កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ វគ្គ​៨ក្រុម​ចុងក្រោយ​ជា​ជំនួប​រវាង​អាមេរិក​ឡាទីន និងអឺរ៉ុប​ខាងលិច
04, Jul 2014 , 3:26 pm        
រូបភាព
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​នៅ​តំបន់អាមេរិកឡាទីនចំនួន​៤ និង​តំបន់អឺរ៉ុប​ខាងលិច​ចំនួន​៤ ត្រូវ​​ចាប់​ផ្តើម​ប្រ​ជែ​​ងគ្នា​ក្នុងការ​ប្រកួត​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័​ត្រ​នៃយុទ្ធ​នាការ​ដណ្តើមពាន​រង្វាន់​ពិភពលោក​ (FIFA World Cup) ឆ្នាំ​​​២០១៤ នៅ​ប្រទេសប្រេស៊ីល នា​រាត្រី​ថ្ងៃសុក្រនេះ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​តឹងតែង​បំផុត​ ពីព្រោះ​ក្រុម​ទាំង​៨សុទ្ធ​តែ​ជា​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខមួយ​ពី​ការប្រ​កួត​ជម្រុះ​តាមពូលកន្លងមក។




កំណត់​ត្រា​ថ្មី​មួយ​បាន​កើត​ឡើង​នៅ​ក្នុងព្រឹត្តិការណ៍ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់ពិភពលោក​ឆ្នាំ​២០១៤នេះ ដោយក្រុម​ទាំង​៨​ដែល​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខមួយពី​ការ​ប្រកួតជម្រុះ​តាម​ពូល សុទ្ធ​បាន​បន្ត​ជ័យ​ជ​ម្នះ​របស់​ខ្លួន​នៅ​វគ្គ​១៦ក្រុម​ចុងក្រោយ ខណៈ​៥ប្រកួតក្នុងចំណោម​៨​ប្រកួត​ឈាន​ទៅ​ដល់​ការ​បន្ថែម​ម៉ោង​១៥នាទី ពីរ​ដង។

វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ ឬ​៨ក្រុម​ចុងក្រោយដែល​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រនេះ គឺ​ជាការ​​តទល់​គ្នា​រវាង​ក្រុមនៅទ្វីបអាមេរិក និង​ក្រុម​នៅ​ទ្វីប​អឺរ៉ុប ហើយ​បើគិត​តាម​ភូមិសាស្ត្រ វាជាជំនួប​រវាងក្រុមនៅ​តំបន់​អាមេរិកឡាទីន និង​ក្រុម​នៅ​តំ​ប​ន់អឺរ៉ុបខាង​លិច។ សម្រាប់​តំបន់អាមេរិកឡាទីន ​បី​ក្រុម​ស្ថិតនៅភាគ​​អាមេរិក​ខាងត្បូង ដែល​រួមមាន​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ អាហ្សង់ទីន និងកូឡុំប៊ី រីឯកូស្តារីកា​ស្ថិតនៅ​អាមេរិកកណ្តាល។ ក្រុម​តំណាងឲ្យទ្វីបអឺរ៉ុប ឬ​អឺរ៉ុប​ខាងលិច​តែម្តង​​នោះ មាន​​បារាំង អាល្លឺម៉ង់ ហូឡង់ និង​បែល​ហ្ស៊ិក។​ វា​ក៏​ជាលើក​ទី​មួយ​ផង​ដែរ​ បើគិត​ចាប់​តាំងពី​ឆ្នាំ​១៩៦២មក ដែលវគ្គ​១/៤​ផ្តាច់ព្រ័ត្រនេះ គ្មាន​វត្តមាន​ក្រុមនៅ​តំបន់អឺរ៉ុប​ខាងត្បូង ដូចជា​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ និងប្រទេសនានា​​ដែលបំបែក​ចេញពី​​អតីតយូហ្គោស្លាវី។

ក្នុង​ដំណើរ​ឈាន​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​មកពី​ទ្វីបអឺរ៉ុប និងអាមេរិក សុទ្ធ​តែ​បានកក់​កៅអី​ម្ខាងមួយ​រួច​ទៅហើយ​ ពីព្រោះនៅ​រាត្រី​ថ្ងៃសុក្រនេះ បារាំងត្រូវ​ប៉ះ​អាល្លឺម៉ង់ មុន​ជំនួប​រវាងម្ចាស់ផ្ទះ​ប្រេស៊ីល និង​កូឡុំប៊ី ដោយឡែក​នៅ​ថ្ងៃសៅរ៍ អាហ្សង់ទីន ប៉ះបែលហ្ស៊ិក មុន​ជំនួប​រវាង​ហូឡង់ និងកូស្តារីកា។
បារាំង និងអាល្លឺម៉ង់ នឹងក្លាយ​ជាជំនួប​ត៏​តឹងតែងមួយនៅក្នុង​ទីក្រុង Rio de Janeiro ​ដោយ​ក្រុម​នៅ​តំបន់អឺរ៉ុប​ខាងលិច​ទាំងពីរនេះ មាន​ប្រវត្តិ​ប៉ះគ្នា​២៥លើក​ហើយ រាប់​បញ្ចូលទាំង​​បី​លើក​នៅ​ក្នុង World Cup។ ​កាលពី​ឆ្នាំ​១៩៥៨ បារាំង​ឈ្នះ​អាល្លឺម៉ង់​ខាងលិច​ ៦-៣ ដើម្បី​ដណ្តើមយក​ចំណាត់​ថ្នាក់​លេខបី ប៉ុន្តែអាល្លឺម៉ង់​ខាងលិច​បាន​យក​​ឈ្នះ​វិញនា​ជំនួបវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៦ ។​

សម្រាប់​ម្ចាស់ផ្ទះ​ប្រេស៊ីល និង​កូឡុំប៊ីដែល​ជា​ប្រទេស​ជិត​ខាងរបស់​ខ្លួន​ ពួក​គេ​ធ្លាប់​មាន​ប្រវត្តិ​ជួបគ្នា​ចំនួន​២៥ លើក ​មក ប៉ុន្តែវា​នឹង​ក្លាយ​ជា​ការ​ប្រឈមមុខ​ដាក់​គ្នា​លើក​ដំបូងរបស់ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ។ នេះ​ក៏​ជាវត្តមាន​លើក​ដំបូង​ផង​ដែរ​របស់កូឡុំប៊ី​នៅ​ក្នុងវគ្គ​១/​៤ផ្តាច់ព្រ័ត្រ។

ចំពោះ​អាហ្សង់ទីន និង​បែលហ្ស៊ិ​ក ក្រុមទាំងពីរ​ធ្លាប់​ជួបគ្នា​ចំនួន​៤លើក រួម​បញ្ចូលពីរលើកនៅ​ក្នុងព្រឹត្តិការណ៍ World Cup ដោយ​បែលហ្ស៊ិក​បានយក​ឈ្នះ ១-០ នៅ​វគ្គ​ជម្រុះ​តាមពូល​ក្នុង​ឆ្នាំ​១៩៨២ ហើយ​អាហ្សង់ទីន​ បាន​សងសឹក​ក្នុងលទ្ធ​ផល ២-០ វិញនៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​១៩៨៦ ។

ដោយឡែក ហូឡង់ និងកូស្តារីកា មិន​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នាឡើយ ខណៈកូស្តារីកា​ដែល​ស្ថិតនៅ​តំបន់អាមេរិក​កណ្តាល បាន​ឈានមក​​ដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ជាលើក​ដំបូង​ក្នុងប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ដោយសារ​​អេស្ប៉ា​ញ អ៊ីតាលី អង់គ្លេស បាន​ហាល​អាវនៅ​វគ្គ​ជម្រុះ​តាមពូល ហើយអ៊ុយរូហ្គាយ​​ធ្លាក់នៅ​វគ្គ​១៦ក្រុម​ចុងក្រោយនោះ ម្ចាស់ផ្ទះ​ប្រេស៊ីល ​អាល្លឺម៉​ង់ អាហ្ស​ង់ទីន និង​បារាំង ស្វែងរក​ឱកាស​ក្នុងការដណ្តើម​យក​ពាន​សារជា​ថ្មី​ម្តងទៀត ដោយ​ប្រេស៊ីល​ធ្លាប់ឈ្នះ​ចំនួន​៥លើក អាល្លឺម៉ង់៣លើក អាហ្សង់ទីន​២លើក និង​បារាំង១លើក។

ហូឡង់​ត្រៀម​ស្តារការខកចិត្ត​របស់ខ្លួន​ ខណៈ​ការ​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​បី​លើក​របស់ពួក​គេ​សុទ្ធ​តែ​ទទួល​រងនូវ​ការបរាជ័យ។ ងាក​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិកវិញ ពួក​គេ​​ធ្លាប់​ឈាន​ដល់​វគ្គ​នេះ​ចំនួន​ពីរ​លើក ហើយ​ក្នុងឆ្នាំ​១៩៨៦ ពួក​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខបួន។ ដោយឡែក កូឡុំប៊ី និងកូស្តារីកា ពួក​គេ​នឹង​ប្រឹង​សាងកំណត់​ត្រា​បន្ថែម​ទៀត បន្ថែមពី​លើការឈាន​មក​វគ្គ​១/៤​ផ្តាច់ព្រ័ត្រនេះ។

ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​នឹង​ត្រូវ​ឈាន​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៨ និង​ទី​៩ ខែកក្កដា ហើយការប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខបី​នឹង​ប្រព្រឹត្តិ​ទៅមួយ​ថ្ងៃមុន​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Maracana ក្រុង​ Rio de Janeiro នា​ថ្ងៃទី​១៣ ខែកក្កដា ខាងមុខនេះ។

ដោយឡែក កាលពី​ថ្ងៃម្សិលមិញ​​ មនុស្ស​២នាក់​បាន​ស្លាប់ និង​ប្រមាណ​២០នាក់ទៀត​​រង​របួស ហើយរថយន្ត​ជាច្រើន​បាន​ខ្ទេចខ្ទី​​ក្នុងហេតុការណ៍​បាក់​ផ្លូវ​ស្ពាន​អាកាស​ចូល​ទៅ​កាន់​កីឡដ្ឋាន Mineirao។ នេះ​ជារឿង​រ៉ាវ​ដ៏​សោក​សៅ​មួយ​បន្ថែមទៀត​សម្រាប់ក្រុម​ម្ចាស់​ផ្ទះប្រេស៊ីល ពីព្រោះ​មនុស្ស​ជាច្រើននាក់​ហើយ​បានរងគ្រោះ​ថ្នាក់​ដោយសារ​សំណង់មិន​រឹងមាំ។ កីឡដ្ឋាន Mineiro ដែល​ជាកីឡដ្ឋានដ៏​ធំ​បំផុត​ប្រចាំរដ្ឋ Minas Gerais បាន​ទទួល​ការ​រៀបចំការប្រកួត​ World Cup ចំនួន​៥ប្រកួតកន្លងមក ហើយ​ត្រៀម​ខ្លួន​ទទួល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយ​ប្រកួតទៀត៕





© រក្សាសិទ្ធិដោយ thmeythmey.com