កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​គាំ​ទ្រ​ចង់​ឲ្យ Tim Howard ទ​ទួល​បាន​ការ​តែងតាំ​ងជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ
03, Jul 2014 , 3:47 pm        
រូបភាព
ដោយ: រួបរួម
នាពេ​ល​បច្ចុប្បន្ន អ្នក​ចាំទី Tim Howard កំពុង​ក្លាយ​ជា​វីរបុរស​របស់​សហ​រដ្ឋ​អាមេរិក បន្ទាប់ពីរូប​គេ​បាន​សង្គ្រោះ​បាល់​រហូត​ដល់​ទៅ​១៦​លើក​នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុងព្រឹត្តិការណ៍​ World Cup នៅ​ប្រទេស​ប្រេស៊ីល បើ​ទោះបី​ជា​អាមេរិក​ចាញ់​បែលហ្ស៊ិក ២-១ ក៏​ដោយ។



ដើម្បី​លើក​កិត្តិ​យសដល់​វីរបុរស​របស់​ខ្លួន ក្រុមអ្នក​គាំទ្រ​កីឡបាល់ទាត់ បាន​នាំគ្នា​ធ្វើញត្តិ​ចំនួន​ពីរ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​សេត​វិមាន ដែល​ទីមួយ ពួក​គេ​ចង់ដូរឈ្មោះ​អាកាសយានដ្ឋាន Ronald Reagan Washington National Airport ទៅ​ជា​ឈ្មោះ Howard និង​ទីពីរ​ ពួក​គេ​ចង់​ឃើញ​ការ​តែងតាំង Howard ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ នា​ពេល​អនាគត។

សម្រាប់​​អ្នកនាំ​ពាក្យ​សេត​វិមាន លោក Josh Earnest វា​ជា​រឿង​កំប្លែងមួយ​ក្នុង​ការ​តែងតាំង Tim Howard ជា​រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ ប៉ុន្តែលោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពិត​ជា​រីករាយ​នូវ​អ្វី​ដែលអ្នក​ចាំទី​រូប​នេះ បាន​បំពេញនៅ​ក្នុងព្រឹត្តិការណ៍ World Cup ។ ប្រមុខ​សេតវិមាន​ក៏​បានទូរសព្ទ​ផង​ដែរ​ទៅកាន់ Howard និងប្រធានក្រុម Clint Dempsey ដើម្បីអបអរដល់ពួក​គេ។

​នៅលើ​គេហទំ​ព័ររប​ស់សេ​តវិមាន (whitehouse.gov) ពល​រដ្ឋ​អាមេរិក​អាច​មាន​សិទ្ធិ​សរសេរញត្តិ​បាន​នៅ​លើ​ផ្នែក «We the People»។ រដ្ឋបាល​លោក​ អូបាម៉ា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ញត្តិ​ដែល​មាន​សំឡេង​គាំទ្រ​រហូត​ដល់​១សែន​សំឡេងក្នុងរយៈពេល​១ខែ នឹង​ទទួល​បាននូវ​ការឆ្លើយ​តប​ជាផ្លូវ​ការ។ បើគិត​ត្រឹម​រសៀល​ថ្ងៃព្រហ​ស្បតិ៍នេះ ញត្តិ​ដែល​ចង់ឲ្យ​ដូរ​ឈ្មោះព្រលានយន្តហោះ Reagan ទៅជា Howard មាន​សំឡេងគាំទ្រ​ជាង​១៣០០ ខណៈ​ញត្តិ​ដែល​ចង់​ឲ្យ Howard ក្លាយ​ជារដ្ឋមន្ត្រីការពារ​ជាតិ មាន​សំឡេងគាំទ្រ ជាង​៨០០​សំឡេង។ បើសិន​ញត្តិទាំងនេះ ឈាន​ទៅ​ដល់គោលដៅមុន​ថ្ងៃទី​៣១ ខែ​កក្កដា អ្នកគាំទ្រ​នឹង​ទទួល​បាន​នូវ​ការឆ្លើយ​តបពី​សេត​វិមាន។

លោក Chuk Hagel រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សហ​រដ្ឋអាមេរិក ក៏​បាន​ប្រើ​គណនី​ Twitter ដើម្បីអបអរ​ដល់ Howard ផង​ដែរ។ លោក​បាន​សរសេរថា «អរគុណ​ដែល​បាន​ការពារ​សហ​រដ្ឋអាមេរិក។ យើង​ជា​ជន​ជាតិ​អាមេរិក មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ»៕




© រក្សាសិទ្ធិដោយ thmeythmey.com