កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ទម្លាក់​កូ​ឡុំ​ប៊ី​ដើម្បី​ឡើងទៅ​ជួប​អាល្លឺម៉ង់​នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ
05, Jul 2014 , 5:38 am        
រូបភាព
ដោយ: រួបរួម
ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល បាន​រក្សា​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុងការ​ឈ្នះ​ពានរង្វាន់ World Cup ជា​លើក​ទី៦ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​កូ​ឡុំ​ប៊ី​ដែល​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង​ដូចគ្នា​ក្នុង​លទ្ធផល ២-១ ដើម្បី​ឡើងទៅ​ជួប​អាល្លឺម៉ង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។



ក្នុងជំនួប​ដ៏​តឹងតែង​នៅលើ​ទីលាន Estadio Castelao រដ្ឋ Fortaleza នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រធាន​ក្រុម Thiago Silva បាន​នាំ​ម្ចាស់ផ្ទះ​រក​គ្រាប់​បាល់​បើកឆាក​នៅក្នុង​នាទី ទី៧ ហើយ​ខ្សែការពារ David Luiz បន្ថែម​គ្រាប់​ទី​ពីរ​នៅក្នុង​នាទី ទី៦៩ ។ ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី James Rodriguez បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​តាម​ពីក្រោយ​មួយ​គ្រាប់​នៅក្នុង​នាទី ទី៨០ ។

យោងតាម​កំណត់ត្រា​របស់ FIFA នេះ​ជាការ​ប្រកួត​ដែលមាន​ការប្រព្រឹត្តិ​កំហុស​ដែល​ច្រើន​បំផុត​នៅក្នុង World Cup ឆ្នាំ២០១៤នេះ ដោយ​អាជ្ញាកណ្តាល​បាន​ផ្លុំ​កញ្ចែ​ពិន័យ​រហូតដល់​ទៅ​ជាង៥០លើក។ ខណៈដែល Luiz ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត Thiago Silva ក៏បាន​ក្លាយជា​ប្រធាន​ក្រុម​ទីមួយ​ផងដែរ​របស់​ប្រេ​ស៊ី​ល​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង World Cup បន្ទាប់ពី​ការសម្រេចបាន​របស់ កីឡាករ Rai នា​ជំនួប​ជាមួយ​រុស្ស៊ី កាលពី​ឆ្នាំ១៩៩៤ ហើយ​នៅ​ឆ្នាំ​នោះ​ប្រេ​ស៊ី​ល​បានឈ្នះ World Cup។


ដោយឡែក ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី James Rodriguez វិញ គេ​បាន​ក្លាយជា​កីឡាករ​ទីមួយ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង៥ប្រកួត​នៅក្នុង World Cup បន្ទាប់ពី Rivaldo របស់​ប្រេ​ស៊ី​ល ធ្វើបាន​ដូចគ្នានេះ កាលពី​ឆ្នាំ២០០២ ។ បើ​គិតពី​ព្រឹត្តិការណ៍ World Cup ៩លើកចុងក្រោយ ដោយ​លើកលែង​ឆ្នាំ២០០២ ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៦គ្រាប់ អាច​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស ហើយ​បច្ចុប្បន្ន James Rodriguez បាន​បង្កើត​គ​ន្លាត​នាំមុខ Messi, Thomas Muller និង Neymar ចំនួន​ពីរ​គ្រាប់​ជា​បណ្តោះអាសន្ន។


  រីឯ​ខ្សែប្រយុទ្ធ​ឆ្នើម Neymar ត្រូវ​បាន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់ពីរ​រូបគេ​មាន​បញ្ហា​របួស​ខ្នង​ក្រោយ​ការប៉ះទង្គិច​ជាមួយ​កីឡាករ Juan Camillo Zuniga របស់កូឡុំប៊ី​នៅ​ក្នុងនាទី ទី​៨៧។

ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ប៉ះ​អាល្លឺម៉ង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី៨ ខែកក្កដា នៅ​កីឡដ្ឋាន Estádio Mineirão ក្រុង Belo Horizonte ដែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផ្លូវ​ស្ពាន​អាកាស​ឈានទៅ​កាន់​កីឡដ្ឋាន​មួយ​នេះ បាន​បាក់ស្រុត ហើយ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស៕




© រក្សាសិទ្ធិដោយ thmeythmey.com