កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ និង​បារាំង​ទៅ​ជួបគ្នា​នៅ​វគ្គ​បន្ត បន្ទាប់ពី​យកឈ្នះ​គូប្រជែង​ពី​ទ្វីបអាហ្វ្រិក​ទាំង​លំបាក
01, Jul 2014 , 9:14 am        
រូបភាព
ដោយ: ថ្មីៗ
ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ឈានចូល​ថ្ងៃអាទិត្យ ក្រុម​នៅ​តំបន់​អឺរ៉ុប អាល្លឺម៉ង់ និង​បារាំង បាន​យកឈ្នះ​គូប្រជែង​ដែល​មកពី​តំបន់​អាហ្វ្រិក​ទាំង​លំបាក។ អាល្លឺម៉ង់​មិនអាច​ធ្វើ​អ្វី​បានឡើយ​លើ​អាល់​ហ្សេ​រី​សម្រាប់​ការប្រកួត៩០នាទី​ពេញ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​ដណ្តើមបាន​ជ័យជម្នះ ២-១ នា​អំឡុង​នៃ​ការបន្ថែម១៥នាទី ពីរដង។ រីឯ​ជំនួប​គូ​ទីមួយ បារាំង បាន​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-០ នា​រយៈពេល១០នាទីចុងក្រោយ។ ដូច្នេះ​អាល្លឺម៉ង់ និង​បារាំង ត្រូវ​ប៉ះគ្នា​នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈ​អាល់​ហ្សេ​រី និង​នី​ហ្សេ​រី​យ៉ា ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ។



គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​បន្ថែម​ពី​សំណាក់​កីឡាករ​បម្រុង Andre Schuerrle និង​ខ្សែបម្រើ Mesut Ozil បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ក្នុងការ​ប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ និង​បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​បី​សម័យកាល​មួយ​នេះ​ឈានទៅ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup។
ខ្សែបម្រើ Mesut Ozil របស់អាល្លឺម៉ង់ស៊ុតបាល់បញ្ចូល​ទី​គ្រាប់ទី​ពីរ​ លើ​អាល់​ហ្សេរី

ជ័យជម្នះ​នៅឯ​កីឡដ្ឋាន Beira-Rio ក្នុង​ទីក្រុង Porto Alegre នេះ គឺជា​ការទទួល​ជ័យជម្នះ​ជា​លើក​ទី១របស់​អាល្លឺម៉ង់​លើ​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ក្នុងចំណោម​ការជួបគ្នា​បី​លើក ប៉ុន្តែ ក្រុម​អាល្លឺម៉ង់​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ​ក្នុង​រយៈពេល១២០នាទី។ ការ​ឆ្កឹះ​បាល់​បញ្ចូល​ទី​នៅ​នាទី ទី៩២របស់ Schuerrle បន្ទាប់មក​ការ​ស៊ុត​បាល់​បំប៉ោង​សំណាញ​នៅ​នាទី ទី១១៩ របស់ Ozil គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ក្រុម​អាល្លឺម៉ង់​របស់លោក Joachim Loew ឈានទៅ​ប្រកួត​ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅឯ​កីឡដ្ឋាន Maracana  ក្នុង​ទីក្រុង Rio de Janeiro ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង។

ខោ​របស់​កីឡាករអាល់ហ្សេរី Yacine Brahimi ត្រូវបាន​កីឡាករ​អាល្លឺម៉ង់​ទាញ

ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី បា​នរក​គ្រាប់​បាល់​លួង​ចិត្ត​មួយ​គ្រាប់​សម្រាប់​ការ​វាយ​សម្រុក​ដ៏​ខ្លាំងក្លា នៅមុននេះ​សំឡេង​កញ្ចែ​ចុងក្រោយ ខណៈដែល​កីឡាករ Abdelmoumene Djabou បា​នរក​គ្រាប់​បាល់​ទី២ក្នុង​យុទ្ធនាការ World Cup មួយ​នេះ។ លទ្ធផល​នេះ​បង្ហាញថា ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ មានឱកាស​ស៊ុត​បាល់​សំដៅ​ទី​ច្រើនជាង​អាល់​ហ្សេ​រី​ត្រឹមតែ៣លើក​ប៉ុណ្ណោះ ហើយ​ការខ្វះ​សមត្ថភាព​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ពួកគេ នឹង​ក្លាយជា​កង្វល់​មួយ​សម្រាប់​លោក Loew។

ខ្សែបម្រើ​វ័យ​ក្មេង Paul Pogba រក​បានគ្រាប់ទីមួយឲ្យ​បារាំង

រី​ឯ​ជំនួបមួយ​គូ​ទៀត​ គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​របស់​ខ្សែបម្រើ Paul Pogba និង​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Joseph Yobo បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​ទទួល​ជ័យជម្នះ​លើ​ក្រុម​នី​ហ្សេ​រី​យ៉ា ២-០ ក្នុង​ទីក្រុង Brasilia កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ឈានទៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ World Cup។

លោក Stephen Keshi គ្រូបង្វឹកនីហ្សេរីយ៉ា​បាន​លាលែងពី​តំណែងក្រោយ​ហាលអាវ

Pogba បាន​បំបែក​ពងមាន់​នៅ​នាទី ទី៧៩ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយពី​អ្នកចាំទី Vincent Enyeama ដែល​លេង​ឲ្យ​ក្លិប Lille របស់​បារាំង មិនអាច​ចាប់​បាល់​បាន​ពី​ការ​ទាត់​ចេញពី​ជ្រុង។ វា​បាន​ក្លាយជា​ពេលវេលា​ដ៏​ស្វិតស្វាញ​មួយ​សម្រាប់ Enyeama ប៉ុន្តែ បាន​សង្គ្រោះ​បាល់​ពី​ការដាក់​សម្ពាធ​របស់​បារាំង​ជាច្រើន​មុននឹង​កីឡាករ Antoine Griezmann បានធ្វើ​ឲ្យ Yobo ទាត់​បាល់​ចូល​ទី​ខ្លួនឯង​នៅ​ជិត​បញ្ចប់​ការប្រកួត៕

ប្រែ​សម្រួល​ដោយ ផេង សំណាង
រូបថត fifa.com



© រក្សាសិទ្ធិដោយ thmeythmey.com