អន្តរជាតិ
Kaka ចុះ​​កិច្ចសន្យា​លេង​នៅ​ក្លិប​ក្នុង​​លីក​កំពូល​អាមេរិក
04, Jul 2014 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​បាល់ទាត់​ខ្សែ​​បម្រើ​ប្រយុទ្ធ​​ដ៏​ល្បីល្បាញ​ក្នុង​​ពិភពលោក​​នា​​ទសវត្ស​ឆ្នាំ ២០០០ ជនជាតិ​ប្រេស៊ីល Ricardo Kaka បាន​សម្រេច​ចុះ​កិច្ចសន្យា​រួមរស់​ជាមួយ​ក្លិប Orlando City SC នៃ​លីក​កំពូល​អាមេរិក Major Soccer League (MSL) នៅ​រដូវកាល ២០១៥ ខាង​មុខ។



កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ​បាន​​បញ្ចប់​អាជីព​របស់​ខ្លួន​នៅ​តំបន់​អឺរ៉ុប​ក្រោយ​ពេល​​ក្រុម​ខ្លាំង​របស់​​ប្រទេស​អ៊ីតាលី AC Milan មិន​ព្រម​បន្ត​កុងត្រា​ជាមួយ​គេ​តទៅ​ទៀត ខណៈ​សព្វ​ថ្ងៃ Kaka កំពុង​ខ្ចី​ជើង​នៅ​ក្លិប​ São Paulo ឯ​ប្រទេស​កំណើត។

ក្លិប Orlando City SC បាន​ផ្សាយ​នៅ​លើ​គេហទំព័រ​ខ្លួន​​កាល​ពី​ថ្ងៃ​ទី ១ កក្កដា ថ្មីៗ នេះ​ថា ក្លិប​បាន​ចុះ​កិច្ចសន្យា​កក់​ទុក​មុន​ជាមួយ​កីឡាករ Kaka ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ស្រប​ពេល​កីឡាករ​ FIFA World Player of the Year ឆ្នាំ ២០០៧ រូប​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​​រដូវកាល​ថ្មី ដែល​នឹង​​បើក​ក្នុង​ខែ​មករា ឆ្នាំ ២០១៥។

ធ្លាប់​ចំណាយ​ជីវិត​លើ​ទឹក​ដី​អឺរ៉ុប​ប្រមាណ​​ជាង ១០ ឆ្នាំ Kaka បាន​និយាយ​ថា​៖ «ថ្នាក់​ដឹកនាំ​ក្លិប Orlando City SC ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​​ពួក​គេ​ចង់​បង្កើត​ក្លិប​មួយ​ដ៏​ខ្លាំង​ប្រចាំ​ប្រទេស​អាមេរិក។ យើង​ធ្លាប់​​និយាយ​គ្នា​​ជា​ច្រើន​​តាំង​ពី​ឆ្នាំ​២០១២ មក​ម៉្លេះ ប៉ុន្ដែ​ពេល​នេះ​យើង​បាន​សម្រេច​បំណង​ធ្វើ​កិច្ចកា​សំខាន់​ជាមួយ​គ្នា​ហើយ»។

លោក Phil Rawlins ប្រធាន​ក្លិប Orlando City SC បាន​លើក​ឡើង​ថា៖ «យើង​មិន​ត្រឹម​តែ​ទិញ​តារា​បាល់ទាត់​ល្បី​របស់​ប្រទេស​ប្រេស៊ីល​ទេ តែ​យើង​​ទិញ​តារា​ល្បី​ប្រចាំ​ពិភពលោក។ ឥឡូវ​នេះ​យើង​បាន​កសាង​កំណត់​ត្រា​ថ្មី​នៅ MLS»។

Kaka ជា​យុវជន​ថ្នាល​របស់​ក្លិប Sao Paulo ប្រទេស​ប្រេស៊ីល ចាប់​ពី​ឆ្នាំ ១៩៩៤ ដល់ ២០០០ ហើយ​នៅ​ឆ្នាំ ២០០១ ដល់ ២០០៣ ក្លិប​បាន​ជ្រើស​ឱ្យ​ចូល​​លេង​ក្នុង​ឈុត​ធំ​នៅ​លីក​​កំពូល​របស់​ប្រទេស។ ដោយ​សារ​សមត្ថភាព​លើ​ទីលាន​របស់​ខ្លួន ក្លិប AC Milan របស់​អ៊ីតាលី បាន​ទៅ​ចចារ Kaka ​ឱ្យ​ទៅ​កាន់​កីឡដ្ឋាន San Siro ចាប់​ពី​ឆ្នាំ ២០០៣ ដល់ ២០០៩។ ចេញ​ពី​អ៊ីតាលី Kaka បាន​​ទៅ​ជាន់​ទឹក​ដី​អេស៉្បាញ​ម្ដង ដោយ​​ចូលរួម​ជាមួយ​ក្រុម Real Madrid នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣។ នៅ​រដូវ​កាល​ ២០១៣ – ២០១៤ នេះ Milan បាន​​ហៅ​រូប​គេ​ត្រឡប់​មក​វិញ ខណៈ​ពាក់​កណ្ដាល​រដូវកាល​បាន​ឱ្យ​ក្លិប Sao Paulo ខ្ចី​ជើង៕

ប្រែសម្រួល៖ ប៉ែន ប៉ារ៉ាឌី




© រក្សាសិទ្ធិដោយ thmeythmey.com