកែវ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅក្នុង​ទីលាន​បាល់ទាត់​សាលា​ភូមិភាគ​ខេត្ត។ ការប្រកួត​បានទទួល​បាន​នូវ​ផ្លែផ្កា​ជាច្រើន​ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​លោក ឡាយ វណ្ណៈ ដែលជា​អភិបាលខេត្ត។



សម្រាប់​ការប្រកួត​វិលជុំ​លើក​ទី៣នេះ ក្នុងចំណោម​កីឡាករ​ទាំង១២នាក់​មកពី​សមាគម និង​ក្លិប​ប្រដាល់ផ្សេងៗពីគ្នា​នោះ មាន​កីឡាករ​បីនាក់​កំពុងមាន​ពិន្ទុ​នាំមុខគេ​គឺ ឈិន ក្វាន់​ង៉ុ​យ តក់ សោ​ភ័​ណ្ឌ និង​ផាន់ សុវណ្ណ ដោយ​ពួកគេ​មាន៩ពិន្ទុ​ក្រោយ​ឈ្នះ​បី​ប្រកួតជាប់ៗគ្នា។

កីឡាករ ឃឹម ពេជ្រ​ចិន្តា និង សោម តឿ​ទី មាន​ម្នាក់៧ពិន្ទុ​នៅក្នុង​ដៃ តាមរយៈ​ការប្រកួត​ឈ្នះ២ និង​ចាញ់១ប្រកួត ខណៈ សល់ ប៊ុន​ហ៊ូ​វ សួស យ៉ា​ត និង ផាន់ សារុន មាន៥ពិន្ទុ​ស្មើគ្នា។ កីឡាករ​បីនាក់​ទៀត​ដែល​មិនទាន់​ស្គាល់​ថា​ឈ្នះ​នោះ គឺ ឡៅ ផា​នាថ ឡុង ប៊ុន​រ៉ា​ត និង​ផល សីហា។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​បេសកកម្ម​ព្រឹត្តិការណ៍​នេះ​មានប្រសាសន៍ថា យុទ្ធនាការ​នេះ​នឹង​ចល័ត​បន្តទៅ​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ទើប​វិល​មក​ប្រកួត​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ។

លោក វ៉ា​ត់ ចំរើន បាន​សរសើរ​ចំពោះ​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ខេត្តតាកែវ ជាពិសេស​ការជួយជ្រោមជ្រែង​របស់លោក ឡាយ វណ្ណៈ ដែលជា​អភិបាលខេត្ត ជាពិសេស​លោក​បាន​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​កីឡាករ និង​គណៈកម្មការ​ប្រកួត។

បើតាម​លោក រាជ សុ​ផែន​ប្រធាន​បច្ចេកទេស ការប្រកួត​លើក​នេះ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន​បើទោះបី​មាន​ភ្លៀង​ដក់​ទឹក​ក៏ដោយ។ នៅក្នុង​ការប្រកួត​ចំនួន៦គូ​គឺមាន​សន្លប់​តែ​មួយគូ​ប៉ុណ្ណោះ​ក្រៅពីនេះ​មាន​ចាញ់ឈ្នះ​ត្រឹម​ពិន្ទុ​ដែលមាន​ការប្រកួត​គ្នា៥ទឹក​ពេញ៕

អត្ថបទ ណា​រាជ

      


© រក្សាសិទ្ធិដោយ thmeythmey.com