កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោ​ក Ken Gadaffi រៀប​រាប់ពី​បរិយា​កាស​នៅប្រេ​ស៊ីល​នៅ​មុន​ World Cup
06, Jun 2014 , 12:31 pm        
រូបភាព
លោក Ken Gadaffi ជន​ជាតិ​នីហ្សេ​រីយ៉ា ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដែល​ជាទីក្រុង​មួយក្នុង​ចំណោម​១២សម្រាប់​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួតពាន​រង្វាន់​​កីឡា​បាល់ទាត់ពិភពលោក ឆ្នាំ​២០១៤ នា​សប្តាហ៍​ក្រោយ។ លោក​ Ken បាន​ផ្តល់​បទ​សម្ភាស​មួយ​ដល់លោក អ៊ឹង ចំរើន ជុំវិញ​បរិយាកាសនានានៅ​ក្នុងប្រទេសប្រេស៊ីល​នៅ​មុន​ព្រឹត្តិការណ៍ World Cup ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១២ ខែ​មិថុនា ខាងមុខនេះ។



លោក​ អ៊ឹង ចំរើន៖ តើ​លោក​បំពេញ​បេសកកម្ម​អ្វី​ដែរ​នៅ​ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ?
លោក Ken Gadaffi៖
ខ្ញុំមក​ទីនេះក្នុងនាម​ជាក្រុម​ការងា​រ​របស់ក្រុមហ៊ុន Cartan Global ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​សហ​រដ្ឋអាមេរិក​ទទួល​បន្ទុក​លើការ​រៀបចំព្រឹត្តិការណ៍ ជាពិសេស​ជួយ​សម្រួល​ដល់​សេវាកម្ម​ស្នាក់​នៅ​តាម​សណ្ឋាគារ​របស់​ក្រុមអ្នក​គាំទ្រ និង​ដឹកនាំពួក​គេទៅ​មើល​ការ​ប្រកួត ក៏​ដូច​ជាទី​រមណីដ្ឋាន​ផ្សេងៗ ។


លោក អ៊ឹង​ ចំរើន៖ តើ​បរិយាកាស​នៅ​ក្នុងប្រទេស​ប្រេស៊ីល​កំពុង​មាន​សភាព​យ៉ាងណា?
លោក Ken Gadaffi៖
ខ្ញុំកត់​សម្គាល់​ថា បរិយាកាសគឺ​មាន​ភាព​ល្អ​ប្រសើរ​ណាស់។ មនុស្ស​ទាំងអស់កំពុង​ផ្តោតអារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រឹត្តិការណ៍ World Cup។ មនុស្ស​ជាច្រើន​លើ​ពិភពលោក​បាន​មក​ដល់​ជាបន្តបន្ទាប់​ហើយ ខណៈ​សន្តិសុខ​កាន់​តែ​មាន​ការ​រឹត​បន្តឹង។

លោក ​អ៊ឹង ចំរើន៖ តាម​បណ្តា​ញព័ត៌មាននានា ចលនា​​តវ៉ា​នៅ​តែ​បន្តកើតមានឡើង​នៅ​ក្នុង​ប្រទេសប្រេស៊ីល តើ​ស្ថានភាព​យ៉ាង​ម៉េច​ដែរ​នៅពេ​លនេះ?
លោក Ken Gadaffi៖
ពិត​ណាស់ ខ្ញុំស​ង្កេត​ឃើញ​ថា មាន​ការ​តវ៉ា​ផង​ដែរ ប៉ុន្តែ​វាកើត​ឡើង​តែនៅ​កន្លែង​មួយចំនួន​ប៉ុណ្ណោះ។ បរិយា​កាស​នៅពេល​គឺ​មាន​សភាព​ល្អ​ប្រសើរ ហើយ​អ្វី​ទាំងអស់​នឹងវិល​ទៅ​រ​ក​សភាព​ធម្មតា​វិញ​ជាមិន​ខានឡើយ។

លោក អ៊ឹង​ ចំរើន៖ តើ​គាំទ្រ​ក្រុម​ណាមួយ​ជាពិសេស​ដែរ​ឬទេ?
លោក Ken Gadaffi៖
បេះដូង​របស់​ខ្ញុំ​គឺនៅ​ជាមួយ​ក្រុម​នីហ្សេរីយ៉ា ដែល​ជាជាតិ​កំណើត​របស់​ខ្ញុំ។ នៅទីនេះ ខ្ញុំលឺ​តែ​ការ​ស្រែក​ថា ប្រេស៊ីល ប្រេ​ស៊ីល ហើយ​បើតាម​ការទស្សន៍​ទាយ​របស់​ខ្ញុំ ប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ និងអេស្ប៉ាញ អាច​ឈាន​ដល់​វគ្គ​ចុង​ក្រោយ។


លោក អ៊ឹង ចំរើន៖ បើតាម​ការមើល​ឃើញ​របស់​លោក តើ​មាន​ក្រុម​ដែល​អាច​បង្ហាញ​នូវភាពលេ​ចធ្លោដែរឬទេ?
លោក Ken Gadaffi៖
វា​នឹងមាន​រឿងភ្ញាក់ផ្អើល​មួយ​ចំនួន។ បែលហ្ស៊ិ​ក នីហ្សេរីយ៉ា ហ្គាណា ស៊្វីស និង​ព័រទុយហ្គាល់ សុទ្ធ​តែអាច​គម្រាម​កំហែង​ដល់ក្រុម​ដទៃ រីឯអ៊ុ​យរូហ្គា​យ និងអាហ្សង់ទីន គឺ​ជា​ក្រុម​ដែលមិនអាច​មើល​រំលង​បាន​ឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com