កីឡាអន្តរជាតិ
អន្តរជាតិ
Persie មានវត្តមានក្នុងជំនួបជាមួយម៉ិកស៊ិក ខណៈក្រិក និងកូស្តារីកា ត្រៀមសាងប្រវត្តិសាស្ត្រ
× ហូឡង់ត្រូវប្រកួតជាមួយម៉ិកស៊ិកក្នុងវគ្គ១៦ក្រុមចុងក្រោយក្រោមកម្តៅដ៏ក្តៅ និងសើមនៃទីក្រុង Fortaleza ស្របពេលដែលក្រុមទាំងនឹងស្វែងរកកៅអីមួយក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។ Van Persie ដែលរកបាន២៤៧គ្រាប់ក្នុងអាជីពរបស់គេនោះ បានអវត្តមានក្នុងពេលក្រុមហូឡង់ទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិស៊ីលី ក្នុងការប្រកួតចុងក្រោយនៃពូល B របស់ពួកគេដោយសារតែការជាប់ពិន័យព្យួរ។
ហូឡង់ បានបញ្ចប់ក្នុងនាមជាក្រុមដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងជុំទី១ក្រោយពីរកបាន១០គ្រាប់ពីបីប្រកួត។ ប៉ុន្តែ ខណៈដែលក្រុមរបស់អឺរ៉ុបជាច្រើន ត្រូវបានទម្លាក់ក្រោមស្នាដៃក្រុមនៅអាមេរិកឡាទីនក្នុងប្រទេសប្រេស៊ីល ក្រុមជម្រើសជាតិហូឡង់ នឹងត្រូវជាចាំបាច់នូវរាល់ជំនាញរកគ្រាប់បាល់ទាំងអស់របស់ Van Persie និងដៃគូរបស់គេ Arjen Robben។
ខ្សែបម្រើកណ្តាល Leroy Fer ដែលបានរកគ្រាប់បាល់បញ្ចូលទីនៅពេលជួបជាមួយនឹងស៊ីលីនោះ កំពុងជួបបញ្ហារបួស និងពិតជាត្រូវអវត្តមានក្នុងការប្រកួតនេះ។ លោក Louis van Gaal គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហូឡង់ ក៏មានការព្រួយបារម្ភពីកម្តៅនៅទីក្រុង Fortaleza ផងដែរ និងកំពុងតែទាមទារថា ការសម្រាកផឹកទឹកត្រូវតែធ្វើឡើង។
ម៉ិកស៊ិក បានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រតាមរយៈការឆ្លងកាត់វគ្គជម្រុះ ប៉ុន្តែ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេគួរឲ្យកត់សម្គាល់ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងជើងខ្លាំងប្រេស៊ីល ក្នុងការប្រកួតពូល A។ អ្នកចាំទី Guillermo Ochoa របស់ម៉ិកស៊ិក បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតនាពេលនោះ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា)។
ដោយឡែកជំនួបមួយគូទៀត លោក Fernando Santos គ្រូបង្វឹកនៃក្រុមជម្រើសជាតិក្រិក បានលើកទឹកចិត្តដល់ក្រុមរបស់លោកឲ្យ «បង្កើតប្រវត្តិសាស្ត្រ» ខណៈដែលពួកគេមានបំណងធ្វើដំណើរទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup របស់ពួកគេតាមរយៈការផ្តួលក្រុមជម្រើសជាតិកូស្តារីកានៅរាត្រីនេះ។
ក្រុមជម្រើសជាតិក្រិក បានឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយនេះជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយពីគ្រាប់បាល់ស៊ុតប៉េណាល់ទីនៅនាទីចុងក្រោយរបស់កីឡាករ Georgios Samaras បានជួយឲ្យពួកគេទទួលជ័យជម្នះ ២-១ លើក្រុមជម្រើសជាតិកូតឌីវ័រកាលពីសប្តាហ៍មុន។
លោក Santos ដែលកិច្ចសន្យារបស់លោកជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់ក្រិក នឹងចាប់បញ្ចប់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ទទួលស្គាល់ថា ការធ្វើដំណើរទៅវគ្គ៨ក្រុមចុងក្រោយនឹងមិនមានភាពងាយស្រួលឡើយ។ ការមានទម្រង់លេងដ៏ល្អរួមជាមួយនឹងការវាយសម្រុករហ័សរបស់ក្រុមជម្រើសជាតិកូស្តារីកា បានជួយឲុ្យពួកគេបង្កើតភាពភ្ញាក់ផ្អើលជាច្រើនតាមរយៈការឈរលេខ១ក្នុងពូល D ក្រោយពីទទួលជ័យជម្នះលើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងអ៊ីតាលី និងបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងអង់គ្លេស។
ក្រុមរបស់អាមេរិកកណ្តាលមួយនេះ ត្រូវបានរំពឹងថា នឹងមានប្រៀបតាមរយៈការទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្ររបស់ខ្លួននៅពេលដែលការប្រកួតនេះចាប់ផ្តើមនៅក្នុងទីក្រុង Recife។
ស្របពេលជាមួយគ្នានេះ លោក Jorge Luis Pinto បានអំពាវនាវឲ្យក្រុមរបស់លោក «សម្លឹងឲ្យឆ្ងាយ» ក្នុងការប្រជែងដើម្បីបង្ហាញខ្លួនជាលើកទី១ជាប្រវត្តិសាស្ត្រក្នុងវគ្គ១/៤នៃយុទ្ធនាការ World Cup។ កូស្តារីកានឹងត្រូវប្រកួតជាមួយនឹងក្រិកក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងទីក្រុង Recife នារាត្រីនេះ ក្រោយពីការជួបយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេក្នុងពូល D បានជួយឲ្យពួកគេផ្តួលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ៣-១ និងអ៊ីតាលី ១-០ មុននឹងបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com