ខ្មែរ​ក្រហម
ជាតិ
សំណុំរឿង០០២ វគ្គ​មួយ ប្រឆាំង ខៀវ សំផន និង​នួន ជា ​ប្រកាស​នៅ​ព្រឹក​នេះ
07, Aug 2014 , 8:40 am        
រូបភាព
អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​ប្រកាស​សាលក្រម​សំណុំរឿង០០២/០១ ប្រឆាំង​ខៀវ សំផន និង នួន ជា នៅវេលា​ម៉ោង៩ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០១៤ នេះ។   បទចោទប្រកាន់​នានា​ក្នុង​សំណុំ​រឿងនេះ ផ្តោតលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ មេសា ឆ្នាំ១៩៧៥ និង ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់ផ្សេងៗទៀត ក្នុងដំណាក់កាល​ក្រោយ​ទៀត (ដំណាក់កាល​ទី១ និង​ដំណាក់កាល​ទី២ ) និង ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួលពោធិ៍​ជ្រៃ ខេត្តពោធិ៍សាត់។



សំណុំរឿង ០០២/០១ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ។ សវនាការ​លើ​ភស្តុតាង​ក្នុង​សំណុំ​រឿងនេះ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៣ ហើយ​សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​លើ​ការពិភាក្សា​ដេញដោល​បានបញ្ចប់​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។

ប្រសិនបើ​រកឃើញថា មាន​ពិរុទ្ធភាព   នោះ​សេចក្តីសម្រេច​អំពី​ការផ្តន្ទាទោស និង​អំពី​ការទាមទារ​សំណង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី ក៏​នឹងត្រូវ​ប្រកាស​នៅក្នុងពេល​នោះដែរ។ ដោយសារ តែ អៀង ធី​រិ​ទ្ធ ត្រូវបាន​រកឃើញថា​មិនមាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ ហើយ​អៀង សារី បានទទួល​មរណភាព​កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ ជនជាប់ចោទ​ក្នុង​សំណុំរឿង០០២/០១ នេះ គឺមាន​តែ នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុណ្ណោះ។

អង្គជំនុំជម្រះ​សាលាដំបូង​ក៏បាន​ស្តាប់​ភស្តុតាង​អំពី​ប្រវត្តិ​សាវតារ ការបង្កើត​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​រដ្ឋាភិបាល​នោះ និង ស្តាប់​ភស្តុតាង​ទាក់ទិន​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល និង រចនាសម្ព័ន្ធ​ទំនាក់ទំនង នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ។ ភស្តុតាង​ទាំងនេះ​ក៏​នឹង​ក្លាយជា មូលដ្ឋានគ្រឹះ​សម្រាប់​ការជំនុំជម្រះ​ក្តី​បន្ទាប់​ទៀត​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ទាំងពីរ​នេះ នៅក្នុង​សំណុំរឿង០០២/០២ ដែល​កំពុងតែ​ដំណើរការ​នីតិវិធី​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com