កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺ​ម៉ង់​នៅ​តែមាន​ជំនួបដ៏​ស្វិតស្វាញ ទោះបី​ជាម្ចាស់​ផ្ទះ​​គ្មាន​វត្តមាន Neymar ក៏​ដោយ
08, Jul 2014 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុម​​ប្រេស៊ីល ក្នុង​ការ​ប្រកួត World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដ៏​ស្វិត​ស្វាញ​នៅ​រាត្រី​នេះ ស្រប​ពេល​ដែល​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ រំ​ពឹង​ថា នឹង​អាច​ឈ្នះ​ពាន​ដោយ​គ្មាន​តា​រា​ឆ្នើម Neymar​។



ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់​របស់​លោក Joachim Loew នឹង​មាន​បំណង​ធ្វើ​ការ​សង​សឹក​​ចំ​ពោះការ​បរា​ជ័យ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០០២​របស់​ពួក​គេ​​​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​តាម​រយៈ​ការ​​ទម្លាក់​ក្រុម​ម្ចាស់ផ្ទះ​មួយ​នេះ​ឲ្យ​ធ្លាក់​ចេញ​ក្នុង​ទីក្រុង Belo Horizonte ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​​នៅ​ក្នុង​ទីក្រុង Rio de Janeiro​។

ប្រេស៊ីល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​រៀប​ចំ​ក្រុម​សារ​ជា​ថ្មី​ដោយ​សារ​តែ​គ្មាន​វត្តមាន​របស់​​កីឡាករ​ឆ្នើម Neymar និង​ប្រធាន​ក្រុម Thiago Silva ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​​​ការ​បំ​ពេញ​ក្តី​សុបិន​នៃ​ការ​ឈ្នះ​ពាន​រង្វាន់​ជាលើក​ទី​៦​លើ​ទឹក​ដី​ខ្លួន​ឯង​​នៅ​កីឡ​ដ្ឋាន Maracana​។

អ្នក​គាំ​ទ្រ​ទូ​ទាំង​ប្រទេស​បាន​សម្តែង​​នូវ​ការ​ខក​ចិត្ត​​ចំពោះ​ការ​ជួប​សំ​ណាង​អាក្រក់រ​បស់ Neymar ក្រោយ​ពីកីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​រង​របួស​បាក់​ឆ្អឹង​ខ្នង​ក្នុង​ពេលក្រុម​របស់​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​លើ​ក្រុម​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ីកាល​ពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ជូន​ពរ​ឲ្យ​រូប​គេ​ជា​សះ​ស្បើយ​ដើម្បី​ប្រកួត​ជា​មួយ​នឹង​ពួក​គេ​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ Bastian Schweinsteiger បាន​ឲ្យ​ដឹង​ថា៖ «វា​តែង​តែ​ជា​រឿង​ដ៏ល្អ​ប្រសើរ​នៅ​ពេល​ដែល​គូ​ប្រជែង​មាន​​កីឡាករ​​ឆ្នើម​ៗ​របស់​ពួក​គេ​ទាំង​អស់ ហើយ​វា​នឹង​ធ្វើ​ឲ្យ​​ក្រុម​ប្រេស៊ីល​​មាន​ការ​រួម​សាម​គ្គី​គ្នា ហើយ​ពួក​គេ​នឹង​​ចង់​ឈ្នះ​ពាន​សម្រាប់ Neymar​»​។

ក្រុម​​ជម្រើស​​ជាតិ​ប្រេស៊ីល បាន​ធ្វើ​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ខណៈ​ដែល​ក្រុម​កូ​ឡុំ​ប៊ី​បាន​រង​នូវ​ការ​ឈូស​ជើង​ដណ្តើម​បាល់​យ៉ាង​ច្រើន នៅ​មុន​ពេល​ការ​​ព្យា​យាម​ដណ្តើម​បាល់​របស់​ខ្សែ​ការ​ពារ Juan Zuniga ទៅលើ Neymar បាន​ធ្វើ​ឲ្យ​តា​រា​ឆ្នើម​រូប​នេះ​​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។ 

ខ្សែ​បម្រើ Willian របស់​ប្រេស៊ីល បាន​ឲ្យ​ដឹង​ថា៖ «​Neymar បង្កើត​កម្រិត​ស្តង់​ដារ​សម្រាប់​យើង​។ រូប​គេ​អាច​មាន​សមត្ថ​ភាព​ក្នុង​ការ​កាត់​សេច​ក្តី​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ ហេតុ​នេះ ការ​លេង​ដោយ​គ្មាន​រូប​គេ​នឹង​មាន​ការ​លំ​បាក​»។

Schweinsteiger បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅលើ​ការ​ប្រកួត​នេះ តាម​រយៈ​ការ​បញ្ជាក់​ថា លោក​អាជ្ញា​កណ្តាល​​ត្រូវ​តែ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ប្រកៀក​ទៅ​លើ​ក្រុម​ប្រេស៊ីល ដែល​បាន​ប្រព្រឹត្ត​កំហុស​ចំនួន​៥៩​លើក​ក្នុង​ការ​ប្រកួត​ពីរលើក​ចុង​ក្រោយ ខណៈ​ដែល​អាល្លឺ​ម៉ង់​បាន​​ប្រព្រឹត្ត​កំ​ហុស​ត្រឹម​តែ​២៩​លើក​ប៉ុណ្ណោះ​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៣​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕

ជំនួប​បីលើក​ចុង​ក្រោយ​​រវាង​ក្រុម​ទាំង​ពីរ
11/08/11    Germany 3-2 Brazil
25/06/05    Germany 2-3 Brazil
09/09/04    Germany 1-1 Brazil

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com