ពីនេះ ពីនោះ
អន្តរជាតិ
ចិន៖ ខឹងជាប់កាតដកមិនចេញ ស្ត្រីម្នាក់ប្រើដៃវាយម៉ាស៊ីន ATM ទាល់តែខ្ទេច
× ខណៈពេលដែលម្ចាស់កាត ATM តែងតែទៅធនាគារដើម្បីផ្ដល់ជំនួយ នៅពេលកាតរបស់ពួកគេ ត្រូវម៉ាស៊ីនលេបនោះ ស្ត្រីម្នាក់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បែរជាវាយទូម៉ាស៊ីន ATM បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ដោយសារតែខឹងម៉ាស៊ីន លេបកាត ATM របស់ខ្លួន។ នេះបើយោងតាមទូរទស្សន៍ CCTV ។
ស្ត្រីដែលគេមិនបង្ហាញឈ្មោះនោះ បានចូលទៅដកប្រាក់ពីម៉ាស៊ីន ATM កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្តែវីដេអូដែលថតបានសកម្មភាពរបស់ស្ត្រីម្នាក់នោះ ត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គម ទើបទ្វើឲ្យមានការភា្ញក់ផ្អើលពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណែត។ វីដេអូនោះបានបង្ហាញពីសកម្មភាពវាយ និងទាត់ធាក់ម៉ាស៊ីន ATM ពីសំណាក់ស្ត្រីម្នាក់នោះ បន្ទាប់ពីម៉ាស៊ីនបានលេបកាតរបស់គាត់។
ក្រោយពេលដែលវីដេអូត្រូវបានគេបង្ហោះ ក្រុមអ្នកប្រើប្រាស់បណ្ដាសង្គម បាននិយាយរបៀបលេងសើចថា ស្ត្រីនេះប្រហែលជាអ្នកខ្លាំងពូកែ ក្បាច់កុងហ្វូ ព្រោះថានាងបានប្រើតែដៃ និងជើង របស់គាត់ ប៉ុន្តែធ្វើឲ្យខម៉ាស៊ីន ATM មួយគ្រឿងខូចខាតស្ទើរទាំងស្រុង។
ក្រោយពីកើតហេតុការណ៍នេះ ក្រុមប៉ូលីសបានឃាត់ខ្លួនស្ត្រីម្នាក់នោះ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើលថា តើនាងមានជំងឺខូចសតិឬអត់។ ចំណែកឯភាគីធនាគារវិញ បានអះអាងថា មិនមានការបាត់បង់ប្រាក់នៅក្នុងម៉ាស៊ីនរបស់ខ្លួននោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com