វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ព្រលាន​យន្តហោះ​​មួយ​​ចំ​នួន​​នៅ​​​អាមេ​រិក​​​​ហាម​ឃាត់​​ទូរ​​​សព្ទ​​និង​​​កុំព្យូទ័រ​​​​ដែល​​មិនបាន​​សាក​​ថ្ម
07, Jul 2014 , 6:47 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​សហរដ្ឋអាមេរិក (TSA) បាន​បញ្ជាក់ថា សន្តិសុខ សុវត្ថិភាព​ត្រូវបាន​បង្កើន​ឡើង​នៅលើ​ជើងហោះហើរ​មួយចំនួន​ដែល​ចូលទៅ​កាន់​ទឹកដី​មហាអំណាច​មួយ​នេះ។ ពួកគេ​បាន​ណែនាំ​ដល់​អ្នកដំណើរ​ដាក់​ថាមពល​ឲ្យ​បាន​ពេញ​ទៅលើ​ឧបករណ៍ប្រើប្រាស់ ដូចជា ទូរ​សព្ទ ឬ​កុំព្យូទ័រ​យួរដៃ ជាដើម បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាចដកហូត​ឧបករណ៍​ទាំងនោះ។



រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​ថា ពួកគេ​នឹងធ្វើ​ការហាមឃាត់​នូវ​សម្ភារ​អេ​ឡិច​ត្រូ​និ​ច ជាពិសេស​ទូរ​សព្ទ​និង​កុំព្យូទ័រ​យួរដៃ នៅតាម​យន្តហោះ​មួយចំនួន ប្រសិនបើ​វា​មិនមាន​ការ​សាក​ថ្ម​បញ្ចូល​ឲ្យ​បាន​ពេញ​ទេនោះ។

រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នេះ​ជា​វិធានការ​ថ្មី​ក្នុងការ​រឹតបន្តឹង និង​លើកកម្ពស់​សុវត្ថិភាព​ផ្នែក​ហោះហើរ។

មិនមាន​បញ្ជី​ជា​ផ្លូវការ​ទាក់ទង​នឹង​អាកាស​យាន្ត​ដ្ឋា​ន​ដែល​ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះឡើយ ប៉ុន្តែ​បើ​យោងតាម​ការផ្សាយ​របស់ BBC ព្រលានយន្តហោះ London’s Heathrow ស្ថិតនៅក្នុង​បញ្ជី​ដែល​ត្រូវអនុវត្ត​វិធានការ​ថ្មី​នេះ។

យោងតាម​របាយការណ៍​នានា វិធានការ​នោះ គឺ​ប្រហែលជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ដែល​ក្រុម​ភេរវ​ករ​ក្នុងប្រទេស​ស៊ី​រី និង​យេ​មែន បាន​កែច្នៃ​គ្រាប់បែក​ដែល​គេច​ពី​អេក្រង់​តាមដាន។ 

សេចក្តីថ្លែងការណ៍ TSA បាន​លើកឡើងថា៖ «នៅពេល​ត្រួតពិនិត្យ​សុវត្ថិភាព មន្ត្រី​យើង​អាច​ស្នើសុំ​ឲ្យ​ម្ចាស់​ឧបករណ៍​ទាំងអស់​ធ្វើការ​សាក​ថ្មី​ឲ្យ​បាន​ពេញ។ របស់​ដែល​មិនមាន​ឋា​ម​ពល​នឹងមិន​ត្រូវបាន​អនុ​ញ្ញ​តិ​ឲ្យ​ដាក់​លើ​យន្តហោះ​ឡើយ»។

ទូរទស្សន៍ Britain’s Channel 4 បានបញ្ជាក់​ផងដែរ​ថា ទូរ​សព្ទ iPhone និង Samsung Galaxy ក៏ត្រូវ​បាន​គេ​ធ្វើការ​ត្រួតពិនិត្យ​ផងដែរ​នៅតាម​អាកាសយានដ្ឋាន​មួយចំនួន​នៅ​តំបន់​អឺរ៉ុប ម​ជ្ឈឹ​ម​បូ​ពារ និង​អាហ្វ្រិក៕

ប្រែសម្រួលដោយ អ៊ឹង ចំរុង


© រក្សាសិទ្ធិដោយ thmeythmey.com