កីឡាជាតិ
ជាតិ
សង្គមជាតិ
«ហ្វេ​ស​ប៊ុ​ក»ក្លាយជា​របាំង​នៃ​ការទប់ស្កាត់​ល្បែងភ្នាល់​បាល់​នៅ​កម្ពុជា
14, Jun 2014 , 11:42 am        
រូបភាព
ដោយ:
គិត​មកដល់​ថ្ងៃ១៤ ខែមិថុនា​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​មិនទាន់​ទទួល​របាយការណ៍ អំពី​តុល្យ​ការណ៍​ចុងក្រោយ​នៃ​បទល្មើស​ដែល​កើតចេញពី​ការ​ភ្នាល់​បាល់ នៃ​ការប្រកួត World Cup នា​រដូវ​កាល​ឆ្នាំ២០១៤នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​មន្ត្រី​នាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​ការលំបាក​មួយចំនួនរ​បស់​សមត្ថកិច្ច ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ល្បែងស៊ីសង​ភ្នាល់​បាល់ ដោយសារ​អ្នកប្រព្រឹត្តិ​បាន​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ប្រព្រឹត្តិ​បទល្មើស។


បច្ចេកវិទ្យា​ទូរស័ព្ទ ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​ទំនាក់ទំនង​តាម​អ៊ី​ធឺ​ណែ​ត​មួយចំនួនទៀត កំពុង​ក្លាយជា​ឧបសគ្គ​របស់​កម្លាំង​សមត្ថកិច្ច​កម្ពុជា ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​បាល់​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤នេះ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រី​ទ្ធ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​អំពី​ភាព​វិជ្ជមាន​នៃ​ការទប់ស្កាត់​ល្បែងស៊ីសង ជាពិសេស​ល្បែងភ្នាល់​បាល់ ដែល​អគ្គស្នងការ​សម្រេច​បាន​កន្លងមក ហើយ​ថា សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ២០១៤នេះ កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​ដុត​ដាំ​ដុតជើង​ដើម្បី​បន្ត​ទប់ស្កាត់​បទល្មើស​ដែល​កើតចេញពី​ការ​ភ្នាល់​បាល់​នេះ​ផងដែរ។ ក៏ប៉ុន្តែ​ជាមួយគ្នានេះ បញ្ហា​ចោទ​នៃ​ភាពទំនើប​របស់​ប្រព័ន្ធ​បច្ចេកវិទ្យា កំពុង​ក្លាយជា​របាំង​នៃ​ការ​ស្កាត់​របស់​កម្លាំង​សមត្ថកិច្ច។  

ថ្លែងប្រាប់​គេហទំព័រថ្មីៗនៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក បានបង្ហាញ​អំពី​ភាពលំបាក​របស់​កម្លាំង​សមត្ថកិច្ច​ចំពោះ​ការទប់ស្កាត់​បទល្មើស​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​បាល់ បើទោះជា​ចំណាត់ការ​របស់​អគ្គស្ន​ង​ការ​បានបញ្ចប់​ទាំងស្រុង​លើ​ករណី​ភ្នាល់​បាល់​ជា​សាធារណៈ​ស្ទើ​តែ១០០ភាគរយ​នោះ​ហើយក៏​ដោយ។ លោក​បាន​សង្កត់ធ្ងន់ថា៖ «នៅពេលនេះ យើង​កំពុង​ជួប​បញ្ហា​ចោទ ដែល​នាំ​ឲ្យ​ពិបាក​ដល់​កម្លាំង​ដែល​ត្រូវ​ចុះបង្ក្រាប់​ល្បែងភ្នាល់​បាល់។ ពីព្រោះ​ពេលនេះ​គេ​ឈប់​ភ្នាល់​តាម​រោង​កាហ្វេ តាម​កន្លែង​ភ្នាល់ ឬ​ជា​សាធារណៈហើយ ប៉ុន្តែ​យើង​ដឹងថា​ពួកគេ​បាន​ងាក​ទៅប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដូចជា​ទូរ​សព្ទ ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អ៊ី​ន​ធឺ​ណែ​តផ្សេងៗទៀត ដើម្បី​ប្រព្រឹត្តិ​បទល្មើស។ ដូច្នេះ​យើង​ពិបាក​នឹង​រក​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​ពួ​គេ។ ប៉ុន្តែ​យើង​នៅតែ​ព្យា​យាម​រក​វិធី​ទប់ស្កាត់​ឲ្យ​បាន​អស់ពី​លទ្ធភាព»។  

ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ២០១៤ បាន​ឈាន​ចូលដល់​ថ្ងៃទី៣ហើយ សម្រាប់​រយៈពេល​ប្រកួត ដែល​រៀបចំឡើង​ជិត១ខែ​នោះ។ ប្រទេស​កម្ពុជា​តែងតែ​ទទួលរង​ផល​អវិជ្ជមាន​ពី​ការប្រកួត​នេះ ដោយសារ​តែមាន​ពលរ​ដ្ឋ​មួយចំនួន​វក់វី​នឹង​ការ​ភ្នាល់​បាល់ រហូត​ឈានទៅដល់​ការបង្ក​បញ្ហា​អសន្តិសុខ​ដល់​សង្គម​ទៀតផង។ រហូតមកដល់​ថ្ងៃ​សៅរ៍​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​មិនទាន់​ទទួលបាន​របាយការណ៍ ដែល​បញ្ជាក់​អំពី​បទល្មើស​កើតចេញពី​ការ​ភ្នាល់​បាល់ទាត់​ពិភពលោក​នោះ​នៅឡើយ​ទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ​ឯក គៀត ច័ន្ទ​ថា​រី​ទ្ធ។

យ៉ាងណាក៏ដោយ​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​រូបនេះ បាន​អះអាងថា​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅគ្រប់​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ថ្នាក់ឃុំ សង្កាត់​ទូទាំងប្រទេស ឲ្យ​បង្កើន​ការតាមដាន​ការប្រព្រឹត្តិ​ល្បែងភ្នាល់​បាល់ និង​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បា​យល់​អំពី​ផល​លំបាក់​នៃ​ការ​ប្រ​ព្រឹ​តិ្ត និង​ការ​ប្រឈម​ចំពោះ​ចំណាត់ការ​ច្បាប់​ជាដើម​នោះ៕      


© រក្សាសិទ្ធិដោយ thmeythmey.com