កីឡាអន្តរជាតិ
អន្តរជាតិ
ស្វ៊ី​ស​ និង​​អាមេរិក ​ត្រូវ​ការ​​ប្រឹង​ប្រែង​​ខ្ពស់​​ក្នុង​ជំនួប​​ជា​មួយ​​អា​ហ្ស​ង់​ទីន​ និង​​បែល​ហ្ស៊ិក​ នៅ​​រាត្រី​​នេះ​
01, Jul 2014 , 8:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស កំពុងតែ​សង្ឃឹមថា ការប្រកួត World Cup វគ្គ១៦ក្រុម​ចុងក្រោយ​នៅ​រាត្រី​នេះ នឹង​ក្លាយជា «ការប្រកួត​លើទឹក​ដី​ខ្លួនឯង» សម្រាប់​ពួកគេ ខណៈដែល​ពួកគេ​សម្លឹង​រក​ការទទួល​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​លើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​រារាំង​តារា​ឆ្នើម Lionel Messi។ ដោយឡែក ក្រុម​អាមេរិក​ពី​ត្រៀមខ្លួន​ធ្វើការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​សម្រាប់​ជំនួប​ជាមួយ​ក្រុម​មិន​ស្គាល់​ចាញ់​បែលហ្ស៊ិក នា​រាត្រី​នេះ​ផងដែរ។



ស្វ៊ី​ស​ស្វែងរក​ជ័យជម្នះ​លើកដំបូង​លើ​អា​ហ្ស​ង់​ទីន
ក្នុង​ទីក្រុង Sao Pauloស្វ៊ី​ស ត្រូវ​ប្រមាញ់​រក​ជ័យជម្នះ​ជា​លើក​ទី១លើ​អា​ហ្ស​ង់​ទីន​ក្នុងការ​ព្យាយាម​ជា​លើក​ទី៧ក្រោយពី​បាន​រង​បរាជ័យ៤លើក និង​ស្មើ២លើក។ ក្នុងជំនួប​ចុងក្រោយ​បំផុត​របស់​ពួកគេ ស្វ៊ី​ស​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ កាលពី​ខែមិថុនា ឆ្នាំ២០០៧ ក្នុង​ទីក្រុង Basel បន្ទាប់មក​បាន​រង​បរាជ័យ ៣-១ ក្នុង​ទីក្រុង Bern កាលពី​ខែកុម្ភៈ ឆ្នាំ២០១២ អំឡុងពេល​ការប្រកួត​មិត្តភាព​អន្តរជាតិ។

កាលពី​ពីរ​ឆ្នាំ​កន្លងទៅ ការប្រកួត​នេះ​បាន​ស្ថិតក្នុង​លទ្ធផល​ស្មើ ១-១ នៅមុន​ពេល Messi ដែលជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក​ចំនួន៤សម័យកាល បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​បំពេញ​ការរក​គ្រាប់​បាល់​ចំនួន​បី​គ្រាប់​ក្នុងការ​ប្រកួត​អន្តរជាតិ​ជា​លើក​ទី១របស់គេ​ក្នុង​មួយ​ប្រកួត។

អ្នកចាំទី​អន្តរជាតិ​ស្វ៊ី​ស Diego Benaglio បាន​និយាយថា ខណៈដែល​ពួកគេ​ដឹង​យ៉ាងច្បាស់​ពី​ការ​គំរាម​របស់ Messi ការ​ស្គាល់​ក្រុម​នេះ​យ៉ាងច្បាស់​នឹងមាន​តម្លៃ​សម្រាប់​ការប្រកួត​នៅ​រាត្រី​នេះ។ Benaglio បាន​ឲ្យ​ដឹងថា៖ «យើង​ត្រៀមលក្ខណៈ​ខ្លួន​យើង​ដើម្បី​ជួប​ជាមួយ Messi ក៏ដូចជា​កីឡាករផ្សេងៗទៀត ប៉ុន្តែ ពិតណាស់ រូបគេ​មាន​សមត្ថភាព​ក្នុងការ​កាត់សេចក្តី​ការប្រកួត​ជាច្រើន។ វា​នឹង​ពិតជា​លំបាក​ណាស់​ក្នុងការ​រារាំង​រូបគេ ប៉ុន្តែ គេ​មិនមែនជា​កីឡាករ​ដ៏​គ្រោះថ្នាក់​តែ​ម្នាក់​នៅក្នុង​ក្រុម​ខ្លាំង​មួយ​ឡើយ»។

អាមេរិក​ព្យាយាម​បើក​ការ​វាយ​សម្រុក​លើ​បែលហ្ស៊ិក
បែលហ្ស៊ិក​បាន​ឆ្លង​ផុត​វគ្គ​ប្រកួត​តាម​ពូ​ល​ជាមួយនឹង​ការទទួល​ជ័យជម្នះ៣លើក​ពី​បី​ប្រកួត​នៅពេល​ជួប​ជាមួយ​អាល់​ហ្សេ​រី រុស្ស៊ី និង​កូរ៉េខាងត្បូង ប៉ុន្តែ មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រំភើប និង​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ពួកគេ​ដូច​ទៅនឹង​ការរំពឹងទុក​ឡើយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ជាមួយនឹង​ការ​មាន​កីឡាករឆ្នើមៗដូចជា Eden Hazard, Kevin De Bruyneនិង​RomeluLukaku វាដ​ល់ហើយ​ក្នុងការ​បង្ហាញ​ពី​ទម្រង់​លេង​ដែលមាន​ការផ្លាស់ប្តូរ​នោះ ហើយ​ក្រុម​ជើង​ខ្លាំង​របស់​អឺរ៉ុប​មួយ​នេះ នឹង​ក្លាយជា​គូប្រជែង​ដ៏​ខ្លាំង​សម្រាប់​អាមេរិក ដែល​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តាមរយៈ​ការ​ផ្តួល​ហ្គា​ណា និង​ព័រ​ទុយ​ហ្គា​ល់​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បី​ឈានទៅ​វគ្គ​បន្ត​រួមជាមួយ​អាល្លឺម៉ង់។

ការច្របាច់បញ្ចូល​ទី​ជា​ក្រុ​មួយ និង​ភាពរឹងមាំ​លើ​ផ្នែក​សារពាង្គកាយ​របស់​ក្រុម​ជម្រើសជាតិ​អាមេរិក ត្រូវបានធ្វើ​ឲ្យ​ឡើយ​ប្រសើរឡើង​ដោយ​លោកគ្រូ​បង្វឹក JurgenKlinsmann ដែល​ផ្តោតទៅលើ​ការបញ្ជូន​បាល់​រហ័ស ហើយ​បច្ចេកទេស​នេះ ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​មាន​ភាព​មុត​ស្រួច​ដ៏​គួរ​ឲ្យ​កត់សម្គាល់។ មិនតែប៉ុណ្ណោះ វា​ក៏​បង្ហាញ​ពី​ថាមពល​ដ៏​ខ្លាំង​មួយ​ដែល​អាច​នឹង​ទប់ទល់​ជាមួយនឹង​ក្រុម​បែលហ្ស៊ិក​បាន​ផងដែរ។

លោក Marc Wilmots គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ពួកគេ​ពិត​ជាមាន​ភាពរឹងមាំ​នៅពេលនេះ។ យើង​កំពុងតែ​ត្រៀម​សម្រាប់​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ»។ ការចាប់ផ្តើម​ដ៏​រហ័ស​មួយ​អាច​នឹង​ក្លាយជា​កូនសោ​សម្រាប់​ការ​ទៅ​វគ្គ​របស់​អាមេរិក ដែល​កត់សម្គាល់ថា ក្រុម​បែលហ្ស៊ិក​បាន​ចំណាយពេល​យ៉ាងហោចណាស់​រហូតដល់៧០នាទី​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​រាល់​ការប្រកួត​ទាំងបី​លើក​ក្នុង​ពូ​ល។

បែលហ្ស៊ិក​បានទទួល​ជ័យជម្នះ៤លើក​ក្នុងចំណោម​ជំនួប៥លើក​របស់​ពួកគេ​ជាមួយនឹង​អាមេរិក ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការទទួល​ជ័យជម្នះ ៤-២ ក្នុង​ទីក្រុង Cleveland កាលពី​ខែឧសភា ឆ្នាំមុន​ផងដែរ។ ការទទួល​ជ័យជម្នះ​តែមួយ​លើក​សម្រាប់​អាមេរិក បាន​កើតឡើង​ក្នុងការ​ប្រកួត World Cup ឆ្នាំ១៩៣០ ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com