កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool បានសម្រេច​ចិត្ត​លក់ Luiz Suarez ទៅ​ឲ្យ Barcelona ហើយ
11, Jul 2014 , 7:08 pm        
រូបភាព
ដោយ: រួបរួម
ទីបំផុត​ទៅ ក្លិប Liverpool និង Barcelona បាន​ត្រូវរ៉ូវ​គ្នា​ជា​ផ្លូវការ​លើ​ការលក់​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Luis Suarez ដែល​ត្រូវគេ​វាយតម្លៃថា មានតម្លៃ​ខ្លួន​ប្រមាណ៧៥លាន​ផោន (ជាង១២៨លាន​ដុល្លារ​អាមេរិក)។ នេះ​បើតាម​ការ​ពី​គេហទំព័រ​នៃ​ក្លិប​ទាំងពីរ​នៅ​ថ្ងៃ​សុក្រ​នេះ។



ក្លិប Barcelona បានសរសេរថា «ស្វាគមន៍ Suarez» ដោយបាន​បញ្ជាក់ថា កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បា​សេ​ឡូ​ណា​នា​សប្តាហ៍​ក្រោយ​ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​ចុះហត្ថលេខា​រយៈពេល៥ឆ្នាំ មុន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​ក្នុងនាម​ជា​កីឡាករ​របស់ Barcelona។

Suarez បាន​ផ្ទេរ​ចេញពី Ajax ទៅកាន់ Liverpool កាលពី​ឆ្នាំ២០១១ ក្នុងតម្លៃ​ខ្លួន ២២,៧លាន​ផោន ក្នុង​កិច្ចសន្យា៤ឆ្នាំ។ គេ​បាន​ជាប់​ជា​កីឡាករ​ឆ្នើម PFA Player of the Year នា​រដូវ​កាល​មុន ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​លី​ក​ចំនួន៣១គ្រាប់។

ខ្សែប្រយុទ្ធ​រូបនេះ គឺជា​កីឡាករ​ដែល​ពោរពេញ​ទៅដោយ​រឿងចម្រូងចម្រាស។ នា​ការប្រកួត World Cup នៅ​ប្រេ​ស៊ី​ល គេ​បាន​ខាំ​ខ្នង​របស់​ខ្សែការពារ​អ៊ីតាលី ហើយ​រង​ការពិន័យ​ចំនួន៤ខែ ដោយ​មិនអោយ​ចូលរួម​ក្នុង​សកម្មភាព​បាល់ទាត់។

យោងតាម​សេចក្តីថ្លែងការណ៍​របស់ Suarez ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ Liverpool កីឡាករ​រូបនេះ សម្តែង​នូវ​ក្តី​សោកសៅ​ចំពោះ​ការសម្រេចចិត្ត​ដ៏​តឹងតែង​របស់ខ្លួន​ដើម្បី​ទទួលបាន​ជីវិត​ថ្មី និង​ការ​ប្រឈម​ថ្មី​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ។

គេ​បាន​ថ្លែងអំណរគុណ​ដល់​ក្លិប និង​ក្រុម​អ្នកគាំទ្រ​ទាំងអស់​របស់ Liverpool ដោយ​សុំ​ការយោគយល់​ពី​ពួកគេ​ផងដែរ។ Suarez បាន​ជូនពរ​ដល់​លោក Brendan Rodgers និង​ក្លិប ទទួលបាន​ជោគជ័យ ហើយ​បាន​សម្តែង​នូវ​មោទនភាព​ដែល​បាន​ជួយ​ឲ្យ Liverpool ទទួលបាន​កៅអី​នៅ Champions League៕




© រក្សាសិទ្ធិដោយ thmeythmey.com