ហូឡង់បានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ជាមួយអាហ្សង់ទីន បន្ទាប់ពីពួកគេបានទទួលជ័យជម្នះលើកូស្តារីកា ក្នុងការប្រកួតដ៏តឹងតែងមួយ។ ក្រុមទាំងពីរបានបញ្ចប់ការប្រកួត១២០នាទីដោយគ្មានការស៊ុតបាល់បញ្ចូលទី ហើយហូឡង់បានឈ្នះ ៤-៣ ដោយសារការទាត់បាល់ប៉េណាល់ទីកាត់ក្តី។
អ្នកចាំទី Tim Krul របស់ហូឡង់ បានចូលជំនួស Jasper Cillenssen នៅរយៈពេល៤៤វិនាទីមុនបញ្ចប់ការប្រកួតដើម្បីសង្គ្រោះបាល់ប៉េណាល់ទី ដោយរូបគេបានរារាំងការស៊ុតរបស់ Bryan Ruiz និង Michael Umada ដើម្បីនាំហូឡង់ ឈានទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រជាលើកទីបីក្នុងចំណោមការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ៤លើកកន្លងមក។
កីឡាករដែលបានស៊ុតបាល់ប៉េណាល់ទីបានសម្រេចឲ្យហូឡង់រួមមាន Robin van Persie, Arjen Robben, Wesley Sneijder និង Dirk Kuyt ខណៈកីឡាករដែលសម្រេចផលឲ្យកូស្តារីកាមាន Celso Borges, Giancarlo Gonzalez និង Christian Bolaños ប៉ុន្តែ Bryan Ruiz និង Michael Umada បានធ្វើឲ្យកូស្តារីកាខកឱកាសក្នុងការឈានទៅកាន់វគ្គ១/២ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ហូឡង់ត្រូវជួបអាហ្សង់ទីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១០ ខែកក្កដា លើកីឡដ្ឋាន Arena Corinthians ក្រុង São Paulo បន្ទាប់ពីជំនួបរវាងម្ចាស់ផ្ទះប្រេស៊ីល និងអាល្លឺម៉ង់ នៅកីឡដ្ឋាន Estádio Mineirão ក្រុង Belo Horizonte៕