ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
សា​លា​ក្តី​​ខ្មែរ​ក្រហម​​រៀប​ចំ​​សិក្ខា​សា​លា​​ស្តី​ពី​​ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ ​និង​​ច្បាប់​​សិទ្ធិ​មនុស្ស​
23, Jul 2014 , 10:04 pm        
រូបភាព
ដោយ: ថ្មីៗ
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (“អ.វ.ត.ក”) សហការ​ជាមួយ​វិទ្យាស្ថាន​សិទ្ធិមនុស្ស​និង​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ Raoul Wallenberg (RWI) បានរៀបចំ​សិក្ខាសាលា​រួមគ្នា​កាលពី​ថ្ងៃទី២២ខែកក្កដា​ឆ្នាំ២០១៤កន្លងទៅ​ស្តីពី​ប្រធានបទផ្សេងៗជុំវិញ​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ​និង​ច្បាប់​សិទ្ធិមនុស្ស​ដោយមាន​ការ​ចូលរួម​ពី​និស្សិត​ផ្នែក​ច្បាប់​មកពី​សាកលវិទ្យាល័យ​នានា​ចំនួន៩០នាក់។សិក្ខាសាលា​ទាំងនេះ​មាន​គោលបំណង​បង្កើន​ការយល់ដឹង​និង​ចំណេះដឹង​អំពី​ប្រធានបទ​ទាំងនេះ​ដល់​និស្សិត​ច្បាប់​និង​សាស្ត្រាចារ្យ/អ្នកស្រាវជ្រាវ​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​ជា​វេទិកា​ជជែក​ពិភាក្សា​រវាង​អ្នកច្បាប់​នៅ​អ.វ.ត.ក​និង​អ្នកសិក្សា​ស្រាវជ្រាវ​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ។




លោក​នេត្រ​ភក្ត្រា​មន្ត្រី​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ថ្លែងថា​សិក្ខាសាលា​នេះ​នឹងត្រូវ​រៀបចំ​ជា១០វគ្គ​និង​មាន​រយៈពេល ១០ ខែ​គ្របដណ្តប់​ទៅលើ​ប្រធានបទផ្សេងៗចាប់ពី “ប្រវត្តិ​និង​វិធីសាស្ត្រ​នៃ​ការបង្កើត​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ” រហូតដល់“សារធាតុ​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍” និង“ឯករាជ្យភាព​និង​អ​ព្យា​ក្រិត​ភាព​នៃ​តុលាការ។សិក្ខាសាលានីមួយៗនឹងមាន​រយៈពេល​ប្រមាណ​ពីរ​ម៉ោង​ដោយមាន​ការធ្វើ​បទ​បង្ហាញ​និង​បន្ទាប់​ការពិភាក្សា។វាគ្មិន​ក្នុង​សិក្ខាសាលា​នេះ​រួមមាន​អ្នកជំនាញ​នៅ​អ.វ.ត.ក​និង​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ខាងក្រៅ​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​អ.វ.ត.ក។

លោក​ក្រាញ់​តូ​នី​ប្រធានការិយាល័យ​រដ្ឋបាល​ស្តីទី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​មានប្រសាសន៍ថា​ការបណ្តុះបណ្តាល​នេះ​នឹង​បង្កើន​ការយល់ដឹង​និង​ចំណេះដឹង​ផ្នែក​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និង​ច្បាប់​សិទ្ធិមនុស្ស ហើយនឹង​ផ្តល់ឱកាស​ដ៏​កម្រ​មួយ​ដែល​និស្សិត​ទាំងអស់​អាចមក​ជួប និង​លើក​ជា​សំណួរ​ទៅកាន់​អ្នកជំនាញល្បីៗក្នុង​ពិភពលោក​លើ​ប្រធានបទ​ទាំងនេះ។

ពាក់ព័ន្ធ​នឹង​ការផ្សះផ្សា​ជាតិ លោក ក្រាញ់ តូ​នី​បាន​មានប្រសាសន៍ថា៖« អ.វ.ត.ក មាន​អាណត្តិ​ស្វែងរក​ការពិត និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម។ ដូច្នេះ ដំណើរ​ការផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ​នេះ​អាច​ចាត់ទុកថា​ជា​យន្តការ​នៃ​ការផ្សះផ្សា​ជាតិ​នៅពេលប្អូនៗជំនាន់​ក្រោយ​មានលទ្ធភាព​អាច​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​សិក្ខាសាលា​នេះ​ទៅ​ពិចារណា ពិភាក្សា លើកឡើង សរសេរ អនុវត្ត ឬ​ចែករំលែក​ជាមួយ​មិត្តភក្តិ ក្រុមគ្រួសារ និង​សហគមន៍»។


ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​អ.វ.ត.ក​ក៏បាន​បន្ថែមថា​អ.វ.ត.ក មិន​ត្រឹម​តែមាន​ភារកិច្ច​ស្វែងរក​ការពិត និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​នោះទេ តែ​ក៏បាន​ចូលរួមចំណែក​ចំពោះ​កំណែទម្រង់​ច្បាប់ និង​តុលាការ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ព្រមទាំង​ផ្តល់នូវ​សេចក្តីថ្លៃថ្នូរ​ជូន​ជនរងគ្រោះ និង​កំពុង​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដ៏​ខ្មៅ​ងងឹត ដើម្បី​ឈានដល់​គោលដៅ​នៃ​ការអភិវឌ្ឍន៍​សង្គម​ក​ម្ពុ​ជា​ទាំងមូល៕



© រក្សាសិទ្ធិដោយ thmeythmey.com