ខ្សែប្រយុទ្ធ Lionel Messi បានសង្គ្រោះក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនម្តងទៀតដើម្បីជួយឲ្យពួកគេផ្តួលក្រុមជម្រើសជាតិស្វ៊ីស ខណៈដែលដំណើរដ៏ល្អក្នុងការប្រកួត World Cup របស់ក្រុមជម្រើសជតិសហរដ្ឋអាមេរិកបានឈានដល់ទីបញ្ចប់នៅពេលជួបក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពីថ្ងៃអង្គារ។
Messi បានជួយបង្កើតឱកាសនៃការរកគ្រាប់បាល់ឈ្នះសម្រាប់ Angel Di Maria នៅក្នុងរយៈពេលពីរនាទីចុងក្រោយនៃនាទីបន្ថែម១៥នាទីពីរដងដើម្បីជួយឲ្យក្រុមរបស់អាមេរិកខាងត្បូងមួយទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិស្វ៊ីស។
កីឡាករ Angel di Maria អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនដែលនាំឲ្យអាហ្សង់ទីនឡើងទៅកាន់វគ្គបន្ត
ការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យពីសំណាក់អ្នកចាំទី Tim Howard បានធ្វើឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកត្រូវបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្រោយពីរយៈពេល៩០នាទី។ ប៉ុន្តែ ការប្តូរឲ្យខ្សែប្រយុទ្ធ Romelu Lukaku ដែលមានមូលដ្ឋាននៅអង់គ្លេស ចូលលេង បានធ្វើឲ្យការប្រកួតនេះធ្លាក់ក្នុងដៃរបស់ក្រុមបែលហ្ស៊ិកតែម្តង។
អ្នកចាំទីអាមេរិក Tim Haward សោកស្តាយដែលមិនអាចនាំក្រុមឈានទៅកាន់វគ្គបន្ត
ការប្រើល្បឿនដ៏មានថាមពលរបស់ខ្សែប្រយុទ្ធនៃក្លិប Chelsea រូបនេះ បានជួយឲ្យខ្សែបម្រើ Kevin De Bruyne រកគ្រាប់បាល់បើកឆាកនៅនាទី ទី៩៣ នៅមុនពេលរូបគេបានទទួលបាល់យ៉ាងល្អ និងបានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ Howard ដើម្បីរកគ្រាប់បាល់ទី២តែម្តង។