កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោន ប៉ះ​ ជើង​ឯក​វៀតណាម Becamex Binh Duong ​​ម៉ោង​៨យប់​នេះ
31, Oct 2014 , 12:09 pm        
រូបភាព
លោក Sam ដឹកនាំការ​ហ្វឹកហាត់​ត្រៀម​ប្រកួតនៅ​យប់នេះ។ រូបថត ភ្នំពេញ​ក្រោន​
លោក Sam ដឹកនាំការ​ហ្វឹកហាត់​ត្រៀម​ប្រកួតនៅ​យប់នេះ។ រូបថត ភ្នំពេញ​ក្រោន​
ដោយ:
ក្រុម​បាល់ទាត់​ជើង​ឯក​លីក​កម្ពុជា​រដូវកាល ២០១៤ ភ្នំពេញក្រោន នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជើង​ឯក​លីក​វៀតណាម Becamex Binh Duong ក្នុង​ពាន​រង្វាន់​ Mekong Toyota Club Championship 2014 នៅ​​ កីឡដ្ឋាន Go Dau Stadium ក្បែរ​ក្រុង​ហូជីមិញ វេលា​ម៉ោង ៨ យប់​នេះ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្ដិ៍ BTV។



និយាយ​ពី​ពាន​រង្វាន់​ Toyota Mekong Club វិញ ​​បាន​ចាប់​គូ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួច​រាល់​​ហើយ​ដោយ​ ក្រុម​ភ្នំពេញក្រោន ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ Becamex Binh Duong ស្រប​ពេល​ ​ក្រុម​​ជើង​ខ្លាំង​​ឡាវ HAGL Attapeu ត្រូវ​ជួប​ក្រុម​​មក​ពី​មីយ៉ាន់ម៉ា Ayeyawady United។ ក្រុម​​ឈ្នះ នឹង​ឡើង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​​ថ្ងៃ​ទី ២ វិច្ឆិកា តែ​ម្ដង ចំណែក​ក្រុម​ចាញ់​ប្រកួត​ដណ្ដើម​លេខ៣។

ព័ត៌មាន​ច្បាស់​​មុន​ចេញ​ដំណើរ​ទៅ​លោក​គ្រូ​បង្វឹក​ក្លិប​ភ្នំពេញក្រោន Sam Schweingruber បាន​ឱ្យ​ដឹង​ថា​ក្រុម​ Becamex Binh Duong មាន​កីឡាករ​បរទេស​​មួយ​ចំនួន​ចូល​សញ្ជាតិ​វៀតណាម ហើយ​មាន​កីឡាករ ៦ នាក់​ផ្សេង​​ទៀត​ជាប់​ក្នុង​​ឈុត​ក្នុង​ជម្រើស​ជាតិ​វៀតណាម​​ផ្ទាល់​តែ​ម្ដង។ បើ​មើល​មួយ​ភ្លែត​គេ​អាច​និយាយ​បាន​ថា​​ក្រុម​មួយ​នេះ​មាន​លទ្ធភាព​​ច្រើន​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​​លើ​ទឹក​ដី​របស់​ខ្លួន។

ចំណែក​ប្រវត្តិ​របស់​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​ធ្លាប់​លើក​ពាន​លីក​​កំពូល​របស់​វៀតណាម ចំនួន ៣ លើក​គឺ​នៅ​ឆ្នាំ ២០០៧, ២០០៨ និង ២០១៤ ហើយ​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ពាន​រង្វាន់​លំដាប់​កំពូល​ប្រចាំ​ទ្វីប​អាស៊ី AFC Champion League នៅ​ឆ្នាំ ២០០៨។ នៅ​ឆ្នាំ​បន្ទាប់​ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន AFC Cup និង ចុង​ក្រោយ​ឡើង​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១០។

សម្រាប់​ក្រុម​ភ្នំពេញក្រោន វិញ កម្លាំង​សំខាន់ៗ មួយ​ចំនួន​ដួចជា កីឡាករ​ប្រធាន​ក្រុម គួច សុកុម្ភៈ, អ្នកចាំទី ស៊ូ យ៉ាទី, ខ្សែ​ការពារ ងយ ស្រ៊ីន, ហុង ផេង និង ខ្សែ​ប្រយុទ្ធ សុះ ស៊ូហាណា ទើប​តែ​ត្រឡប់​មក​ពី​​ជួយ​​ក្រុម​ជម្រើស​ជាតិ​វិញ​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFF Suzuki Cup កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា កន្លង​ទៅ​នៅ​ប្រទេស​ឡាវ។

តាម​រយៈ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ ភ្នំពេញក្រោន ជោគជ័យ​​ច្រើន​ជាង​បរាជ័យ ស្រប​ពេល​មាន​កីឡាករ​ថ្មី​មួយ​ចំនួន​គួរ​​ឱ្យ​ចាប់​អារម្មណ៍​។ អ្វី​ដែល​ជា​ពិសេស​គឺ​គ្រូ​ជំនួយ​​ថ្មី​ជនជាតិ​បរទេស ២ នាក់​សុទ្ធ​តែ​មាន​បទពិសោធន៍​ជោកជាំ​លើ​ទីលាន​បាល់ទាត់។

ងាក​ទៅ​មើល​ប្រាក់​រង្វាន់​ Mekong Toyota Club ត្រៀម​សម្រាប់​ក្រុម​ចូលរួម​វិញ​មាន​ដូចជា ក្រុម​​ជើង​ឯក​នឹង​​ទទួល​បាន​ប្រាក់ ៧៥,០០០ ​ដុល្លារ​អាមេរិក ចំណែក​ក្រុម​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​​៥០,០០០​ដុល្លារ ហើយ​ក្រុម​លេខ​៣​ទទួល​បាន៣០,០០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​១០,០០០​ដុល្លារ៕




© រក្សាសិទ្ធិដោយ thmeythmey.com