កីឡាអន្តរជាតិ
អន្តរជាតិ
Messi សម្លឹងរកជ័យជម្នះ ខណៈអាហ្សង់ទីន និងអាល្លឺម៉ង់ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្ររាត្រីនេះ
× ខ្សែប្រយុទ្ធ Lionel Messi នឹងខិតខំព្យាយាមធ្វើឲ្យល្អប្រសើរជាងមិត្តរួមជាតិរបស់គេគឺលោក Diego Maradona នៅរាត្រីថ្ងៃអាទិត្យនេះ ខណៈដែលរូបគេនឹងដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួតជាមួយនឹងអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការ World Cup ដែលជាជំនួបរវាងក្រុមជើងខ្លាំងនៅអឺរ៉ុប និងអាមេរិកខាងត្បូង។
កីឡដ្ឋាន Maracana ក្នុងទីក្រុង Rio de Janeiro នឹងក្លាយជាកន្លែងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបមួយ ដែលនឹងត្រូវចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) នៅពីមុខអ្នកទស្សនាប្រមាណជា៧៣.៥០០នាក់ និងដែលទាក់ទាញទូរទស្សនិករាប់ពានលាននាក់ទូទាំងពិភពលោក។
អាល្លឺម៉ង់ ដែលកំពុងតែស្ថិតក្នុងការជឿជាក់ ក្រោយពីការទទួលជ័យជម្នះ ៧-១ លើក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នឹងស្ថិតក្នុងនាមជាក្រុមមានក្តីសង្ឃឹមច្រើនដើម្បីក្លាយជាក្រុមអឺរ៉ុបទី១ក្នុងការឈ្នះពានរង្វាន់ World Cup នៅលើទឹកដីអាមេរិកឡាទីន។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះផងដែរ Messi ដែលជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក៤សម័យកាល កំពុងតែប្រជែងដណ្តើមយកកៅអីមួយរួមជាមួយនឹងលោក Maradona និង Pele ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតក្នុងការឈ្នះពានរង្វាន់ដ៏ធំបំផុតក្នុងកីឡាមួយនេះ។
Messi បានសរសេរសារមួយនៅលើបណ្តាញសង្គម Facebook របស់គេកាលពីល្ងាចថ្ងៃសៅរ៍ថា៖ «ថ្ងៃស្អែកនេះ យើងនឹងត្រូវលេងការប្រកួតដ៏សំខាន់បំផុតក្នុងជីវិតរបស់យើងសម្រាប់ប្រទេសរបស់យើង។ សុបិនរបស់ខ្ញុំ និងក្តីសង្ឃឹមរបស់ខ្ញុំនឹងត្រូវបំពេញតាមរយៈការខិតខំព្យាយាមយ៉ាងលំបាក និងការលះបង់របស់ក្រុមមួយដែលបាល់ផ្តល់រាល់អ្វីៗទាំងពីការប្រកួតមួយ»។
កីឡាកររូបនេះបានបន្ថែមថា៖ «យើងបានដឹងថា វាអាចទៅរួច។ ប្រជាជនអាហ្សង់ទីនរបស់យើង ពួកគេបានមកទីនេះ។ ប៉ុន្តែ ក្តីសង្ឃឹមនៅមិនទាន់បញ្ចប់នៅឡើយទេ។ ថ្ងៃស្អែកនេះ យើងចង់ឈ្នះ ហើយយើងត្រៀមលក្ខណៈរួចរាល់អស់ហើយ»។ ប្រជាជនអាហ្សង់ទីនប្រមាណជា១០ម៉ឺននាក់នឹងប្រមូលផ្តុំគ្នានៅទីក្រុង Rio ដើម្បីគាំទ្រក្រុមរបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីនេះ៕
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
16/08/12 Germany 1-3 Argentina
03/07/10 Argentina 0-4 Germany
04/03/10 Germany 0-1 Argentina
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com