កីឡាអន្តរជាតិ
អន្តរជាតិ
Suarez សុំ​​អភ័យ​ទោស Chiellini ជុំ​វិញ​​ឧប្ប​​ត្តិ​ហេតុ​ខាំ
01, Jul 2014 , 12:15 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ​ដែល​ខូច​ឈ្មោះ Luis Suarez កាល​ពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​​ទៅ​កាន់​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អ៊ីតាលី Giorgio Chiellini សម្រាប់​ការ​ប្រើ​ធ្មេញ​ខាំ​ដែល​បាន​ធ្វើ​ឲ្យ​រូប​គេ​រង​ពិន័យ​ព្យួរ​រយៈ​ពេល​បួន​ខែពីគ្រប់​សកម្មភាព​បាល់ទាត់ និង​៩ប្រកួត​សម្រាប់ក្រុម​ជម្រើស​ជាតិ ដែល​បង្ខំ​ឲ្យ​រូបគេ​ចេញ​ពី​យុទ្ធ​នា​ការ World Cup​។



Suarez បាន​ទទួល​ស្គាល់​ថា កីឡាករ​របស់​អ៊ី​តាលី​ ​ពិត​ជា​ត្រូវ​បាន​រូប​គេ​ខាំ​មែន​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Liverpool វ័យ​២៧​​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ចំ​​ពោះ​អ្វី​ដែល​បាន​កើត​ឡើង​»​។

កីឡាករ​រូប​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន​ថា៖ «ខ្ញុំ​សុំ​​​ទោស​ចំ​ពោះ Giorgio Chiellini និង​ក្រុម​គ្រួ​សារ​កីឡា​បាល់​ទាត់​ទាំង​មូល​។ ខ្ញុំ​សន្យា​ជា​សា​ធារណៈ​ថា វា​នឹង​មាន​រឿង​រ៉ាវ​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​ឡើយ​»​។

Chiellini ដែល​បាន​និយាយ​ថា ការ​ដាក់​ពិន័យ​ព្យួរ​នេះ មាន​កម្រិត​ធ្ងន់​ធ្ងរ​ពេក​ហើយ​នោះ បាន​ប្រតិ​កម្ម​​ភ្លាម​ៗ​ចំ​ពោះ​ការ​សុំ​ទោស​របស់ Suarez​។ រូប​គេ​បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «រឿង​រ៉ាវ​នេះ​ត្រូវ​បាន​បំ​ភ្លេច​ចោល​​អស់​ហើយ​។ ខ្ញុំ​សង្ឃឹម​ថា FIFA នឹង​កាត់​បន្ថយ​ការ​ដាក់​ពិន័យ​ព្យួរ​របស់​អ្នក​»​។

ប្រធានា​ធិបតីអ៊ុយរូហ្គាយ ក៏​បាន​រិៈគន់​ខ្លាំង​ៗ​ផង​ដែរ​ចំពោះ FIFA ទាក់ទង​នឹងការពិន័យនេះ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com