កីឡាអន្តរជាតិ
អន្តរជាតិ
ហូ​ឡង់ និង​អាហ្សង់​ទីន​ប្រជែងគ្នា​ដើម្បី​ឡើងទៅ​ជួប​អាល្លឺម៉ង់នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
09, Jul 2014 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខណៈ​ដែល​ក្រុម​ជើង​ខ្លាំង​អាល្លឺ​ម៉ង់​កំ​ពុង​តែ​រង់​​ចាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​អា​ហ្សង់​ទីន និង​ហូ​ឡង់​​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ភាព​ស្វិត​ស្វាញ​មួយ​ក្នុង​ការ​ប្រកួត World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ​នៅ​រាត្រី​នេះ​។



ការ​ប្រកួត​នេះ ដែល​នឹង​ចាប់​ផ្តើម​ដំ​ណើរ​ការ​នៅ​ទីក្រុង Sao Paulo នា​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ (ម៉ោង​នៅ​កម្ពុជា) នឹង​ក្លាយ​ជា​ជំនួប​​មួយ​រវាង​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម Lional Messi និង Arjen Robben​។ ក្រោយ​ពី​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​ក្នុង​លទ្ធ​ផល ៧-១ របស់​អាល្លឺ​ម៉ង់ លើ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល វា​ក៏​នឹង​មាន​សម្ពាធ​ថ្មី​មួយ​កំ​ពុង​តែ​កើត​ឡើង​រវាង​ក្រុម​នៅ​អឺ​រ៉ុប និង​អាមេ​រិក​ខាង​ត្បូង​ផង​ដែរ​។​ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហូ​ឡង់ Robin van Persie ដែល​ក៏​ជា​ប្រធាន​ក្រុម​ផង​ដែរ​នោះ កំ​ពុង​តែ​ជួប​ភាព​ស្រពេច​ស្រពិល​ដោយ​សារ​តែ​បញ្ហា​ក្រពះ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ត្រូវ​តែ​លេង​ដោយ​គ្មាន​វត្ត​មាន​របស់​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Angel di Maria ដោយសារ​តែ​បញ្ហា​របួស​ភ្លៅ​។​

លោក Louis van Gaal គ្រូ​បង្វឹក​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហូ​ឡង់ បាន​និយាយ​ថា វា​នៅ​តែ​មាន​ភាព​​មិន​ច្បាស់​លាស​ថា Van Persie របស់​ក្លិប Manchester United នឹង​អាច​ចូល​លេង​ក្នុង​ជម្រើស​ទាំង​១១​នាក់​នៅ​ឯ​កីឡ​ដ្ឋាន Corinthians Arena ឬ​យ៉ាង​ណា​ឡើយ​។

គ្រូ​បង្វឹក​វ័យ​៦២​ឆ្នាំ​រូប​នេះ ដែល​ក្រុម​របស់​​លោក​បាន​ឈ្នះ​ការ​ស៊ុត​ប៉េ​ណាល់​​ទី​លើ​ក្រុម​កូ​ស្តា​រី​កា​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ បាន​ឲហយ​ដឹង​ថា៖ «នៅ​រាត្រី​នេះ ខ្ញុំ​នឹង​​ត្រូវ​ធ្វើ​ការ​សម្រេច​ផ្សេង​ៗ​ ។ យើង​មាន​រយៈ​ពេល​​ច្រើន​ជាង​២៤​ម៉ោង​​នៅ​មុន​ពេល​ការ​ប្រកួត​នេះ ហើយ Robin van Persie​ ពិត​ជា​កីឡាករ​ដ៏​សំ​ខាន់​សម្រាប់​យើង​»​។

លោក Van Gaal ក៏​ជួប​ភាព​ស្រពេច​ស្រពិល​​ជុំ​វិញ​ខ្សែ​ការ​ពារ​កណ្តាល Ron Vlaar ដែល​ជួប​បញ្ហា​របួស​ជង្គង់​ផង​ដែរ​។ ប៉ុន្តែ ខ្សែ​បម្រើ​ដ៏​មាន​​ឥទ្ធិ​ពល Nigel de Jong បាន​វិល​ទៅ​ហ្វឹក​ហាត់​វិញ​ដ៏​មិន​នឹក​ស្មាន​ដល់​កាល​ពី​ថ្ងៃ​អង្គារ ពោល​គឺ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ ក្រោយ​​​ពី​ត្រូវ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​យុទ្ធ​នា​ការ​ដោយ​សារ​តែ​បញ្ហា​ក្រលៀន​។

ស្រ​បពេល​ជា​មួយ​គ្នា​នេះ លោក Alejandro Sabella គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន កំ​ពុង​តែ​ព្យា​យាម​យក​សម្ពាធ​ចេញ​ពី​ក្រុមរ​បស់​លោក សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ តាម​រយៈ​ការ​អះ​អាង​ថា ពួក​គេ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​​៕

ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ
21/06/06          World Cup       Netherlands 0-0 Argentina
11/02/03          Friendly           Netherlands 1-0 Argentina
30/03/99          Friendly           Netherlands 1-1 Argentina

ប្រែ​សម្រួល​ដោយ​ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com