កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool យល់ព្រមលើតម្លៃខ្លួន Origi និងចង់បាន Markovic នាពេលបន្ទាប់
× ក្លិប Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Lille ដើម្បីនាំយកខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Divock Origi និងកំពុងតែស្ថិតក្នុងកិច្ចពិភាក្សាដើម្បីចុះហត្ថលេខាខ្សែបម្រើស្លាបអន្តរជាតិស៊ែប៊ី Lazar Markovic ពីក្លិប Benfica។
ក្លិបហង្សក្រហមមួយនេះ នឹងចំណាយប្រាក់ទៅលើតម្លៃខ្លួនមួយអាចនឹងកើនដល់១០លានផោន (ស្មើនឹង១៧,១៤លានដុល្លារអាមេរិក) សម្រាប់ទិញកីឡាករ Origi វ័យ១៩ឆ្នាំ ដែលនឹងត្រូវពិភាក្សាលើលក្ខខណ្ឌផ្សេងៗនៅសប្តាហ៍នេះ។ បន្ថែមជាងនេះទៅទៀត ពួកគេកំពុងតែសង្ឃឹមថា អាចបំពេញកិច្ចព្រមព្រៀងមួយដើម្បីនាំយក Markovic វ័យ២០ឆ្នាំ ដែលត្រូវបានគេជឿថា នឹងមានតម្លៃខ្លួនប្រមាណជា២៥លានផោន (ស្មើនឹង៤២,៨៥លានដុល្លារអាមេរិក)។
ការផ្ទេរទាំងពីរនឹងត្រូវកើតឡើង ខណៈដែល Liverpool ត្រៀមលក់ខ្សែប្រយុទ្ធ Luis Suarez វ័យ២៧ឆ្នាំ ទៅឲ្យក្លិប Barcelona ក្នុងតម្លៃខ្លួន៧៥លានផោន។ Barcelona បានបង្ហាញថា ពួកគេមានបំណងបំពេញការទិញរំលាយកិច្ចសន្យារបស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះ ប៉ុន្តែ កិច្ចពិភាក្សានៅតែបន្តទៅលើរបៀបដែលកិច្ចព្រមព្រៀងនេះនឹងត្រូវរៀបចំឡើង។
Liverpool ក៏កំពុងតែរង់ចាំស្តាប់ដំណឹងពីខ្សែបម្រើស្លាប Alexis Sanchez របស់ក្លិបអេស្ប៉ាញមួយនេះផងដែរ ខណៈដែលរូបគេក៏ជាគោលដៅរបស់ក្លិប Arsenal និង Juventus ដែរ។ លោក Brendan Rodgers ដែលជាអ្នកចាត់ការទូទៅ មិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករស៊ីលីវ័យ២៥ឆ្នាំរូបនេះឡើយ ប៉ុន្តែ នៅតែរង់ចាំការឆ្លើយតបពីរូបគេ៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com