សុខភាព
អន្តរជាតិ
ជំងឺ​ថ្មី​ដ៏​សាហាវ​សម្លាប់​មនុស្ស​ច្រើន​រយ​នាក់​នៅ​អាហ្វ្រិក អាច​រីក​រាលដាល​ដល់​តំបន់​អាស៊ី
01, Aug 2014 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ប្រភេទ​ថ្មី​មួយ បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក ហើយ​ចំនួន​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​រហូត​ទៅដល់ ៧២៩នាក់ ខណៈពេល​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ដល់​ជាង ១៣០០នាក់​ហើយ។ ប្រទេស​មួយចំនួន​បានសម្រេច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ត្បិត​ចំនួន​មនុស្ស​ឆ្លង​ជំងឺ​នេះ​កើនឡើង​រហ័ស​ពេក ហើយ​មកទល់ពេលនេះ​គេ​មិនទាន់​រកឃើញ​ថ្នាំ​ការពារ ឬ​ព្យាបាល​បានឡើយ ហើយ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​នឹង​ស្លាប់ភ្លាមៗក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ អង្គការ​និង​ទីភ្នាក់ងារ​អន្តរជាតិ​ដែល​ទទួលបន្ទុក​ផ្នែក​សុខភាព បានបង្ហាញ​ការ​ព្រួយ​អារម្ភ​ខ្លាំង ដោយសារ​ជំងឺ​នេះ​អាច​នឹង​បន្ត​រីក​រាលដាល​ខ្លាំ​ផុតពី​ការ​គ្រប់គ្រង​ទៅកាន់​ទ្វីប​ផ្សេងទៀត​លើ​ពិភពលោក ដែល​ក្នុងនោះ​មាន​ទ្វីបអាស៊ី និង​អឺរ៉ុប​ជាដើម​ផង។ ស្ថាប័ន​ទាំងនេះ​កំពុង​មរ​មារ​ញឺ​ក​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​រក​ថ្នាំ​ការពារ ព្យាបាល និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ឆ្លើយតប​ទៅនឹង​សំនួរ​របស់លោក ភិ​រុណ ឧ​ត្ត​ម ទាក់ទិន​ទៅនឹង​បញ្ហា​នេះ៖



១. សំនួរ៖ ថ្មីៗនេះ​មាន​ជំងឺ​ប្រភេទ​ថ្មី​មួយ​កំពុង​រីក​រាលដាល​យ៉ាងខ្លាំង និង​បានសម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​នៅក្នុង​ទ្វីបអាហ្វ្រិក​ហើយ​ពេលនេះ​ពិភពលោក​ក៏​កំពុង​ព្រួយបារម្ភ​ខ្លាំង​ផងដែរ។ តើ​មកដល់ពេលនេះ​ស្ថានភាព​ជំងឺឆ្លង​នឹងមាន​ការវិវត្ត​យ៉ាងណា​ទៅហើយ​បាទ?

១.ចម្លើយ៖ ជំងឺឆ្លង​នេះ​កំពុង​វាយប្រហារ​ខ្លាំងឡើងៗឥត​ឈប់​ទៅលើ​តំបន់​អាហ្វ្រិក ហើយ​ជំងឺ​នេះ​ឈ្មោះថា Ebola ។ មកទល់ពេលនេះ​វា​បាន​រីក​រាលដាល​ដល់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច មាន​ប្រទេស​ហ្គី​ណេ(Guinea)  ប្រទេស​លី​បឺ​រី(Liberia)  និង​សេ​រ៉ា​ឡេ​អូន (Sierra Leone)។ ម្សិលមិញ​នេះ ប្រទេស សេ​រ៉ា​ឡេ​អូន បានប្រកាស​រដ្ឋ​ក្នុង​ភាពអាសន្ន​ហើយ​ស្ថាប័នរដ្ឋ សាលារៀន​ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន ត្បិតតែ​វា​ឆ្លង​រហ័ស​ពេក។ តាមពិតទៅ​ជំងឺ​នេះ​លេចចេញ​តាំងពី​ខែ​មិនា​មក​ម្លេះ តែ​វា​ទើ​តែ​រីក​រាលដាល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ។ ឧ​ត្ត​ម​បើ​យោងតាម​ស្ថាប័ន អង្គការ​សុខភាព​ពិភពលោក ចំនួន​អ្នក​ឆ្លង​សរុប​មាន​រហូតដល់​ជាង ១៣០០នាក់​ហើយ​ចាប់តាំងពី​ខែ​មិនា​មក ហើយ​អ្នកស្លាប់​កើនឡើង​ដល់ ៧២៩នាក់។បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បានប្រកាស​ហា​ម​ឃាត់​មិនអោយ​ប្រជាជន​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទាំងបី​ខាងលើនេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ខ្លាំង​ព្រោះ​ជំងឺ​នេះ​ជា​ជំងឺឆ្លង។ គេ​ព្រួយបារម្ភ​ថា ជំងឺ​នេះ​អាច​រីក​រាលដាល​ខ្លាំង​ហួសការ​គ្រប់គ្រង ទៅដល់​តំបន់​មួយចំនួន​ដូចជា​អាស៊ី និង​អឺរ៉ុប​ថែម​ទៀតផង ហើយ​សំខាន់​គេ​មិនទាន់​រកឃើញ​ថ្នាំ​ការពារ និង​ព្យាបាល​ឡើយ។

២.សំនួរ៖ និស្ស័យ បើតាម​ខ្ញុំ​ដឹង​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​នឹងមាន​ការកើនឡើង​ច្រើនណាស់ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះគេ​នៅ​មិនទាន់​រកឃើញ​ថ្នាំ​សម្រាប់​ព្យាបាល និង​ការពារ​ទៀត។តើ​រោគសញ្ញា និង​មូលហេតុ​នៃ​ការឆ្លង​ជំងឺ​នេះ វា​មាន​លក្ខណៈ​បែបណា​ទៅ​បាទ?

២.ចម្លើយ៖ ដំបូង​ខ្ញុំ​សូមបញ្ជាក់​ពី​ប្រវត្តិ​ជំងឺ​ថ្មី Ebola នេះ​បន្តិច​សិន។ ជំងឺ​នេះ​ត្រូវបាន​គេ​ហៅថា Ebola ដែល​វា​ជា​ប្រភេទ​ជំងឺឆ្លង​ចូលទៅក្នុង​ខ្លួន​មនុស្ស ដំបូង​វា​បង្ហាញខ្លួន​នៅក្នុង​ឆ្នាំ ១៩៧៦ នៅ​តំបន់​មួយ​ក្បែរ​ប្រទេស​ស៊ូដង់ ហើយ​បន្ត​រីក​រាលដាល​បន្តទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ហ្កុ​ង​កូ ហើយ​ក្រោយ​ក៏​បន្ត​ឆ្លង​ទៅដល់​ភូមិ​មួយ​ក្បែរ​ទន្លេ Ebola ទើបបាន​គេ​ដាក់ឈ្មោះ​វា​បែបនេះ​ទៅ។  យោងតាម​អ្នកវិទ្យាសាស្ត្រ មេរោគ​នេះ​ភាគច្រើន​ឆ្លង​ចូលខ្លួន​មនុស្ស​ឡាំង​ឡាយ​ណា​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ទឹកភ្លៀង​នា​តំបន់​ត្រូ​ពិ​ក ហើយ​វា​ជាទូទៅ​ឆ្លងតាម​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជិតស្និទ្ធ និង​តាម​សារធាតុ​រាវ​ដែល​ចេញពី​រាងកាយ​មនុស្ស​មាន​ញើស ឈាម​ជាដើម ហើយ​វា​ក៏​អាច​ឆ្លងតាម​សត្វ​រយៈ​សត្វព្រៃ​មួយចំនួន​ផងដែរ។ នេះ​បញ្ជាក់ថា​ទាល់តែ​យើង​ទាក់ទង និង​ប៉ះពាល់​អ្នកជំងឺ​ផ្ទាល់​ទើប​អាច​ប្រឈមមុខ​នឹង​ការឆ្លង​ជំងឺ​នេះ​ខ្ពស់។ ដោយឡែក​រោគសញ្ញា និង​អាកា​រៈ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​វិញ មានដូចជា ក្តៅខ្លួន​ខ្លាំង ឈឺក្បាល ខ្សោយ ឈឺ​សាច់ដុំ  ឈឺបំពង់ក ឈឺទ្រូង ក្អក ពិបាក​ដកដង្ហើម ក្រោយមក​ចាប់ផ្តើម​ក្អួត ចុះរាគ ហើយ​ស្បែក​ច្បាប់​ផ្តើម​ស្ងួត និង​បែក​ស្រការ និង​មាន​ដំបៅ​ផង។ ករណីខ្លះ​ជនរងគ្រោះ​មាន​ឈាម​ហូរ​ចេញពី​រាងកាយ ឬ​អវៈយវៈ​ដូចជា​ភ្នែក​ជាដើម។ បើសិន​ជាមាន​រោគសញ្ញា​នេះ​លេចឡើង​ហើយ អ្នកជំងឺ​នោះ​នឹង​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ប៉ុណ្ណោះ ព្រោះ​គ្មាន​ថ្នាំ​សម្រាប់​ព្យាបាល​ទេ។

៣.សំនួរ៖ ខ្ញុំ​បានទទួល​ព័ត៌មាន​ថា អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា​ជំងឺ​ន​នឹង អាច​រីក​រាលដាល​ខ្លាំង​រហូត​មិនអាច​គ្រប់គ្រង​បាន ហើយ​វា​នឹង​បន្ត​ឆ្លងទៅ​តំបន់​ខ្លះទៀត​ដូចជា អាមេរិក នៅ​អាស៊ី និង​អឺរ៉ុប​ផងដែរ។ តើ​ព័ត៌មាន​នេះ​ពិត​ដែរឬទេ​និស្ស័យ​បាទ?

៣.ចម្លើយ៖វា​ពិតជា​មានការ​លើកឡើង និង​ព្រមាន​ដូច្នេះ​មែន។ ជំងឺឆ្លង​នេះ​អាច​នឹង​បន្ត​រីក​រាលដាល​រហូតដល់​មិនអាច​គ្រប់គ្រង​បាន ហើយ​វា​នឹង​ធ្វើអោយ​មនុស្ស​ស្លាប់​កាន់តែច្រើន​ព្រោះ​វា​មិនទាន់មាន​ថ្នាំ​ព្យាបាល និង​ការពារ​ឡើយ។ តែ​យ៉ាងណា​បញ្ហា​នេះ​វា​ទំនងជា​មិនអាច​កើតឡើង​ឡើយ ត្បិត​ដូច​ខ្ញុំ​បានលើកឡើង​ខាងដើម​ស្រាប់​ហើយ​ថា​វា​អាច​ឆ្លង​បាន​ដរាបណា​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់ និង​ជិតស្និទ ឬ​ប៉ះពាល់​ខ្លួនប្រាណ​អ្នកជំងឺ​តែប៉ុណ្ណោះ។ ហើយ​សំខាន់​វា​ឆ្លង​មកកាន់​តំបន់​ផ្សេងទៀត​បាន ដរាបណា​ប្រជាជន​នៃ​តំបន់​នោះបាន​ចម្លងជំងឺ ហើយ​ត្រលប់មក​កន្លែង​ដែល​ខ្លួន​រស់​និង​ចម្លង​អោយ​អ្នកដទៃ​តែប៉ុណ្ណោះ។ បើតាម​ការវាយតម្លៃ​ជារួម ជំងឺ​នេះ​អាច​បន្ត​ឆ្លងតាម​អ្នកដំណើរ​តាម​យន្តហោះ​ដែល​ហោះហើរ​ចេញពី​តំបន់​អាហ្វ្រិក​ខាងលិច​នេះ​តែម្តង។ ប្រទេស​មួយចំនួន​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​នេះ មានដូចជា​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប​មាន​អង់គ្លេស អាល្លឺម៉ង់ បែ​ល​ហ្សិ​ក បារាំង អេ​ស្ប៉ា​ញ​និង​ហូ​ឡង់ ព្រោះ​ប្រទេស​នេះ​មាន​ជើងហោះហើរ​ទៅកាន់​ប្រទេស​នៅ​អាហ្វ្រិក​ដែល​បាន​ឆ្លង​ជំងឺ​នេះ។ ខ្ញុំ​ចង់​បញ្ជាក់ថា ពេលនេះ​ជនជាតិ​អាមេរិក​ពីរ​នាក់​ហើយ​បាន​ឆ្លង​ជំងឺ​នេះ ដោយសារតែ​ពួកគេ​បំពេញការងារ​ផ្នែក​មនុស្សធម៌​នៅក្នុង​ប្រទេស​លី​បឺ​រី តែ​គេ​បាន​បញ្ជូន​អ្នក​ឆ្លង​ទាំងនេះ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ត្រួតពិនិត្យ ហើយ​និង​ទទួល​ការពិសោធន៍​ដើម្បី​ឈានដល់​ការព្យាបាល​ផងដែរ។ តែ​យ៉ាងណា​គេ​នៅ​មិន​ច្បាស់​ឡើយ​ថា ការពិសោធន៍​ដើម្បី​ព្យាបាល​ជំងឺ​នេះ​អា​ចទ​ទួ​កបាន​ជោគជ័យ​ឬ​យ៉ាងណា​នោះទេ។

៤.សំនួរ៖
ជំងឺ​នេះ​មើលទៅ​ដូចជា​សាហាវ និង​ធ្ងន់ធ្ងរ​ណាស់​និស្ស័យ​បើ​មិនមាន​វិធានការណ៍​ទប់ស្កាត់​វា​ពិតជា​មិនអាច​គ្រប់គ្រង​បានឡើយ។ ជា​ចុងក្រោយ​ខ្ញុំ​ចង់ដឹងថា​តើ​អង្គការ​សុខភាព​ពិភពលោក ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មាន​វិធានការ​អ្វីខ្លះ​ហើយ សម្រាប់​ទប់ស្កាត់​ជំងឺ​នេះ​បាទ?

៤.ចម្លើយ៖ ដោយសារតែ​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​សម្រាប់​ការពារ​ជំងឺ​នេះ​មិនទាន់​ត្រូវបាន​គេ​រកឃើញ វិធានការ​មួយចំនួន​ត្រូវបាន​គេ​យកមកប្រើ​បណ្តោះអាសន្ន​សិន។ ពេលនេះ​អង្គការ​សុខភាព​ពិភពលោក​បានដាក់​ចេញ​គម្រោង​ដែលមាន​ទំហំ​ទឹកប្រាក់១០០លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​តំបន់​អាហ្វ្រិក​ខាងលិច។ អគ្គនាយក​អង្គការ​សុខភាព​ពិភបលោក បណ្ឌិត Margaret Chan Fung Fu Chun បាន​បញ្ជាក់ថា​លោកស្រី នឹង​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​មេដឹកនាំ​តំបន់​អា​ហ្រិ្វ​ក ស្វែងរក​វិធានការ​ថ្នាក់​តំបន់​មួយ​ប្រឆាំង​ទៅនឹង​មេរោគ​ឆ្លង​នេះ​ជាមុនសិន ហើយ​ស្ថាប័ន​លោកស្រី​នឹង​ពង្រាយ​អ្នកជំនាញ និង​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​ផ្សេងទៀត​ទៅកាន់​ប្រទេស​ដែល​រង​ការវាយប្រហារ​ដោយ​មេរោគ។ នេះ​គឺធ្វើឡើង​ដើម្បី​បញ្ចប់​ការបន្ត​ចម្លងជំងឺ​ទៅកាន់​ប្រជាជន​ក្នុងប្រទេស​ដែល​រង​ការវាយប្រហារ​ដោយ​ជំងឺ​នេះ​ជាមុនសិន។ បន្ទាប់មក​ស្ថាប័ន​នេះ​នឹង​រៀបចំ​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​ពី​ក្នុងប្រទេស​ដែលមាន​ជំងឺ​នេះ​ទៅកាន់​ប្រទេស​ថ្មី​ផ្សេងទៀត ដែលជា​ប្រទេសជិតខាង។ ឥឡូវនេះ​គេ​កំពុង​រឹត​ត្បឹ​ត​ការហោះហើរ​ពី​តំបន់​មាន​ជំងឺ មកកាន់​តំបន់​ផ្សេងទៀត​នៅ​អាស៊ី អឺរ៉ុប អាមេរិក​ជាដើម  ហើយ​ប្រទេសនីមួយៗបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ហាមឃាត់​អ្នកទេសចរ​ខ្លួន​មិនអោយ​ទៅ​ប្រទេស​បី​នៅ​អាហ្វ្រិក​ខាងលិច។ ដោយឡែក​ការស្រាវជ្រាវ​រក​ថ្នាំ​ឬ​វ៉ាក់សាំង​សម្រាប់​ការពារ ឬ​ព្យាបាល​ក៏​កំពុង​ធ្វើឡើង​ដូចគ្នា​ដែរ​ឧ​ត្ត​ម៕


© រក្សាសិទ្ធិដោយ thmeythmey.com