ខ្មែរ​ក្រហម
ជាតិ
ចៅ​ក្រម និល ណុល កំពុង​សង្ខេប​សំណុំ​រឿង​០០២ វគ្គ​១ មុន​នឹង​ប្រកាស​សាលក្រម​
07, Aug 2014 , 9:05 am        
រូបភាព
ដោយ: រួបរួម
ចៅ​ក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរក្រហម លោក និល ណុល កំពុង​សង្ខេប​សំណុំ​រឿង​០០២ វគ្គ​មួយ ដែល​មាន​ជន​ជាប់​ចោទ​ពីរ​រូប គឺ​ នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។



ជន​ជាប់​ចោទទាំងពីរ​ ខៀវ សំផន និង នួន ជា សុទ្ធតែមាន​វត្តមាន​នៅ​ក្នុងបន្ទប់​សវនាការ។ បទចោទប្រកាន់​នានា​ក្នុង​សំណុំ​រឿងនេះ ផ្តោតលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់​ ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ មេសា ឆ្នាំ១៩៧៥ និង ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់ផ្សេងៗទៀត ក្នុងដំណាក់កាល​ក្រោយ​ទៀត (ដំណាក់កាល​ទី១ និង​ដំណាក់កាល​ទី២ ) និង ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួលពោធិ៍​ជ្រៃ ខេត្តពោធិ៍សាត់។


ប្រសិនបើ​ រកឃើញថា មាន​ពិរុទ្ធភាព   នោះ​សេចក្តីសម្រេច​អំពី​ការផ្តន្ទាទោស និង​អំពី​ការទាមទារ​សំណង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី ក៏​នឹងត្រូវ​ប្រកាស​នៅក្នុងពេល​នោះដែរ។ ដោយសារ តែ អៀង ធី​រិ​ទ្ធ ត្រូវបាន​រកឃើញថា​មិនមាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ ហើយ​អៀង សារី បានទទួល​មរណភាព​កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ ជនជាប់ចោទ​ក្នុង​សំណុំរឿង០០២/០១ នេះ គឺមាន​តែ នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com